ការ​ទិញ​យក​កាសែត​នៅ​ក្រុង​ហុងកុង​ដោយ​​ចិន​បង្ក​​ការ​ព្រួយ​បារម្ភ​ពី​ការ​រឹតត្បិត​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ

ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Alibaba លោក Jack Ma ពេល​ចូល​រួម​ក្នុង​សន្និសីទ​របស់​វេទីកាសេដ្ឋកិច្ច​ពិភពលោក លើ​ប្រធានបទ «ការកំណត់​អានាគត​ដោយ​សេដ្ឋកិច្ច​នៃ​វិស័យអ៊ីនធឺណិត» នៅ​ទីក្រុង​កំពង់ផែ​ប្រទេស​ចិន Dalian កាលពីខែកញ្ញា ឆ្នាំ២០១៥។

ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Alibaba ​និយាយ​ថា​ ការទិញ​យក​នេះគឺ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មុខ​មាត់​របស់​ចិន​ និង​ប្រឈម​តតាំង​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​និយាយ​ថា​ ជា​ការ​លម្អៀង​របស់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ពួក​បស្ចិម​ប្រទេស។

ក្រុមហ៊ុន​ Alibaba​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​កំពុង​ទិញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ SCMP Group។ ទ្រព្យ​សម្បត្តិ​ដែល​បាន​ទិញ​យក​ទាំង​នោះ​រួម​បញ្ចូល​ទាំង​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ក្រុង​ហុងកុង​ផង​ដែរ​ នោះ​គឺ​កាសែត​ The South China Morning Post។

នៅ​ក្នុង​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយក្រុង​ហុងកុង​ ការ​ជាវ​នេះ​បាន​បង្ក​ឲ្យុ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​បង្កើន​ការ​រឹតត្បិត​ទៅ​លើ​កាសែត​មួយ​នេះ​ និង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​នៅ​ទូទាំង​ក្រុង​ហុងកុង។

លោក​ Oiwan Lam​ គឺ​ជា​សហ​ស្ថាបនិក​នៃ​គេហទំព័រ​ inmediahk.net ដែល​ជា​គេហទំព័រ​ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​ក្រុង​ហុងកុង​ជា​ភាសា​ចិន។ លោក​និយាយ​ថា៖

«ឥឡូវ​នេះ​ ដោយសារ​តែ​ក្រុមហ៊ុន​ Alibaba​ បាន​ទិញ​យក​ក្រុមហ៊ុន​ SCMP វា​នឹង​ធ្វើ​ឲ្យ​ការ​ព្រួយ​បារម្ភ​ពុះ​កញ្ជ្រោល​ក្នុង​ចំណោម​មនុស្ស​ម្នា​ក្នុង​ក្រុង​ហុងកុង​អំពី​ការ​ផ្លាស់​ប្តូរ​លើ​លក្ខណៈ​ដើម​របស់​កាសែត​នេះ»។​

លោក​ Jack Ma​ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Alibaba បាន​សន្យា​ថា​ លោក​នឹង​មិន​ធ្វើ​ការ​រឹតត្បិត​ទៅ​លើ​ដែន​ព័ត៌មាន​នៃ​កាសែត​នេះ​ទេ​ ហើយ​លោក​នឹង​រក្សា​ឯករាជ្យភាព​ផ្នែក​តែង​និពន្ធ​របស់​កាសែត​នេះ។

កាសែត​ The South China Morning Post មាន​ចំនួន​បោះពុម្ព​ផ្សាយ​ប្រចាំ​ថ្ងៃ​ចំនួន​ ១០០.០០០​ ច្បាប់​ និង​មាន​ប្រវត្តិ​ប្រតិបត្តិការ​អស់​រយៈ​ពេល​១១២​ឆ្នាំ​មក​ហើយ។

លោក​ David Bandurski​ អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​សាកល​វិទ្យាល័យ​ហុងកុង​ក្នុង​គម្រោងប្រព័ន្ធ​ផ្សព្វផ្សាយ​ចិននិយាយ​ថា​ ការ​ទិញ​នេះ​អាច​ធ្វើ​ឲ្យ​កាសែត​នេះ​មាន​ការ​ពិបាក​ក្នុង​ការ​ផ្តាច់​ខ្លួន​នៅ​ដោយឡែក​ពី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ Alibaba​ និង​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​នយោបាយ​ ដែល​កើត​ចេញ​ពី​រដ្ឋាភិបាល​កណ្តាល​របស់​ចិន។

«កម្លាំង​ទំនាញ​យក​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​របស់​ចិន​ដី​គោក​ (សាធារណៈរដ្ឋ​ប្រជាមានិត​ចិន) មាន​សភាព​ខ្លាំង​ក្លា​ណាស់​នៅ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ ដូច្នេះ​ ខ្ញុំ​គិត​ថា​នេះ​គ្រាន់​តែ​ជា​ការ​ពិត​មួយ​សម្រាប់​ក្រុង​ហុង​កុង​ ដែល​កាសែត​ជា​ច្រើន​ផ្សាយ​ជា​ភាសា​ចិន​ដែល​រួម​ទាំង​កាសែត​ The South China Mornig Post ផង​នៅ​មុន​មាន​ការ​ទិញ​នេះ​ ថា​តើ​ពួក​គេ​បាន​គិត​ពិចារណា​យ៉ាង​ប្រុង​ប្រយ័ត្ន​ហើយ​ឬ​នៅ​ថា​ ពួក​គេ​ត្រូវ​រាយការណ៍​រឿង​អ្វី ឬ​ត្រូវ​គិត​ពី​សម្ពាធ​អ្វី​ដែល​មាន​មក​លើ​ពួក​គេ»។

ទំព័រ​មុខ​នៃ​កាសែត​ South China Morning Post ដាក់​លក់​ក្នុង​ក្រុង​ហុងកុង​កាល​ពី​ថ្ងៃទី១១ ខែ​ធ្នូ ឆ្នាំ២០១៥។ ក្រុមហ៊ុន​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​ចិន​គឺ Alibaba​ កំពុង​តែ​ទិញ​យក​កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស​មួយ​នេះ។

ការ​ទិញ​យក​ក្រុមហ៊ុន​ SCMP Group ក្នុង​តម្លៃ​២២៦​លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន​ Alibaba​ នឹង​សម្រួល​ដល់​សម្ពាធ​សេដ្ឋកិច្ច​ដែល​កាសែត​នេះ​មាន។ នៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ចំនួន​ច្បាប់​បោះ​ពុម្ព​ផ្សាយ​និង​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​កាសែត​នេះ​បាន​ធ្លាក់​ចុះ។

ក៏​ប៉ុន្តែ​ ក៏​មាន​អ្នក​ដែល​មាន​ការ​មន្ទិល​សង្ស័យ​ថា​ សាជីវកម្ម​មេ​ថ្មី​របស់​កាសែត​នេះ​នឹង​មិន​ជ្រៀត​ជ្រែក​លើ​ឯករាជ្យ​ភាព​នៃ​ការ​និពន្ធ​កាសែត​នេះ​ទេ។ ពួក​គេ​និយាយ​ថា​ ការ​ទិញ​យក​កាសែត​នេះ​ អាច​បង្កើត​ជា​ឱកាស​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ​ទៅ​វិញ​ទេ​ ដែល​កាសែត​នេះ​បាន​រក្សា​នូវ​ឯករាជ្យភាព​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន​មួយ​ចំណែក​មក​ហើយ។

លោក​ Tom Grundy​ បាន​បង្កើត​កាសែត​អនឡាញ (តាម​អ៊ីនធឺណិត)​ មួយ​ឈ្មោះ​ កាសែត​សេរី​ក្រុង​ហុងកុង​ ឬ Hong Kong Free Press​ កាល​ពី​ដើម​ឆ្នាំ​នេះ។ លោក​និយាយ​ថា​ គំរូ​ធុរកិច្ច​ដែល​មិន​គិត​ប្រាក់​ចំណេញ​នៃ​វិបសាយ​របស់​លោក​អាច​ធានា​បាន​នូវ​ឯករាជ្យភាព​ផ្នែក​តែង​និពន្ធ​បាន។

«យើង​ជា​កាសែត​មិន​គិត​ប្រាក់​ចំណេញ។ រាល់​ប្រាក់​មួយ​កាក់​មួយ​សេន​ដែល​យើង​រក​បាន​ ត្រូវ​ចូល​ទៅ​ក្រុមហ៊ុន។ ក្រុមហ៊ុន​នេះ​មិន​មាន​ម្ចាស់​ភាគ​ហ៊ុន​ដែល​ចូល​មក​ហើយ​ព្យាយាម​ទិញ​ពួក​យើង​ទេ។ ហើយ​យើង​ក៏​មិន​ពឹង​អាស្រ័យ​ទាំង​ស្រុង​លើ​លំហូរ​ប្រាក់​ចំណូល​របស់​បុគ្គល​ណា​មួយ​ដែរ។​ បន្តិច​ម្តងៗ​ យើង​ធ្វើ​ឲ្យ​លំហូរ​នៃ​ប្រាក់​ចំណូល​របស់​ហើយ​មក​ពី​ប្រភព​ផ្សេងៗ។​ ជា​ឧទាហរណ៍​ យើង​មិន​ពឹង​ផ្អែក​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទេ»។

ខណៈ​ដែល​កិច្ច​ព្រមព្រៀង​ផ្នែក​ហិរញ្ញវត្ថុ​អាច​ពង្រឹង​ការ​ធានា​អះអាង​អំពី​ឯករាជ្យភាព​ផ្នែក​តែង​និពន្ធ​របស់​ខ្លួន​នោះ​ ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​នៅ​តែ​បន្ត​ដំណើរការ​របស់​ពួក​គេ​ដោយ​មាន​ថវិកា​កាន់​តែ​តិច​តួច​ជាង​មុន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​រាយការណ៍​បែប​ស៊ីជម្រៅ​របស់​ពួក​គេ​ជួប​ការ​លំបាក។

សម្រាប់​ពេល​នេះ​ មនុស្ស​ជា​ច្រើន​នៅ​ក្រុង​ហុងកុង​និយាយ​ថា​ ការ​ទិញ​កាសែត​ The South China Monrnig Post ពិត​ជា​សញ្ញា​មួយ​យ៉ាង​ច្បាស់​អំពី​ឥទ្ធិពល​ក្នុង​ការ​ទន្ទ្រាន​ចូល​ជា​បន្ត​បន្ទាប់​របស់​ចិន​ដីគោក​ ទៅ​លើ​រដ្ឋ​ដែល​មាន​លក្ខណៈ​ជា​ក្រុង​មួយ​នេះ​ ជា​ទី​ដែល​មនុស្ស​ជា​ច្រើន​មាន​មន្ទិល​សង្ស័យ​ជា​យូរ​មក​ហើយ​អំពី​បំណង​ប្រាថ្នា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕

ប្រែ​សម្រួល​ដោយ ​នៀម​ ឆេង