លោក Cui Tiankai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានប្រាប់ VOA ថា លោកមិនមានកាតព្វកិច្ចផ្តល់កសិណសាក្សីនៅពីមុខសភាសហរដ្ឋអាមេរិកស្តីពីប្រវត្តិសិទ្ធិមនុស្សរបស់ចិនទេ។
លោក Chris Smith តំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ New Jersey បានអញ្ជើញលោក Cui មកផ្តល់កសិណសាក្សីអំពីប្រវត្តិសិទ្ធិមនុស្សរបស់ចិនបន្ទាប់ពីរបាយការណ៍របស់សភាបានចង្អុលបង្ហាញថាសិទ្ធិមនុស្សក្នុងប្រទេសចិនមានភាពកាន់តែយ៉ាប់យឺនទៅៗ។
VOA បានសន្ទនាជាមួយលោកឯកអគ្គរដ្ឋទូត Cui កាលពីថ្ងៃពុធនៅគណៈកម្មាធិការជាតិនៅឯពិធីចំណងពណ៌ខ្មៅប្រចាំឆ្នាំស្តីពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា របាយការណ៍សិទ្ធិមនុស្សនោះមានភាពលម្អៀងដើម្បីធ្វើកំណត់សម្គាល់ដែលគ្មានការទទួលខុសត្រូវអំពីកិច្ចការក្នុងប្រទេសរបស់ចិន ហើយនិងធ្វើការរិះគន់ដែលមិនស្របទៅតាមការពិត។
លោកឯកអគ្គរដ្ឋទូត Cui បាននិយាយនៅពេលដែលគេសួរអំពីរបាយការណ៍នោះ។លោកនិយាយថា «ខ្ញុំគិតថា ពួកគេមិនបានដឹងពីប្រទេសចិនទេ។ ខ្ញុំសង្ឃឹមថា ពួកគេមានសមត្ថភាពដើម្បីសិក្សា»។
លោកឯកអគ្គរដ្ឋទូត Cui បានច្រានចោលសំណើការអញ្ជើញរបស់លោក Smith ឲ្យផ្តល់កសិណសាក្សីដែលនឹងក្លាយជាឱកាសមួយដើម្បីផ្តល់ព័ត៌មានខ្លះដែលលោកជឿជាក់ថា របាយការណ៍នោះខ្វះ។
លោកនិយាយថា «ខ្ញុំមិនមានកាតព្វកិច្ចដើម្បីផ្តល់កសិណសាក្សីនៅក្នុងសភាសហរដ្ឋអាមេរិកទេ»៕