កិច្ចសហការដែលមានលក្ខណៈ «ពេញលេញ ពិតប្រាកដ ស៊ីជម្រៅ និងមានលក្ខណៈខ្ពស់» គឺជាខ្លឹមសារនៃផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ស្តីពីការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជានិងចិន។
ផែនការសកម្មភាពនេះត្រូវបានចុះហត្ថលេខារួមគ្នារវាងកម្ពុជា និងចិនកាលពីចុងខែមេសា កន្លងទៅនៅទីក្រុងប៉េកាំង ប៉ុន្តែត្រូវបានស្ថានទូតចិនប្រចាំប្រទេសកម្ពុជាលើកយកមកបកស្រាយពន្យល់ជាសាធារណៈនៅថ្ងៃពុធ នេះ។
ក្នុងសំណេរបកស្រាយកម្រាស់បួនទំព័រ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន បានពន្យល់មួយចំណុចម្តងៗ។ ជាក់ស្តែងក្នុងគោលដៅធ្វើកិច្ចសហការដែលមានលក្ខណៈពេញលេញ ប្រទេសកម្ពុជានិងចិននឹងបង្កើតយន្តការសហការគ្នាចាប់តាំងពីកម្រិត «ស្ថាប័នបក្ស និងរដ្ឋាភិបាល ស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋបាលគ្រប់កម្រិត»។ ក្នុងនោះដែរ កិច្ចសហការនឹងត្រូវផ្តោតលើវិស័យធំៗចំនួនប្រាំមានជាអាទិ៍វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ប្រជាជន និងពហុភាគី។
ដោយឡែកក្នុងគោលដៅបម្រើកិច្ចសហការឲ្យមានលក្ខណៈប្រាកដប្រជា ប្រទេសចិន និងកម្ពុជាបានផ្តោតសំខាន់លើការបង្កើតមុខរបរ បណ្តុះបណ្តាលវិជ្ជាជីវៈ សុខមាលភាព និងកិច្ចគាំពារសង្គម។ ក្នុងនោះក៏មានការជំរុញលើវិស័យកសិកម្ម និងការនាំអង្ករចេញពីកម្ពុជាផងដែរ។
រីឯកិច្ចសហការស៊ីជម្រៅ ប្រទេសចិន និងកម្ពុជា ចង់សំដៅលើកិច្ចសហការកម្រិតកំពូលរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយភាគីចិនសន្យា «មិនជ្រៀតជ្រែកលើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងការចេះជួយយកអាសារគ្នា។ បន្ថែមពីនោះទៀតប្រទេសកម្ពុជានឹងចិនបានសំដៅយកកិច្ចសហការគ្នាលើឆាកនយោបាយអាស៊ី អឺរ៉ុប និងកិច្ចសហការរវាងកម្ពុជាចិន លើឆាកអង្គការសហប្រជាជាតិជាដើម។
ឯកអគ្គរដ្ឋទូតចិន លោក Wang Wentian បានពន្យល់បកស្រាយបន្ថែមថា ផែនការសកម្មភាពនៃការកសាងសហគមន៍នេះ «នឹងជួយដល់ទំនាក់ទំនងចិន និងកម្ពុជាធ្វើដំណើរទៅមុខកាន់តែវែងឆ្ងាយនិងមានស្ថិរភាព»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ នៅថ្ងៃពុធនេះ។
ដោយឡែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចពន្យល់ថា ផែនការសកម្មភាពនៃការកសាងសហគមន៍ចិន និងកម្ពុជា នឹងជួយជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត។
លោក សុខ ឥសាន បញ្ជាក់ថា៖ «ផែនការសកម្មភាពនេះខ្ញុំយល់ថា ជាចេតនាល្អក្នុងការជួយគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងម៉េចឲ្យសង្គមកម្ពុជា និងចិនហ្នឹង គឺថាមានសុខដុមនីយកម្ម និងការរីកចម្រើនអភិវឌ្ឍទៅមុខទាំងអស់គ្នា»។
យ៉ាងណាក៏ដោយលោកបណ្ឌិត មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ មានប្រសាសន៍ថា តាមរយៈផែនការសកម្មភាពរួមដែលមានកម្រិតស៊ីជម្រៅជាមួយប្រទេសចិន កម្ពុជាអាចនឹងធ្លាក់ចូលក្នុងភូមិសាស្ត្រនយោបាយរបស់ប្រទេសចិន។
លោកមានប្រសាសន៍ថា៖ «កាលណាកម្ពុជាធ្លាក់ទៅក្នុងប្លុកមួយផ្សេងទៀតដែលក្រៅពីប្លុកបស្ចឹមលោកហ្នឹង គឺវាអាចនឹងមានការដាក់សម្ពាធផ្សេងៗពីបស្ចឹមប្រទេស ដូចជាយើងបានឃើញកន្លងមកហើយ ដូចជាស្ថានភាព EBA ហ្នឹងហើយនិង GSP របស់សហរដ្ឋអាមេរិកហ្នឹង កំពុងតែបន្តដំណើរការនីតិវិធីនៃការសម្រេចនៅពេលចុងក្រោយ»។
លោក មាស នី បន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរពង្រឹងសមត្ថភាពក្នុងការទំនាក់ទំនងការបរទេសរវាងប្រទេសដទៃ ធ្វើយ៉ាងណាបង្ហាញឲ្យឃើញថា កម្ពុជាជាប្រទេសអព្យាក្រឹត្យ។
ចំណែកលោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ ទាញចំណាប់អារម្មណ៍ថា ការងាកទៅរកប្រទេសចិនតាមបែបបើកចំហរបស់កម្ពុជា អាចនឹងនាំឲ្យមានការភាន់ច្រឡំថាកម្ពុជាងាកទៅរកប្រទេសចិនខ្លាំងក្លា។
យ៉ាងណាក្តីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបកស្រាយថា កម្ពុជាបើកទ្វារទៅរកប្រទេសនានាទាំងអស់៕