ដំបូងគេឃើញមានអ្នកទេសចរក្នុងចំនួនតិចតួចប៉ុណ្ណោះ ដែលភាគច្រើនជាជនជាតិចិន បានធ្វើដំណើរទៅទស្សនាក្រុង Civita di Bagnoregio នៃប្រទេសអ៊ីតាលី ដែលជាក្រុងដែលស្ទើរតែត្រូវបានគេបំភ្លេចចោលទៅហើយ។ បន្ទាប់មក លំហូរអ្នកទេសចរកាន់តែមានចំនួនច្រើនឡើងៗ។
ក្រុង Civitaដែលជាក្រុងមានដើមកំណើតតាំងពីសម័យអារ្យធម៌តំបន់ Etruria មក និងជាក្រុងដែលស្ថិតនៅលើខ្ពង់រាបដ៏តូចមួយនៃតំបន់ផ្ទាំងថ្មភ្នំភ្លើងដែលសឹករិចរិលខ្លាំងមួយកន្លែង នឹងទំនងជាទាក់ទាញអ្នកទេសចរបានចំនួនប្រហែល ៨ សែននាក់ នៅក្នុងឆ្នាំនេះ ដែលភាគច្រើននៃអ្នកទេសចរទាំងនោះគឺជាជនជាតិចិន។
នៅពេលដែលអ្នកទេសចរចិនបានធ្វើដំណើរទៅដល់ក្រុងនោះជាលើកដំបូង ពួកគេបានធ្វើឲ្យអ្នកស្រុកនៃក្រុងដែលស្ថិតនៅភាគខាងជើងនៃតំបន់រដ្ឋបាល Lazio នៃប្រទេសអ៊ីតាលីនេះ មានការភ្ញាក់ផ្អើល។
អ្នកទេសចរចិន ក៏ដូចជាអ្នកទេសចរតៃវ៉ាន់ និងអ្នកទេសចរកូរ៉េខាងត្បូងក្នុងចំនួនតិចតួចផងដែរនោះ បានធ្វើឲ្យក្ដីរំពឹងសេដ្ឋកិច្ចនៃទីក្រុងនោះមានការផ្លាស់ប្ដូរ។ អ្នកក្រុងនោះបានទទួលស្គាល់ជាយូរមកហើយថា សេដ្ឋកិច្ចក្នុងក្រុងរបស់ពួកគេមិនសូវរីកចម្រើនប៉ុន្មានទេបើប្រៀបជាមួយនឹងសេដ្ឋកិច្ចសាកលលោក ហើយពួកគេស៊ាំទៅហើយក្នុងការឃើញយុវជនក្មេងៗចាកចេញទៅធ្វើការនៅកន្លែងផ្សេងៗ។
ឥឡូវនេះ យុវជនក្មេងៗបានសម្រេចចិត្តមិនចេញទៅណានោះទេ ដោយសារតែរលកភ្ញៀវទេសចរមិនគួរឲ្យនឹងស្មានដល់ដែលហូរចូលមកក្នុងក្រុងនេះ។
ចាប់ពីភូមិនានានៅក្នុងទ្វីបអឺរ៉ុបរហូតទៅដល់រដ្ឋធានីធំៗដូចជាទីក្រុងឡុងដ៍ ទីក្រុងប៉ារីស និងទីក្រុងរ៉ូមជាដើម គេឃើញមានកំណើនអ្នកទេសចរចិនជាច្រើន ដែលនេះជាសញ្ញាយ៉ាងច្បាស់ដែលបង្ហាញឲ្យឃើញពីការពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននៅក្នុងទ្វីបអឺរ៉ុប ដែលជាសញ្ញាមួយដែលបង្កឲ្យមានការសប្បាយរីករាយផង និងការភ័យខ្លាចផង។
របាយការណ៍មួយរបស់បណ្ឌិតសភាទេសចរណ៍ចិន និងក្រុមហ៊ុន Ctrip ដែលជាក្រុមហ៊ុនទេសចរណ៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន បានបញ្ជាក់ថា កាលពីឆ្នាំ ២០១៧ អ្នកទេសចរចិនជាង ៦ លាននាក់បានទៅទស្សនាបណ្ដាប្រទេសនានានៅទ្វីបអឺរ៉ុប។ ប៉ុន្តែ អាជ្ញាធរអឺរ៉ុបវិញ បានប៉ាន់ប្រមាណថា ចំនួនអ្នកទេសចរចិនគឺខ្ពស់ជាងនេះ ដែលមានចំនួនប្រហែល ១០ លាននាក់ឯណោះ។
អ្នកទេសចរចិនដែលធ្វើដំណើរទៅបណ្ដាប្រទេសនានានៃសហភាពអឺរ៉ុបបានកើនឡើង ៣ ដង នៅក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ និងបានកើនឡើងលើសអ្នកទេសចរដែលមកពីបណ្ដាប្រទេសធំៗផ្សេងទៀតដែលមិនស្ថិតនៅក្នុងទ្វីបអឺរ៉ុបដូចជាសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ឬក៏ប្រទេសប្រេស៊ីលជាដើម។ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារ Eurostat ដែលជាទីភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុប។
ទិសដៅទេសចរណ៍នៅទ្វីបអឺរ៉ុបដ៏មានប្រជាប្រិយបំផុតសម្រាប់អ្នកទេសចរចិនគឺចក្រភពអង់គ្លេស ប្រទេសអ៊ីតាលី បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។
ចំនួនអ្នកទេសចរចិននេះត្រូវគេរំពឹងថានឹងបន្តកើនឡើងនៅក្នុងឆ្នាំ ២០១៨ នេះ ដែលជាឆ្នាំទេសចរណ៍ចិនអឺរ៉ុប ដែលនេះជាគំនិតផ្ដួចផ្ដើមផ្សព្វផ្សាយមួយដែលបានអនុវត្តឡើងដោយរដ្ឋាភិបាលបែលហ្សិក និងរដ្ឋាភិបាលចិន។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែសប្បាយចិត្តចំពោះការកើនឡើងដ៏ឆាប់រហ័សនៃចំនួនអ្នកទេសចរចិននេះដែរ ដែលអ្នកទាំងនោះបង្កជាបញ្ហាដល់ប្រលានយន្តហោះមួយចំនួននៅទ្វីបអឺរ៉ុប និងបន្ថែមបញ្ហាដល់ហេដ្ឋារចនាសម្ព័ន្ធនៃកន្លែងទេសចរណ៍សំខាន់ៗ។
ក្រុមហ៊ុន Stratfor ដែលជាក្រុមហ៊ុនស៊ើបការណ៍ព័ត៌មានផ្នែកភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីខែកក្កដាថា អ្នកទេសចរចិនគឺជា «អាវុធដែលមិនគួរឲ្យជឿរបស់រដ្ឋាភិបាលចិន» ដោយសារអ្នកទេសចរទាំងនោះបានក្លាយជា «ឧបករណ៍ដែលមិនរំពឹងទុកនៃសិល្បៈគ្រប់គ្រងរបស់រដ្ឋ ដែលរដ្ឋាភិបាលចិនប្រហែលជាប្រើដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន»។
ក្រុមហ៊ុន Stratfor បានបញ្ជាក់ថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងបានប្រើទាំងមធ្យោបាយការទូត និងទាំងមធ្យោបាយទណ្ឌកម្មលើអ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋចិនទាក់ទិននឹងលទ្ធភាពទិញផលិតផលកសិកម្ម ទំនិញទំនើបៗ និងទំនិញរោងចក្រនានា។ ប៉ុន្តែ យុទ្ធសាស្ត្រមួយដែលគេមើលរំលងនោះគឺការត្រួតត្រារបស់រដ្ឋាភិបាលចិនលើចំនួនជនជាតិចិនដែលខ្លួនអនុញ្ញាតឲ្យធ្វើទេសចរណ៍ទៅបរទេស និងលើកន្លែងណាដែលអ្នកទេសចរចិនអាចទៅទស្សនាបាន។ ការកំណត់ដូច្នេះ គឺអនុញ្ញាតឲ្យអ្នកទេសចរចិនដែលធ្វើដំណើរទេសចរណ៍ជាក្រុមទៅទស្សនាបានតែកន្លែងមួយចំនួនប៉ុណ្ណោះ និងដាក់កំហិតលើមធ្យោបាយផ្សាយពាណិជ្ជកម្មទេសចរណ៍នៅក្នុងប្រទេសចិន»។
ក្រុមហ៊ុននេះបានបន្ថែមទៀតថា រដ្ឋាភិបាលចិនបានប្រើលទ្ធភាពនៃការចូលទៅកាន់ទីផ្សារទេសចរណ៍ដែលរកកម្រៃច្រើនរបស់ខ្លួននេះ ដើម្បីព្យាយាមពង្រីកគោលបំណងភូមិសាស្ត្រនយោបាយរបស់ខ្លួននៅបរទេស។ ចំណុចដែលគួរឲ្យកត់សម្គាល់នោះគឺ កាលពីឆ្នាំមុន រដ្ឋាភិបាលចិនបានហាមឃាត់អ្នកទេសចរចិនជាងពាក់កណ្ដាលនៃចំនួនអ្នកទេសចរចិនសរុបដែលធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងសេអ៊ូល ដោយសារតែកូរ៉េខាងត្បូងបានដំឡើងប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក។
នេះមិនមែនជាអ្វីដែលរដ្ឋាភិបាលបែលហ្សិកជំទាស់នោះទេ។ គណៈកម្មការរបស់សហភាពអឺរ៉ុបបានស្វាគមន៍លំហូររបស់ជនជាតិចិនទាំងនេះ ដោយបានបញ្ជាក់ថា៖ «វិស័យទេសចរណ៍មានសក្ដានុពលរួមចំណែកដល់ការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាដល់ការអភិវឌ្ឍនៅតាមតំបន់ជនបទ ឬក៏តំបន់មិនសូវមានការអភិវឌ្ឍនានាផងដែរ»។
ក្រុង Bagnoregio ដ៏តូចមួយនៃតំបន់រដ្ឋបាល Lazio ដែលធ្លាប់ជាតំបន់ជាយក្រុងនៃក្រុង Civita នៅប្រទេសអ៊ីតាលីនេះ គឺជាឧទាហរណ៍ស្រាប់។
ស្ថិតនៅចម្ងាយ ៩០ គីឡូម៉ែត្រភាគពាយ័ព្យនៃរដ្ឋធានីរ៉ូម ប្រទេសអ៊ីតាលី ក្រុង Bagnoregio នេះ មិនសូវមានការអភិវឌ្ឍដូចក្រុងផ្សេងទៀតជាច្រើននៅក្នុងតំបន់មិនសូវមានការអភិវឌ្ឍរបស់ប្រទេសអ៊ីតាលី ដើម្បីធ្វើឲ្យមានតុល្យភាពជាមួយនឹងការធ្លាក់ចុះនៃវិស័យកសិកម្មបែបអាជីវកម្មនោះទេ។
វិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ បានធ្វើឲ្យឧស្សាហកម្មទេសចរណ៍ដែលកំពុងតែរីកចម្រើនរបស់តំបន់រដ្ឋបាល Lazio នេះ ដាំក្បាលចុះក្រោមបន្ថែមទៀត ដែលធ្វើឲ្យអ្នករស់នៅក្នុងតំបន់នោះអស់ជំនឿទុកចិត្ត និងធ្វើឲ្យយុវជនក្មេងៗជាច្រើនចាកចេញទៅរកការងារធ្វើនៅតាមកន្លែងផ្សេង។
អ្នកស្រី Roberta Mencarelli វ័យ ៤៥ ឆ្នាំ ដែលជាអ្នកគ្រប់គ្រងផ្ទះសំណាក់ និងភោជនីយដ្ឋាន Romantica Pucci បាននិយាយថា៖ «ឥឡូវនេះ យើងមានភ្ញៀវទេសចរមកពីគ្រប់ប្រទេសទាំងអស់ ប៉ុន្តែ ទេសចរដែលច្រើនជាងគេបំផុតនោះគឺជនជាតិចិន។ ពួកគេបាននាំចំណូលមកឲ្យក្រុងនេះ ហើយវិស័យទេសចរណ៍បានធ្វើឲ្យក្រុងនេះកាន់តែមានភាពរស់រវើកឡើង»។
ប៉ុន្តែ មិនមែនពលរដ្ឋដែលរស់នៅក្រុងនោះទាំងអស់សុទ្ធតែសប្បាយចិត្តនោះទេ។ អ្នកទទួលបានប្រាក់ចូលនិវត្តន៍ម្នាក់ ដែលមានឈ្មោះថា Giovanna សោកស្ដាយចំពោះអ្វីដែលគាត់ហៅថាជាការ «ឈ្លានពាន» ដោយគាត់បាននិយាយថា លំហូរអ្នកទេសចរទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់ភាពស្ងៀមស្ងាត់ និងបែបបទរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៃក្រុងនេះ ជាពិសេសនៅពេលចុងសប្ដាហ៍ ដែលជាពេលដែលប្រជាពលរដ្ឋភាគច្រើនទៅវិហារគ្រិស្តសាសនា។
អ្នកស្រី Giovanna បានរអ៊ូថា៖ «មានមនុស្សច្រើនណាស់។ មនុស្សទាំងនោះរំខានដល់ការរស់នៅប្រចាំថ្ងៃនៅទីនេះ»។
ការរអ៊ូរទាំរបស់អ្នកស្រី ក៏មិនខុសពីការរអ៊ូរទាំរបស់ពលរដ្ឋនៅតាមទីក្រុងល្បីៗបំផុតមួយចំនួននៅទ្វីបអឺរ៉ុបដូចជាទីក្រុង Venice ប្រទេសអ៊ីតាលី ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ និងទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាទីក្រុងដែលសំបូរអ្នកទេសចរទៅទស្សនានៅក្នុងរដូវវិស្សមកាលផងដែរ។
អ្នករិះគន់នានាបាននិយាយថា ការកើនឡើងចំនួនអ្នកទេសចរ ដែលភាគច្រើនមកពីប្រទេសចិន និងបណ្ដាប្រទេសផ្សេងទៀត នឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់ជីវភាពរស់នៅរបស់អ្នកស្រុក និងហេដ្ឋារចនាសម្ព័ន្ធនានា៕
ប្រែសម្រួលដោយ ភី សុភាដា