កាលពីថ្ងៃអង្គារប្រទេសចិនបានចេញសេចក្តីណែនាំទៅពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរទៅប្រទេសកាណាដា បន្ទាប់ពីបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនម្នាក់ត្រូវបានចាប់ខ្លួននៅប្រទេសកាណាដា។
ក្រសួងការបរទេសចិនបានប្រកាសនាពេលថ្មីៗនេះថាកាណាដាបានចាប់ខ្លួនជនជាតិចិនម្នាក់គឺលោកស្រី Meng Wanzhou តាមតែអំពើចិត្ត។ លោកស្រី Meng ដែលជានាយកផ្នែកហរិញ្ញវត្ថុរបស់ក្រុមហ៊ុន Huaweiដែលជាក្រុមហ៊ុនទូរគមនាគមន៍សកលលោកមួយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ខែធ្នូតាមសំណើររបស់សហរដ្ឋអាមេរិក។ លោកស្រី Meng ត្រូវបានចោទប្រកាន់ក្នុងករណីឃុបឃិតបន្លំធនាគារ តាមរយៈប្រតិបត្តិការនានាដែលរំលោភលើទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ លោកស្រីបានបដិសេធការចោទប្រកាន់ទាំងនោះ។ លោកស្រី Mengត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយការបង់ប្រាក់ធានានៅទីក្រុង Vancouver និងអាចត្រូវបញ្ជូនមកសហរដ្ឋអាមេរិក។
សេចក្តីណែនាំការធ្វើដំណើរនេះគឺជាសញ្ញាថ្មីចុងក្រោយបង្អស់នៃការកើនឡើងភាពតានតឹងរវាងកាណាដានិងប្រទេសចិន។ ជនជាតិកាណាដាពីរនាក់ត្រូវបានចាប់ឃុំខ្លួននៅប្រទេសចិនបន្ទាប់ពីការចាប់ខ្លួនលោកស្រី Meng។ ហើយកាលពីថ្ងៃចន្ទ តុលាការនៅភាគឦសានប្រទេសចិនបានរៀបចំការជំនុំជំរះយ៉ាងប្រញាប់ប្រញាល់ក្នុងថ្ងៃតែមួយកាត់ទោសប្រហារជីវិតជនជាតិកាណាដាម្នាក់គឺលោក Robert Lloyd Schellenbergក្រោមបទចោទជួញដូរគ្រឿងញៀន។ លោក Schellenberg ធ្លាប់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំកាលពីខែវិច្ឆិកា។ ប្រទេសចិនបានច្រានចោលការលើកឡើងដែលថាការកាត់ទោសនេះជាប់ពាក់ព័ន្ធនឹងករណីចាប់ខ្លួនលោកស្រី Meng៕