ប្រធានាធិបតី​ចិន​ព្រមាន​ប្រទេស​អាស៊ី​មិន​ឲ្យ​បង្កើត​សម្ព័នភាព​យោធា

លោក​ប្រធានាធិបតី​ Xi Jinping ថ្លែង​នៅ​ក្នុង​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ ឬ CICA នៅ​ទី​ក្រុង​សៀងហៃ​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤។

ប្រធានាធិបតី​ចិន​ Xi Jinping ​បាន​ព្រមានប្រទេស​នានា​នៅ​ទ្វីប​អាស៊ី​កុំ​ឲ្យ​ធ្វើ​អ្វី​ដែល​លោក​មើល​ឃើញ​ថា​ជា​សម្ព័ន្ធភាព​ខាង​យោធា​ដែល​មិន​ជួយ​ដល់​ស្ថានកាព​តានតឹង​បច្ចុប្បន្ន ​នៅ​ក្នុង​អ្វី​ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​វាយ​ប្រហារប្រទេស​នានា​ដែល​មាន​ចំណង​ទាក់ទង​ខាង​វិស័យ​ការពារ​ប្រទេស​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក។

​សេចក្តី​អត្ថាធិប្បាយ​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ពុធនេះ​ក្នុង​ទីក្រុង​សៀងហៃ​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»ហៅ​កាត់​ថា​ CICA ​ជា​ក្រុម​ក្នុង​តំបន់​ដែល​ចិន​សង្ឃឹម​ថា​នឹង​ប្រើ​ប្រាស់​ដើម្បី​ទប់ទល់​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក។

ប្រធានាធិបតី​ Xi Jinping ថ្លែង​ថា៖ ​«យើង​គួរ​ប្រកាន់​ខ្ជាប់​នូវ​ទំនៀមទម្លាប់​ជា​មូលដ្ឋាន​នៅ​ក្នុង​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ ដូច​ជា​ការ​គោរពឯករាជ្យភាព​នៃ​បូរណភាព​ទឹក​ដីនិង​អធិបតេយ្យភាព​ ​ការ​មិន​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង​រវាង​គ្នា​និង​គ្នា។ ​យើង​គួរ​គោរព​ប្រព័ន្ធ​នយោបាយ​និង​របៀប​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេសផ្សេងៗដែលជ្រើសរើស​តាម​ឆន្ទៈ​របស់​ប្រទេស​ទាំង​នោះ។ ​យើង​គួរ​គោរពហើយ​នឹង​គិត​គូរ​ពី​ការ​ព្រួយ​កង្វល់​សមហេតុ​ផល​ខាង​សន្តិសុខ​របស់​ប្រទេសនិមួយៗ។ ការ​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​ភាគី​ទី​៣​ជា​រឿង​ខាតបង់​ដល់​សន្តិសុខ​រួម​របស់​តំបន់»។

​ប្រទេស​ជិត​ខាង​របស់​ចិន​ជា​ច្រើន​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ខាង​យោធា​កាន់​តែប្រសើរ​ឡើងជាមួយ​សហរដ្ឋ​អាមេរិក​នៅ​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹងអ្វី​ដែល​ពួកគេ​បាន​មើល​ឃើញ​ថា ​ជា​ការ​បង្កើន​ការ​ប្រើ​កម្លាំង​និង​ការ​បំភិទ​បំភ័យ​របស់​ចិនកាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ជម្លោះ​ទឹក​ដី​របស់​ខ្លួន។

​ជាពិសេស​ក្នុង​ជម្លោះ​ទឹក​ដី​របស់​ចិន​ជាមួយ​វៀត​ណាម​និង​ហ្វីលីពីន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ហើយ​នឹង​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាង​កើត ​កាន់​តែ​អាក្រក់​ឡើងៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ៕

វីដេអូ៖ ជម្លោះ​សមុទ្រ​រវាង​ចិន​និង​វៀតណាម

Your browser doesn’t support HTML5

ជម្លោះ​ចិន​​និង​វៀតណាម​​នៅ​សមុទ្រ​ចិន​​ខាងត្បូង​​នៅងំ​


វីដេអូ៖ ​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​អាមេរិកនៅអាស៊ីកាល​ពី​ខែ​មេសា

Your browser doesn’t support HTML5

លោក​អូបាម៉ា​មិន​​ដាក់​កំហិត​ព្រំដែន​ដល់​ចិន​​ក្នុង​ជម្លោះ​ដែន​កោះ​ជាមួយ​ជប៉ុន