ការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងនាវាចិននិងនាវាវៀតណាមនៅសមុទ្រចិនខាងត្បូងបានបណ្តាលឲ្យនាវារុករកប្រេងរបស់ចិនបានត្រឡប់ទៅវិញនៅក្នុងខែនេះ និងការស្តីបន្ទោសពីលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។
ការឈ្លោះប្រកែកគ្នារវាងចិននិងវៀតណាមដោយសារជម្លោះដែនសមុទ្រកើតឡើងជាប្រចាំចាប់តាំងពីទសវត្សរ៍ ១៩៧០ មក ហើយជម្លោះនេះបានអូសបន្លាយគ្មានទីបញ្ចប់ និងមានការដោះសា្រយផ្នែកកាទូតតិចតួចបំផុត ដែលជាញឹកញាប់បានធ្វើឲ្យមានការខឹងសម្បា។
ការប្រឈមមុខគ្នានេះបានចាប់ផ្តើមកាលពីខែមិថុនា គឺនៅពេលដែលនាវារុករកប្រេងរបស់ចិនឈ្មោះថា Haiyang Dizhi 8 បានចាប់ផ្តើមបើកនៅតាមដែនទឹក ជិតកោះ Vanguard Bank ចម្ងាយ៣៥២គីឡូម៉ែត្រពីឆ្នេរភាគអាគ្នេយ៍ប្រទេសវៀតណាម។ ប្រទេសវៀតណាមក៏ធ្វើប្រតិបត្តិការរុករកប្រេងនៅដែនទឹកជិតកោះ Vanguard Bank នេះដែរ។
ទាំងចិននិងវៀតណាមសុទ្ធតែទាមទារកាន់កាប់ដែនទឹកផ្នែកខាងលិច ដែលមានប្រវែង៣លាន៥សែនគីឡូម៉ែត្រការ៉េ។ ប្រទេសចិនមានយោធានិងសេដ្ឋកិច្ចខ្លាំងជាងប្រទេសវៀតណាម។
អាចនឹងមានសេនារីយ៉ូបីនៃលទ្ធផលដែលចេញពីការប្រឈមមុខដាក់គ្នានៅកោះ Vanguard Bank នេះ។ ការប្រឈមកាន់តែខ្លាំង ភាពតានតឹងកាន់តែកើនឡើង។ នាវារបស់ចិនប្រហែលជានៅតែធ្វើដំណើរទៅជិតកោះ Vanguard Bank ឬត្រូវដកថយ ជាពិសេសប្រសិនបើរដ្ឋាភិបាលបរទេសរិះគន់កាន់តែខ្លាំងលើរដ្ឋាភិបាលក្រុងប៉េកាំង។ លោក Bolton បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃអង្គារថា «ប្រទេសចិនបានបង្កើនការគំរាមកំហែងកាន់តែខ្លាំងទៅលើប្រទេសផ្សេងទៀតពាក់ព័ន្ធនឹងការទាមទារកាន់កាប់សមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិកនៅតែ
រក្សាជំហររឹងមាំជាមួយនឹងប្រទេសដែលប្រឆាំងទៅនឹងឥរិយាបថគឃ្លើន និងកលល្បិចសម្លុតដែលគំរាមដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់»។
ប្រទេសចិនបាននិយាយថា ជម្លោះដែនសមុទ្ររាប់ទសវត្សរ៍នៅតំបន់អាស៊ី គួរតែត្រូវដោះស្រាយក្នុងចំណោមប្រទេសអាស៊ានដែលទាមទារកាន់កាប់ដែនអធិបតេយ្យភាព
ជាជាងបណ្តាប្រទេសនៅក្រៅតំបន់។ ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់ក៏បានទាមទារកាន់កាប់ផ្នែកខ្លះនៃសមុទ្រដែលមានជម្លោះដែលសំបូរទៅដោយធនធានមួយនេះ។ ដើម្បីនៅរក្សាទំនាក់ទំនង ចិនបានជួយសេដ្ឋកិច្ចដល់ប្រទេសដែលទាមទារទាំងនេះ៕