សហគ្រាស​ធំៗ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន​នឹង​ពង្រីក​ខ្លួន​កាន់​តែ​ធំ

រូបថត​ឯកសារ៖ កម្មករ​ម្នាក់​ឈរ​នៅ​ចន្លោះ​រថភ្លើង​ល្បឿន​លឿន​របស់​ចិន​នៅឯ​មូលដ្ឋាន​ត្រួតពិនិត្យ​និង​ថែទាំ​ នៅ​ក្នុង​ទីក្រុង​ Wuhan ខេត្ត​ Hubei កាលពីខែ​មីនា​ ឆ្នាំ២០១៥។

ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ចាប់​ផ្តើម​គម្រោង​មួយ​ដើម្បី​ប្រមូល​សហគ្រាស​រដ្ឋ​ខ្នាត​ធំ​ចំនួន​១១២ ហើយ​ដាក់​បញ្ចូល​គ្នា​ទៅ​ជា​ក្រុមហ៊ុន​ចំនួន​៤០ ដែល​កាន់​តែ​ធំ​ជាង​មុន ដោយ​ពួក​គេ​គិត​ថា​ ការ​ធ្វើ​ដូចនេះ​ នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ។

អ្នក​រិះគន់​ព្រួយ​បារម្ភថា​ គម្រោង​ដាក់ក្រុមហ៊ុន​រួមគ្នា​ដែល​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ប្រាំមួយ​លាន​លាន​ដុល្លារ​នោះ​ គ្រាន់​តែ​បង្កើត​បាន​ភាព​ផ្តាច់​មុខ​យ៉ាង​ធំ​មួយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ភាព​ផ្តាច់​មុខ​នោះ​មិន​មាន​ភាពប្រសើរ​ណាស់​ណា​ជាង​មុខ​ជំនួញ​ផ្សេងៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។

សហគ្រាសរដ្ឋ​របស់​ចិន​មាន​ជំហរ​យ៉ាង​រឹងមាំ​ក្នុង​ទៅ​លើ​សេដ្ឋកិច្ច​ដែល​នៅ​តែ​គ្រប់គ្រង​ដោយ​ប្រទេស​នេះ​ ហើយ​វា​គ្រប​សង្កត់​លើ​បណ្តាញ​ទូរគមនាគមន៍​ ធនាគារ ប្រេងកាត​ និង​វិស័យ​យុទ្ធសាស្ត្រ​សំខាន់ៗ​ផ្សេង​ទៀត។

ក្រុមហ៊ុន​ទាំង​នោះ​មាន​ក្រឡា​លើ​សហគ្រាស​ឯកជន​ ដោយសារ​តែ​ពួកគេ​ទទួល​បាន​ឥណទាន​យ៉ាង​ងាយ​ស្រួល​ និង​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល។ ក៏ប៉ុន្តែ អត្រា​នៃ​ការ​ទទួល​ផល​ចំណេញ​ពី​ការ​វិនិយោគ​របស់​ពួក​គេ​មាន​តិចតួច​ណាស់​ ដែល​មាន​ត្រឹម​តែ​ប្រហែល​២.៥​ភាគ​រយ​ប៉ុណ្ណោះ។ នោះ​គឺ​តិច​ជាង​ការ​ទទួល​បាន​ការ​ប្រាក់​ពី​ការ​ដាក់​ប្រាក់​តម្កល់​នៅ​ធនាគារ​ទៅ​ទៀត។

លោក​ Xu Dingbo ​ព្រឹទ្ធបុរស​រង​នៃ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ​ចិនអឺរ៉ុប (CEIBS)​ មាន​ប្រសាសន៍​ថា៖ «ហេតុផល​មួយ​ដែល​រដ្ឋាភិបាល​ចង់​បញ្ចូល​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​ទាំង​នោះ​ជាមួយ​គ្នា​គឺ​ដើម្បី​ធ្វើ​ឲ្យ​សហគ្រាស​ទាំង​នោះ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ។ ប៉ុន្តែ​ក៏​មាន​បញ្ហា​ទាក់ទិន​នឹងសមត្ថភាព​ហួស​កម្រិត និង​ការ​ទទួល​បាន​ផល​ចំណេញដ៏​ស្តួច​ស្តើង​ពី​ការ​វិនិយោគ​នោះ​ក្នុង​បណ្តា​សហគ្រាសរដ្ឋ​ ដែល​រដ្ឋាភិបាល​ចង់​ដោះស្រាយ​តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នោះ»។

រដ្ឋាភិបាល​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​សេចក្តី​លម្អិត​ច្រើន​ទេ​អំពី​គម្រោង​រួម​បញ្ចូល​គ្នា​នេះ ក៏ប៉ុន្តែ​វា​ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ​ ដែល​ថា​អាជ្ញាធរ​ចិន​នឹង​ប្រែ​ក្លាយ​សហគ្រាសរដ្ឋ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ទាំងស្រុង​នោះ។ ​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ជាច្រើន​បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​ទាំង​នោះ​អាច​ត្រូវ​បាន​បង្រួម​គ្នា​ផ្អែក​តាម​វិស័យ​នីមួយៗ ហើយទំនាក់​ទំនង​របស់​ពួក​គេ​ជាមួយ​នឹង​ទីភ្នាក់ងារ​និយ័តកម្ម​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​លុបបំបាត់​ចោល។ ​កម្មសិទ្ធិ​នៃ​សហគ្រាស​ទាំង​នោះ​ អាច​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​លើ​ទ្រព្យសម្បត្តិ​វិញ ដោយជួយឲ្យ​សហគ្រាស​ទាំង​នោះ​អាច​ដំណើរ​ការ​បាន​ក្នុង​នាម​ជាសហគ្រាសពាណិជ្ជកម្ម​ទាំងស្រុង។

ក៏ប៉ុន្តែ​ សហគ្រាស​ទាំងនោះទំនងនៅ​តែ​បន្ត​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​គ្រប់​គ្រង​ដោយ​រដ្ឋ​ដដែរ ​តាមរយៈ​វិធានការផ្សេងៗ​ដូច​ជា ​ការ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​រក្សា​សិទ្ធិ​ក្នុង​ការ​តែងតាំង​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់។

អ្វី​ដែល​ហាក់​ដូច​ជា​នឹង​កើត​ឡើង​ជាក់​ស្តែង​គឺថា​ ការ​រួម​បញ្ចូល​គ្នា​នៃ​សហគ្រាស​រដ្ឋ​នោះ​ នឹង​ធ្វើ​ឲ្យ​សហគ្រាស​ទាំង​នោះមាន​ប្រៀប​លើ​អង្គភាព​ផ្សេង​ទៀតទៅ​តាម​ផ្នែក​ផ្សេងៗ​នៃ​វិស័យ​ឧស្សាហកម្ម។

ជា​ឧទាហរណ៍ ​ការ​រួម​បញ្ចូល​គ្នា​ដែល​កំពុង​កើត​មាន​ឡើង​រវាង​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ដែក និង​សម្ភារៈ​រថភ្លើង​ចំនួន​ពីរ​ ទំនង​ជាអាច​បង្កើត​បាន​ជា​អង្គភាព​ថ្មី​មួយ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​បរទេស​ដូច​ជា​ Siemens និង​ Bombardier ជា​ដើម។

យោង​តាម​ការ​ប៉ាន់​ស្មាន​ ការ​ទាញ​យក​ប្រយោជន៍​ផ្នែក​ទីផ្សារនៃ​ក្រុមហ៊ុន​ផលិតខ្សែ​រថភ្លើង​ទាំង​ពីរ​នេះ​ ឬ​តម្លៃ​ភាគហ៊ុន​របស់​ពួក​គេ​នៅ​ទីផ្សារ​ហ៊ុន បន្ទាប់​ពី​ពួក​គេ​បាន​រួម​បញ្ចូលគ្នា ​គឺ​មាន​ខ្ពស់​ជាង​ ក្រុមហ៊ុន​យក្សSiemens ​របស់​អាល្លឺម៉ង់​ទៅ​ទៀត។

លោក​ Xu បាន​បន្ថែម​ថា៖ «គម្រោង​ដាក់​បញ្ចូល​គ្នា​នេះ​អាច​មាន​ផល​ប្រយោជន៍។ ក៏ប៉ុន្តែ​ វា​អាច​បង្កើត​បាន​ជា​អង្គភាព​អប្រិយ​ផ្សេងៗដែលមាន​ទំហំ​កាន់​តែ​ធំ​ជាង​មុន​ នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​ឧស្សាហកម្ម​ចិន។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​និន្នាការ​ដែល​អាច​នឹង​ឈាន​ទៅ​រក​ភាព​ផ្តាច់​មុខ។ និន្នាការ​ផ្តាច់​មុខនោះ​នឹង​កាន់​តែ​ខ្លាំង​ជាង​មុន​បន្ទាប់​ពី​ការ​រួម​បញ្ចូល​គ្នា​នេះ។ ខ្ញុំ​សង្ឃឹម​ថា​ ក្រុមហ៊ុន​បរទេសនឹង​ព្យាយាម​កាន់​តែ​ខ្លាំង​ជាង​មុន​ ដើម្បី​កាត់​បន្ថយ​និន្នាការ​ផ្តាច់​មុខ​នេះ។ ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ ហើយ​ក្រុមហ៊ុន​បរទេស​ទាំង​នោះ​មិន​អាច​ដើរ​ចេញ​ពី​ទីផ្សារ​នេះ​បាន​ទេ»។

ទោះបី​ជា​គម្រោង​រួម​បញ្ចូល​គ្នា​នេះ​ត្រូវ​បាន​គេ​ពិភាក្សា​អស់​រយៈ​ពេល​ជា​ច្រើន​ខែរហូត​មក​ដល់​ពេល​នេះ​ ហើយ​រូបភាព​ទូទៅ​នៃ​ការ​រួម​បញ្ចូល​គ្នា​នោះ​កាន់​តែ​ច្បាស់​ជាង​មុន​ក៏​ដោយ មាន​សញ្ញាណ​ខ្លះដែល​បង្ហាញ​ថា​ គម្រោង​រួម​បញ្ចូល​គ្នា​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាលកែ​តម្រូវ​មួយ​ចំនួន ហើយ​រដ្ឋាភិបាល​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ចេញ​សេចក្តី​លម្អិត​ពេញលេញ​នៃ​គម្រោង​នេះ​។

ហេតុផល​មួយ​ដែល​អាច​មាន​នៅ​ពីក្រោយការ​មិន​បញ្ចេញ​សេចក្តី​លម្អិត​នេះ​គឺ​ការ​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លូន​ដ៏​ច្រើន ​និង​ឥទ្ធិពល​ដែល​សហគ្រាសរដ្ឋ​របស់​ចិន​មាន។ សហគ្រាស​ខ្លះ​មាន​អំណាច​ធំ​ជាង​ក្រសួង​នានា​របស់​រដ្ឋា​ភិបាល​ទៅ​ទៀត។

ប្រភព​ព័ត៌មាន​មួយ​ចំនួន​ក្នុង​វិស័យ​ឧស្សាកម្ម​បាន​និយាយ​ថា​ ក្រុមហ៊ុន​ផលិត​នាវា​ធំៗ​ពីរ​គឺ​ក្រុមហ៊ុន​ China Shipbuilding និង​ក្រុមហ៊ុន ​CSSC Holdings Ltd and Guangzhou Shipyard International Co Ltd​ នឹង​ក្លាយ​ជា​ក្រុមហ៊ុន​រួម​បញ្ចូល​នា​ពេល​បន្ទាប់។ ក៏ប៉ុន្តែ​ មិន​ទាន់​មាន​ការ​អះអាង​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ សេចក្តី​រាយការណ៍​ពី​មុន​ៗ​អំពី​ការ​រួម​បញ្ចូល​គ្នា​ដែល​ត្រូវ​បាន​គ្រោង​ទុក​រវាង​ក្រុមហ៊ុន China Petroleum & Chemical និង​ ក្រុមហ៊ុន​ PetroChina​ ត្រូវ​បាន​បដិសេធដោយ​ទីភ្នាក់ងារ​របស់​រដ្ឋ។

សេដ្ឋកិច្ច​វិទូ​បាន​និយាយ​ថា​ ការ​បញ្ចេញ​ឲ្យ​ដឹង​រឿង​បែប​នេះ​ និង​ការ​ច្រាន​ចោល​ជា​បន្តបន្ទាប់​នោះ​ គឺ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ធ្វើ​តេស្ត​ប្រតិកម្ម​ទីផ្សារ និង​ជួយ​ឲ្យ​ក្រុម​មន្ត្រីអាច​គិត​គូរ​អំពី​ពេលវេលា​នៃការ​រួម​បញ្ចូល​គ្នា។

ការ​ធ្វើ​បែប​នេះ​ក៏​បានផ្តល់​ឲ្យ​អ្នក​វិនិយោគ​ទុន​នូវ​ឱកាស​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំណេញ​ដ៏​ច្រើន​នៅ​លើ​ទីផ្សារ​ភាគហ៊ុន ក៏​ដូច​ជា​ផ្តល់​ឱកាស​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ប្រមូល​មូលនិធិ​ នៅ​ខណៈ​ដែល​ភាគហ៊ុន​នៃ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​កំពុង​តែ​កើន​ឡើង​យ៉ាង​គំហុក។

ភាគហ៊ុន​របស់​ក្រុមហ៊ុន ​China South Railway និង​ក្រុមហ៊ុន​ China North Railway​ កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​មុន​ការ​រួម​បញ្ចូល​គ្នា​របស់​ពួក​គេ​ ដោយ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ China South Railway​ បាន​កើន​ឡើង​រហូត​ដល់​ទៅ​៥១០​ភាគរយ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ​ឆ្នាំ២០១៤ ដល់​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ​ (២០១៥)។ ចំណែក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ China North Railway បាន​កើន​ឡើង​ដល់​៤៨៣​ភាគ​រយ​ក្នុង​អំឡុង​ពេល​ដូច​គ្នា​នេះ។

គម្រោង​រួម​បញ្ចូល​គ្នា​មួយ​ចំនួន​កើត​មាន​ឡើង​ នៅ​ពេលក្រុមហ៊ុន​បរទេស​ដែល​មានប្រតិបត្តិការ​ក្នុង​ប្រទេស​ចិន​កំពុង​មាន​ភាព​ប្រថុយ​ប្រថាន​រួច​ទៅ​ហើយ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​ពីសំណាក់​អាជ្ញាធរ​ ដោយសារ​ការ​ដាក់​តម្លៃ និង​ការ​ផ្តល់​អាជ្ញាបណ្ណ​កម្មសិទ្ធិ​បញ្ញា​ដោយ​មិន​មាន​សមភាព។ ក្រុមហ៊ុន​បរទេស​ជា​ច្រើន​បាន​ត្អូញ​ត្អែរ​ចំពោះ​ការ​យក​ពួកគេ​ជា​គោលដៅ​ដែល​វា​មិន​យុតិ្តធម៌​សោះ​ឡើយ​ ក៏ប៉ុន្តែ​អាជ្ញាធរ​និយាយ​ថា​ ខ្លួន​ក៏​បាន​យក​ក្រុមហ៊ុន​ចិន​ជា​គោល​ដៅ​នៃ​ការ​បង្ក្រាប​នោះ​ដែរ។

លោក Xu បាន​បន្ត​ថា៖ «ក្រុមហ៊ុន​បរទេស​មាន​ហេតុ​ផល​ដែល​ត្រូវ​ព្រួយ​បារម្ភ​ ពីព្រោះ​ការ​រួម​បញ្ចូល​គ្នា​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចិន​កាន់​តែ​ខ្លាំង​ជាង​មុន​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ។ ក៏ប៉ុន្តែ​ ប្រសិន​បើរដ្ឋាភិបាល​មិន​មាន​លទ្ធភាព​គ្រប់គ្រង​ការ​រួម​បញ្ចូល​គ្នា​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​ ជា​លទ្ធផល​វា​នឹង​បង្ក​ជា​ភាព​ខ្សត់ខ្សោយក្នុង​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ទាំង​នោះ»។

អ្នក​វិភាគ​ខ្លះ​និយាយ​ថា​ កម្មវិធី​រួម​បញ្ចូល​គ្នា​នេះ​ទំនង​ជា​មិន​អាច​មាន​ផលប៉ះ​ពាល់​អ្វី​ទៅ​លើ​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ទៅ​លើ​ឧស្សាហកម្ម​ទាំង​ឡាយ​ទេ និង​មិន​បាន​ធ្វើអ្វី​ជា​ដុំ​កំភួន​ទេ​ក្នុង​ការ​ធ្វើ​សេរី​កម្ម​ទីផ្សារ។

លោក​ Andrew Batson​ នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ចិន​ ឈ្មោះ​ Gavekal Dragonomics និយាយ​ថា៖​ «សហគ្រាស​រដ្ឋ​ធំៗ​ទំនង​ជា​ស្ថិត​នៅ​ក្នុង​វិស័យ​ផ្សេងៗដែល​គណបក្ស​កុម្មុយនិស្ត​ចាត់​ទុក​ថា​ជា​ «ខ្សែ​ជីវិត»​ សម្រាប់​សេដ្ឋកិច្ច​ និង​សន្តិសុខ​ជាតិ ដូច​ជា​វិស័យ​ថាមពល​ជា​ដើម។ ដូច្នេះ​ ខ្ញុំ​សង្ស័យថា​ រចនាសម្ព័ន្ធ​មូលដ្ឋាន​នៃកម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ទាំង​នេះ​នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ»៕

ប្រែ​សម្រួល​ដោយ នៀម ឆេង