ការប្រឈមគ្នារវាងនាវាចិននិងវៀតណាមនៅតំបន់សមុទ្រចិនខាងត្បូងកាន់តែតានតឹងខ្លាំងឡើងជាមួយនឹងការវិលត្រឡប់មកវិញនៃនាវារុករកប្រេងរបស់ចិន បន្ទាប់ពីការព្រមានពីអតីតទីប្រឹក្សាផ្នែកសន្តិសុខជាតិអាមេរិកលោក John Bolton។
ខណៈដែលជម្លោះរវាងចិននិងវៀតណាមពាក់ព័ន្ធនឹងដែនសមុទ្រមានជម្លោះបានលេចឡើងជាប្រចាំមកវិញចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០មក ជម្លោះនាពេលបច្ចុប្បន្នបានអូសបន្លាយពេលយូរជាងមុននិងមានដំណើរការដោះស្រាយតាមផ្នែកការទូតតិចតួចប៉ុណ្ណោះ ដែលជាលទ្ធផលគឺមិនមានដំណោះស្រាយឲ្យពេញលេញណាមួយឡើយ។ ការប្រឈមមុខដាក់គ្នាបានកើតឡើងកាលពីខែមិថុនា នៅពេលដែលនាវារុករកប្រេងចិនមួយឈ្មោះ Haiyang Dizhi 8 បានចាប់ផ្តើមល្បាតដែនទឹកជិតតំបន់ Vanguard Bank ដែលស្ថិតនៅចម្ងាយ ៣៥២ គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ វៀតណាមក៏មានប្រតិបត្តិការរុករកថាមពលក្រោមសមុទ្រនៅក្បែរតំបន់ Vanguard Bank ផងដែរ។
ទាំងចិននិងវៀតណាមទាមទារផ្នែកខាងលិចនៃដែនសមុទ្រដែលមានទំហំ ៣,៥ លានគីឡូម៉ែត្រការ៉េ។ ហើយចិនមានយោធានិងសេដ្ឋកិច្ចខ្លាំងជាងវៀតណាម។
មានសេណារីយ៉ូបីដែលជាលទ្ធផលនៃការប្រឈមគ្នានៅតំបន់ Vanguard Bank៖
ភាគីពាក់ព័ន្ធកាន់តែច្រើន ភាពតានតឹងកាន់តែខ្លាំងឡើង
នាវាចិនអាចស្ថិតនៅក្បែរតំបន់ Vanguard Bank ឬត្រៀមលក្ខណៈ ជាពិសេសប្រសិនបើរដ្ឋាភិបាលដទៃទៀតដាក់បន្ទុករិះគន់ខ្លាំងពេកទៅលើរដ្ឋាភិបាលក្រុងប៉េកាំង។
លោក John Bolton ទីប្រឹក្សាផ្នែកសន្តិសុខជាតិអាមេរិកដែលទើបលាលែងពីតំណែងបានសរសេរនៅលើបណ្តាញ Twitter កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅថា «ការពង្រឹងកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះរបស់ចិនដើម្បីគំរាមកំហែងអ្នកដទៃពីការបង្កើតធនធានផ្សេងៗនៅដែនសមុទ្រចិនខាងត្បូងគឺជារឿងគួរឲ្យរំខាន។ សហរដ្ឋអាមេរិកឈរនៅជាមួយនឹងភាគីទាំងឡាយណាដែលប្រឆាំងនឹងអាកប្បកិរិយាគំរាមកំហែងនិងការប្រើប្រាស់វិធីសម្លុតធ្វើបាប ដែលគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់»។
យោងទៅបណ្តាញផ្សព្វផ្សាយរបស់អូស្រ្តាលី ពីរថ្ងៃបន្ទាប់មកនាយករដ្ឋមន្រ្តីអូស្រ្តាលី ដែលបានថ្លែងនៅក្រុងហាណូយថា ប្រទេសជិតខាងនឹងចិនគួរតែតតាំងនឹង «ការគំរាមកំហែងនោះ»។
អ្នកស្រី Yun Sun ជំនួយការជាន់ខ្ពស់ផ្នែកកម្មវិធីអាស៊ីបូព៌ានៅមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា សារដូចនេះហើយជាពិសេសប្រសិនបើសារទាំងនេះមានលក្ខណៈកាន់តែខ្លាំងជាងនេះទៀត អាចនឹងធ្វើឲ្យចិនបង្ហាញកម្លាំងកាន់តែខ្លាំងទៅកាន់វៀតណាម។
ចិនបានថ្លែងថា ជម្លោះដែនទឹកដែលអូសបន្លាយអស់រយៈពេលរាប់ទសវត្សរ៍និងធំជាងគេបង្អស់មួយនៅអាស៊ី គួរតែត្រូវបានដោះស្រាយក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីដែលធ្វើការទាមទារដែនសមុទ្រនេះ ជាជាងដោយភាគីពីខាងក្រៅ។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងតៃវ៉ាន់ ក៏បានទាមទារផ្នែកមួយចំនួននៃតំបន់ដែនទឹកមានជម្លោះ ដែលសម្បូរទៅដោយធនធាននេះផងដែរ។ ដើម្បីរក្សាទំនាក់ទំនង ចិនកំពុងជួយផ្នែកសេដ្ឋកិច្ចដល់បណ្តាប្រទេសមួយចំនួនដែលធ្វើការទាមទារនេះ។
ជារឿយៗ រដ្ឋាភិបាលអាមេរិកបញ្ជូននាវាកងទ័ពជើងទឹកចូលទៅតំបន់សមុទ្រនោះដើម្បីពិនិត្យមើលការពង្រីកសកម្មភាពរបស់ចិន។
អ្នកស្រី Sun បាននិយាយថា៖«ប្រសិនបើនេះពិតជាផែនការ របស់រដ្ឋាភិបាលអាមេរិក ដើម្បីគាំទ្រគោលជំហររបស់វៀតណាមមែននោះ ខ្ញុំគិតថា ចិននឹងមិននៅស្ងៀម ដោយមិនធ្វើអ្វីមួយនោះទេ។ ខ្ញុំគិតថា ស្ថានការណ៍នឹងកាន់តែមានភាពតានតឹងឡើង»។
អាកាសធាតុដែលមានព្យុះបក់បោក
បណ្តាប្រទេសដែលទាមទារអធិបតេយ្យភាពដែនទឹកនៅតំបន់សមុទ្រចិនខាងត្បូង បានលើកឡើងពីបញ្ហាអាកាសធាតុពីមុនមក ដែលជាកត្តាលុបបំបាត់ចោលការប្រឈមគ្នាជាមួយនឹងបណ្តាប្រទេសដទៃទៀត។ កាលពីខែមិថុនា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំហ្វីលីពីនបាននិយាយថា អាកាសធាតុដែលមានព្យុះបក់បោកជាហេតុផលមួយនៅពីក្រោយការដកនាវាល្បាតពីរគ្រឿងចេញពីតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះជាមួយចិន។
លោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិនៅសិង្ហបុរី បាននិយាយថា៖
«អាកាសធាតុតែងតែជាហេតុផលដោះសារដ៏ល្អមួយ»។
លោក Sun បាននិយាយថា ព្រឹត្តិការណ៍ដទៃទៀតអាចផ្តល់ហេតុផលដល់ប្រទេសចិនឲ្យដកថយផងដែរ។ នាវារុករកប្រេងចិនបានចាកចេញពីតំបន់ Vanguard Bank កាលដើមខែសីហាកន្លងទៅ ខណៈក្រុមថ្នាក់ដឹកនាំរបស់ចិនបានជួបប្រជុំនៅក្រុងប៉េកាំងសម្រាប់សន្និសីទប្រចាំឆ្នាំ។ ក្រោយមក នាវានោះបានវិលត្រឡប់មកវិញ បន្ទាប់ពីក្រុមថ្នាក់ដឹកនាំទាំងនោះបានពិនិត្យទៅលើគោលនយោបាយការបរទេសឆ្នាំនេះរួច។
ការចរចារវាងបក្សនិងបក្ស
ជារឿយៗ វៀតណាមនិងចិនបានសម្រួលជម្លោះតាមរយៈជំនួបរវាងប្រេសិតពីបក្សកុម្មុយនីស្តទាំងសងខាង។ ជំនួបបែបមិនផ្លូវការនេះតែងតែបង្ហាញពីសមានចិត្តដើម្បីរក្សាឲ្យបានភាពស្ងប់ស្ងាត់ បន្ទាប់ពីមានហេតុការណ៍ណាមួយ។ ប៉ុន្តែមិនមានដំណោះស្រាយផ្លូវការណាមួយ ដែលតម្រូវឲ្យមានកិច្ចពិភាក្សាយ៉ាងតឹងតែងក្នុងចំណោមមន្រ្តីនោះទេ។
លោក Carl Thayer សាស្រ្តាចារ្យកត្តិយសពីបណ្ឌិតសភាកងកម្លាំងការពារជាតិអូស្រា្តលីនៅមហាវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី បាននិយាយថា៖
«សេណារីយ៉ូដែលមានពីមុនមកនិងសេណារីយ៉ូទីបីពិតប្រាកដនោះគឺ ទំនាក់ទំនងរវាងបក្សកុម្មុយនីស្តនិងបក្សកុម្មុយនិស្តនោះ យើងឃើញមានការបញ្ជូនប្រេសិតទៅវិញទៅមក។ វៀតណាមបានធ្វើការជំរុញជាបន្តបន្ទាប់នៅគ្រប់ច្រកល្ហកទាំងអស់»។
លោក Ohបានថ្លែងថា ជាធម្មតាភាគីទាំងពីររង់ចាំ រហូតដល់ឧបទ្ទវហេតុមួយកើតឡើងបានមួយទៅពីរសប្តាហ៍សិន មុនពេលភាគីមួយដាក់សំណើរចរចារវាងបក្សនិងបក្ស។ បន្ទាប់មក អ្នកតំណាងបក្សជារឿយៗនឹងដោះស្រាយបញ្ហានោះក្នុងរយៈពេលមួយខែបន្ទាប់។
លោក Oh បាននិយាយថា៖
«ខ្ញុំគិតថា នៅត្រង់ចំណុចណាមួយ នឹងមានការទុកមុខឲ្យគ្នាទៅវិញទៅមក បន្ទាប់ពីការប្រើប្រាស់ដំណោះស្រាយរវាងបក្សនិងបក្ស»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា