ប្រទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនកាលពីថ្ងៃអង្គារ ទី១៦ ខែមករា ដើម្បីតវ៉ាជាផ្លូវការនូវសាររបស់លោកប្រធានាធិបតី Ferdinand Marcos Jr. អបអរសាទរប្រធានាធិបតីដែលទើបតែជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់។
នៅក្នុងការបង្ហោះសារនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេហៅថា Twitter នោះ លោកប្រធានាធិបតី Marcos បានអបអរសាទរលោក Lai Ching-te បេក្ខជននៃគណបក្សប្រជាធិបតេយ្យចម្រើននិយម (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ដែលបានជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា ហើយបាននិយាយថា លោកទន្ទឹងរង់ចាំធ្វើ«កិច្ចសហការយ៉ាងជិតស្និទ្ធ» ជាមួយលោក Lai Ching-te។ ជាយូរមកហើយ គណបក្សប្រជាធិបតេយ្យចម្រើននិយមបានគាំទ្រដល់ការគ្រប់គ្រងដោយស្វ័យភាពរបស់តៃវ៉ាន់ ដោយបានប្រឹងប្រែងប្រឆាំងនឹងការទាមទារអធិបតេយ្យភាពរបស់ក្រុងប៉េកាំងលើកោះនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Marcos គឺជា«ការរំលោភយ៉ាងធ្ងន់ធ្ងរ»ដល់ការប្តេជ្ញាចិត្តរបស់ហ្វីលីពីនចំពោះ «គោលការណ៍ចិនតែមួយ» និងជា«ការជ្រៀតជ្រែកទាំងស្រុងទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
អ្នកស្រី Mao Ning បានព្រមានហ្វីលីពីនថា «កុំលេងភ្លើងពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់» និងឈប់បញ្ជូន«សញ្ញាខុស»ទៅកាន់កងកម្លាំងឯករាជ្យ និងផ្តាច់ខ្លួននៅលើកោះនេះ។ អ្នកស្រីក៏បានជំរុញឱ្យលោក Marcos ធ្វើការស្វែងយល់បន្ថែមទៀតដើម្បីឱ្យលោកអាចយល់បានត្រឹមត្រូវអំពីបញ្ហានេះ ហើយធ្វើ«ការសន្និដ្ឋានដ៏ត្រឹមត្រូវ»។
កោះតៃវ៉ាន់បានគ្រប់គ្រងដោយខ្លួនឯងចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមស៊ីវិលរបស់ប្រទេសចិនក្នុងឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងជាតិនិយមរបស់លោក Chiang Kai-shek ត្រូវបានបណ្តេញចេញពីចិនដីគោកដោយមេដឹកនាំកុម្មុយនិស្តលោក ម៉ៅ សេទុង ហើយបានតាំងទីលំនៅនៅលើកោះនេះ។ ទីក្រុងប៉េកាំងបានប្តេជ្ញាថានឹងយកកោះតៃវ៉ាន់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញតាមមធ្យោបាយចាំបាច់ រួមទាំងការប្រើប្រាស់កងកម្លាំងយោធាផងដែរ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់