ចិនបានប្រើប្រាស់ការបិទជំនួបខាងនយោបាយកម្រិតខ្ពស់ឬ «ការជួបប្រជុំចំនួន២លើក» ដើម្បីបញ្ជូនសញ្ញាវិជ្ជមានអំពីការតាំងចិត្តរបស់ខ្លួនដើម្បីដោះស្រាយការតានតឹងខាងពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយនឹងជំរុញឲ្យមានការធ្វើកំណែទម្រង់សេដ្ឋកិច្ច។
នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ក៏បានច្រានចោលការព្រមានរបស់សហរដ្ឋអាមេរិកអំពីភាពគ្រោះថ្នាក់ខាងសន្តិសុខ ដែលបណ្តាលមកពីមហាក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដោយបានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំងមិនដែលសុំឲ្យក្រុមហ៊ុននោះធ្វើចារកម្មប្រទេសដទៃនោះទេ។
ជម្លោះក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងការយកពន្ធគយទៅវិញទៅមកនៅក្នុងសង្គ្រាមពាណិជ្ជកម្ម គឺជាផ្នែកមួយនៃការធ្វើឲ្យមានភាពតានតឹងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ភាពតានតឹងដែលប្រទេសទាំង២កំពុងព្យាយាមដោះស្រាយ។
ថ្លែងទៅកាន់ពួកអ្នកកាសែតនៅឯសន្និសីទកាសែតប្រចាំឆ្នាំរបស់លោកនៅថ្ងៃសុក្រនេះ បន្ទាប់ពីការបិទសមាជជាតិរបស់ប្រជាជន នាយករដ្ឋមន្រ្តីចិនលោក លី បានធ្វើសុន្ទរកថា ដោយចោទសួរច្រំដែលអំពីការព្រួយកង្វល់ថា រដ្ឋាភិបាលចិនបានប្រើក្រុមហ៊ុន Huawei ឲ្យធ្វើចារកម្មលើប្រទេសផ្សេងៗទៀត។
សហរដ្ឋអាមេរិកបានចោទប្រកាន់អំពីភាពគ្រោះថ្នាក់របស់ក្រុមហ៊ុន Huawei នោះ។រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានរារាំងក្រុមហ៊ុន Huawei មិនឲ្យចូលរួមក្នុងការដាក់ឲ្យប្រើប្រាស់បណ្តាញទូរស័ព្ទដៃ 5G នៅក្នុងប្រទេសអាមេរិក ហើយនិងជំរុញប្រទេសផ្សេងឲ្យធ្វើដូចខ្លួន។
នៅពេលដែលប្រទេសនានារាប់ចាប់តាំងពីទ្វីបអាស៊ីទៅដល់អឺរ៉ុប វាយតម្លៃអំពីគោលជំហររបស់ខ្លួនស្តីពីក្រុមហ៊ុននោះ នាយករដ្ឋមន្រ្តីលោក លី បាននិយាយថា រដ្ឋាភិបាលចិនមិនដែលសុំហើយនឹងមិនសុំឲ្យក្រុមហ៊ុនចិនធ្វើចារកម្មនៅពេលអនាគតដែរ៕