ប្រទេសចិនបានបញ្ជាក់ថា ខ្លួនបាន «ត្រៀមរៀបចំរួចរាល់ហើយ» ប្រសិនបើសហរដ្ឋអាមេរិកយកពន្ធគយថ្មីបន្ថែមទៀតលើទំនិញរបស់ខ្លួន។ ប្រទេសចិនបញ្ជាក់ដូច្នេះ ស្របពេលដែលប្រធានផ្នែកចរចាពាណិជ្ជកម្មចិនបានធ្វើដំណើរមកដល់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមនៅក្នុងកិច្ចពិភាក្សាមួយលើកទៀតក្នុងគោលបំណងបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី Liu He ដែលជាទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតីចិនលោក Xi Jinping នឹងជួបពិភាក្សាជាមួយនឹងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកលោក Steven Mnuchin នៅថ្ងៃព្រហស្បតិ៍នេះ មុនពេលដែលសហរដ្ឋអាមេរិកគ្រោងដំឡើងពន្ធគយពី ១០ ទៅ ២៥ ភាគរយ លើទំនិញរបស់ចិនដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លារអាមេរិកនៅថ្ងៃសុក្រស្អែក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បានប្រាប់អ្នកកាសែតនៅក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិននឹងមិនចុះញ៉មនឹងការដាក់សម្ពាធណាមួយទេ។ លោក Gao Feng បានព្រមានថា ប្រទេសចិនមាន «ការតាំងចិត្ត និងសមត្ថភាពនៅក្នុងការការពារផលប្រយោជន៍របស់ខ្លួន»។
ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីប្រកាសមួយដោយសន្យាថានឹងចាត់វិធានការទប់ទល់វិញ «ជាចាំបាច់» ប្រសិនបើសហរដ្ឋអាមេរិកបន្តវិធានការដំឡើងពន្ធលើទំនិញរបស់ខ្លួននៅថ្ងៃសុក្រស្អែកនេះ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump សង្ឃឹមថា ការដំឡើងពន្ធគយថ្មីនេះនឹងបង្ខំប្រទេសចិនឲ្យប្ដូរការអនុវត្តរបស់ខ្លួនពាក់ព័ន្ធនឹងផ្នែកពាណិជ្ជកម្ម ការជួយឧបត្ថម្ភដល់ក្រុមហ៊ុនចិន និងកម្មសិទ្ធិបញ្ញា៕