ចិនបានឲ្យដឹងថាខ្លួននឹង «ចាត់វិធានការតបត» វិញ ប្រសិនបើសហរដ្ឋអាមេរិកបំពាក់កាំជ្រួចមីស៊ីលវង់ប្រតិបត្តិការមធ្យមបាញ់ចេញពីដី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Fu Cong នាយកផ្នែកគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិនបានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងឈរមើលនោះទេ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនធ្វើទៅតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារប្រទតេសរបស់សហរដ្ឋអាមេរិក លោក Mark Esper កាលពីសប្ដាហ៍មុន ក្នុងការបំពាក់កាំជ្រួចមីស៊ីលទៅក្នុងតំបន់នេះក្នុងពេលឆាប់ៗនេះ គឺអាចក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
លោកបានជំរុញឲ្យបណ្ដាប្រទេសដែលនៅជិតខាងប្រទេសចិន ជាពិសេសប្រទេស ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី យកចិត្តទុកដាក់ជាពិសេស តាមរយៈការបដិសេធមិនឲ្យសហរដ្ឋអាមេរិកបំពាក់កាំជ្រួចមីស៊ីលបាន។ លោកបានបន្ថែមទៀតថា ការរារាំងនេះនឹងផ្ដល់នូវអត្ថប្រយោជន៍ផ្នែកសន្ដិសុខជាតិដល់បណ្ដាប្រទេសទាំងនោះ។
លោក Fu មិនបានបញ្ជាក់លម្អិតអំពីវិធានការតបតដែលចិននឹងប្រើប្រាស់នោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា «អ្វីៗគឺត្រៀមរួចជាស្រេចហើយ»។
គោលដៅដែលរដ្ឋមន្ត្រីការពារប្រទេសរបស់អាមេរិក លោក Esper បានបញ្ជាក់ ក្នុងការបំពាក់កាំជ្រួចមីស៊ីលបាញ់ចេញពីលើដី នៅក្នុងតំបន់នេះ ត្រូវបានលើកឡើងបន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាបរិមាណូវង់ប្រតិបត្តិការមធ្យមឆ្នាំ១៩៨៧កាលពីសប្ដាហ៍មុន។ សន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខាកាលពីសម័យសូវៀតនេះ បានហាមឃាត់មិនឲ្យប្រើប្រាស់កាំជ្រួចមីស៊ីលបាញ់ចេញពីលើដីនិងកាំជ្រួចមីស៊ីលផ្លោងដែលបាញ់ក្នុងចម្ងាយពី៥០០ទៅ៥០០០គីឡូម៉ែត្រ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានឲ្យដឹងថា ខ្លួនដកខ្លួនចេញពីសន្ធិសញ្ញានេះគឺដោយសារតែរដ្ឋាភិបាលក្រុងមូស្គូ នៅតែបន្ដបំពានទៅលើសន្ធិសញ្ញានេះ៕