ប្រទេស​ចិន​ធ្វើ​ការ​ផ្លាស់​ប្តូរផែនការឧត្តម​ភាពផ្នែក​បច្ចេកវិទ្យា

រូបឯកសារ៖ អ្នក​ទស្សនា​កំពុង​មើល​ការ​ដាក់​តាំង​បច្ចេកវិទ្យា​ផ្កាយ​រណប​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​ក្រោម​ផែន​ការ​៥​ឆ្នាំ​របស់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​សាល​ពិព៍រណ៍​ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ​២០១៧។

ផលិត​ផល​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​ ឆ្នាំ​២០២៥ ​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​​លើ​ការ​ជួយ​ឧបត្ថម្ភ​ប្រាក់​របស់​រដ្ឋាភិបាល​ដល់​ក្រុម​ហ៊ុន​ចិន​នានា​​ហើយ​និង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ទទួល​បាន​បច្ចេក​វិទ្យា​ថ្មី​សម្រាប់​វិស័យ​ចំនួន​១០​ផ្សេងៗ​គ្នា។

ជា​លើក​ទីមួយ​ហើយក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ដែល​របាយ​ការណ៍​រដ្ឋា​ភិបាល​ប្រចាំ​ឆ្នាំ​របស់​នាយករដ្ឋ​មន្រ្តី​ចិន​លោក ​Li Keqiang ​មិន​បាន​និយាយ​រំលឹក​ពី​ផលិត​ផល​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​ឆ្នាំ​២០២៥​ ឬ ​Made in China 2025​ ដែល​ជា​ផែន​ការ​ដ៏ធំ​មួយ​របស់​ប្រទេស​ ដើម្បី​សម្រេច​ឧត្តមភាព​ខាង​បច្ចេក​វិទ្យា​ជាន់​ខ្ពស់។ ​អ្នក​វិភាគ​កំពុង​ចោទ​សួរ​ថា​ តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ផែន​ការ​នេះ​ទាំង​ស្រុង​ ឬ​រក្សា​វា​ឲ្យ​នៅ​ស្ងាត់​ស្ងៀម​នៅ​ខាង​ក្រោយ​ឆាក។

ផលិត​ផល​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​ ឆ្នាំ​២០២៥ ឬ ​Made in China 2025 ​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំងលើ​ការ​ជួយ​ឧបត្ថម្ភ​ប្រាក់​របស់​រដ្ឋាភិបាល​ដល់​ក្រុម​ហ៊ុន​ចិន​នានា ហើយ​និង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ទទួល​បាន​បច្ចេក​វិទ្យា​ថ្មី​សម្រាប់​វិស័យ​ចំនួន​១០​ផ្សេងៗ​គ្នា​ដូចជា ​រថយន្ត​ប្រើ​អគ្គិសនី ​ជីវ​វេជ្ជសាស្រ្ត ​បច្ចេកវិទ្យា​ព័ត៌មាន​ជំនាន់​ថ្មី ​រូប​យន្ត​ជឿន​លឿន​និង​បញ្ញា​និម្មិត។

ផែនការ​នេះ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ឧស្សាហកម្ម​ដ៏​ធំ​ទូលាយ​របស់​ចិន​ដែល​បាន​ចែង​ក្នុង​ផែនការ​៥​ឆ្នាំ​លើក​ទី​១៣ ​ដែល​លាត​ត្រដាង​គោល​ដៅ​របស់រដ្ឋាភិ​បាល​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០២០។ ទោះ​ជាយ៉ាង​ណាក៏ដោយ ផែនការ​នោះ​ក៏​បាន​បង្កើន​នូវ​ការ​ព្រួយ​កង្វល់​ពី​ព្រោះ​តែ​ការ​ប្រើការ​ផ្ទេរ​បច្ចេក​វិទ្យា​ដោយ​ការ​បង្ខំ​របស់​ចិន​និង​ការ​ដៅ​ជាក់​លាក់​ដើម្បី​ចាប់​យក​ភាគ​ហ៊ុន​ទីផ្សារ​នៅ​កំណត់​ឆ្នាំ​២០២៥។

នេះ​ចំណុច​សំខាន់​នៃ​លើ​ការ​ពិភាក្សា​រវាង​ពួក​អ្នក​ចរចា​សហរដ្ឋ​អាមេរិក​និង​ចិន។ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​ទាម​ទារ​ឲ្យ​បញ្ចប់​ការជួយ​ឧបត្ថម្ភ​ប្រាក់​ដល់ក្រុម​ហ៊ុន​ក្នុង​ស្រុក​នៅ​ក្រោម​ផែនការ​នោះ។ សហរដ្ឋ​អាមេរិក​ក៏​ចង់​ឲ្យ​ចិន​បញ្ចប់​ការ​ធ្វើ​ពាណិជ្ជកម្ម​មិន​ត្រឹម​ត្រូវ​ដែល​រួម​មាន​ការផ្ទេរ​បច្ចេក​វិទ្យា​ដោយ​ការ​បង្ខំមក​ពី​ក្រុម​ហ៊ុន​បរទេស។

រូបឯកសារ៖ មនុស្ស​យន្ត​មួយ​សម្ដែង​ឲ្យ​អ្នក​ទស្សនា​មើល​នៅ​កន្លែង​តាំង​ពិព័រណ៍​រថ​យន្ត​ចិន​ក្នុង​ការ​តាំង​ពិព័រណ៍​រថយន្ត​ចិន​ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ផ្នែក​ដ៏​សំខាន់​មួយ​នៃ​បច្ចេក​វិទ្យា ​ដែល​ត្រូវ​ប្រើ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ក្នុង​វិស័យ​ចំនួន​១០​មាន​ប្រភព​មក​ពី​បរទេស។

​ក៏ប៉ុន្តែ ​រដ្ឋាភិបាល​នៅ​ពេល​ឥឡូវ​នេះ ​កំពុង​កែ​ប្រែ​ច្បាប់​ដែល​នឹង​ទុក​ឲ្យ​ក្រុមហ៊ុន​ចិន​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក​មួយ។ រដ្ឋាភិបាល​ក៏​ត្រូវ​គេ​រំពឹងនឹង​កាត់​បន្ថយ​ការ​ជួយ​ឧបត្ថម្ភ​ប្រាក់​ដល់​ក្រុម​ហ៊ុន​នានា​ ដើម្បី​ជម្នះ​ការ​ជំទាស់​ប្រឆាំង​ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​សង្គ្រាម​ពាណិជ្ជកម្ម។

​ច្បាប់​ថ្មី​ និងការ​ផ្លាស់​ប្តូរគោល​នយោបាយដែល​រដ្ឋាភិបាល​នឹង​បង្ហាញ​ក្នុង​អំឡុង​នៃ​សម័យ​ប្រជុំ​របស់​អង្គការ​និតិ​បញ្ញតិ្ត​ចិន​ ឬ​សមាជ​ជាតិ​របស់​ប្រជា​ជន ​នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ទទួល​បាន​បច្ចេកវិទ្យា​បរទេស។

លោក​ស្រី​ Lourdes Casanova​ នាយិកា​នៅឯ​វិទ្យា​ស្ថាន​ទីផ្សារ​របស់​ប្រទេស​មាន​សេដ្ឋ​កិច្ច​ងើប​ឡើង​នៃ​សាកល​វិទ្យា​ល័យ​ Cornell​ បាន​និយាយ​ថា៖ «ចិន ​នឹង​រង​ផល​ប៉ះ​ពាល់​រយៈ​ពេល​ខ្លី ​ក៏​ប៉ុន្តែ​ក្នុង​រយៈ​ពេល​មធ្យម ​ចិន​ហាក់​ដូច​ជាមិន​មាន​បញ្ហា»។

ភាគ​ច្រើន ​ក្រុម​ហ៊ុន​ចិន​បាន​ប្រើ​ប្រាស់​មធ្យោបាយ​៣​ដើម្បី​ទទួល​បាន​បច្ចេក​វិទ្យាគឺ៖ ​ការ​ប្រើ​ការ​ខ្ចី​គំនិត​ឬ​លួច​គំនិត ​ការផ្ទេរ​បច្ចេក​វិទ្យា​ដោយ​ការ​បង្ខំពី​ដៃ​គូ​បរទេសនិងការ​ទិញ​ក្រុម​ហ៊ុន​បរទេស។

ការ​ទទួល​បាន​បច្ចេក​វិទ្យា​ដោយ​ក្រុម​ហ៊ុន​ចិន​ ឥឡូវ​នេះ ​បាន​ក្លាយ​ជា​បញ្ហា ​ពី​ព្រោះ​តែ​ការ​កើន​ឡើង​នូវ​ការ​ប្រយ័ត្ន​ប្រយែង​ហើយ​និង​ច្បាប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។

អ្នក​វិភាគ​ខ្លះ​ជឿថា មាន​ភាព​ចន្លោះ​ប្រហោងក្នុង​ផែនការ​ឆ្នាំ​២០២៥​ ហើយ​រដ្ឋាភិបាល ​បាន​គិត​ឡើង​វិញ​នៅ​ពេល​ឥឡូវ​នេះ។

លោក ​Mats Harborn ​ប្រធាន​សភា​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ក្នុង​ប្រទេស​ចិន ​បាន​ប្រាប់ VOA ថា៖ «ផែនការ​ដើម​ឆ្នាំ​២០២៥ មាន​លក្ខណៈ​ជាតិ​និយម​ខ្លាំង​ពេក​ហើយ​នឹង​មាន​ការ​បញ្ជា​មក​ពី​លើ។ វា​ជា​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា»។

លោក​និយាយ​ថា៖ «ពួក​មេដឹកនាំ​រដ្ឋាភិបាល​បាន​គិត​ថា បច្ចេក​វិទ្យា​ត្រូវ​តែគ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​ចិន។ ពួក​គេ​គិត​ថា​ ខ្លួន​អាច​ធ្វើ​ការងារ​នេះ​ដោយ​ខ្លួន​ឯង»។

លោក​ Harborn ​និយាយ​ទៀត​ថា៖ «មាន​ការ​ផ្លាស់​ប្តូរ ​ឬ​ភាព​ចាស់​ទុំ​ក្នុង​ការ​យោគ​យល់​នេះ។​ មាន​ការ​យល់​ដឹង​ថា ​ចិន ​មិន​អាចធ្វើ​អ្វី​ទាំង​អស់​ដោយ​ខ្លួនឯង​ទេ។ ចិន​ត្រូវ​បញ្ចូល​ប្រព័ន្ធ​អន្តរជាតិឲ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។

ព័ត៌មាន​ថ្មី​ដែល​លេច​ចេញ​ឡើង​នៅ​ពេល​ឥឡូវ​នេះ​ប្រាប់​ឲ្យ​ដឹង​ថា មាន​ការ​ទាស់​ទែង​គ្នា​នៅ​ក្នុង​រដ្ឋាភិបាល​អំពី​ភាព​សាក​សម​នៃ​ផែនការ​ដ៏​ធំ​ហួស​ហេតុ​នេះ។

លោក ​Lou Jiwei ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ចិន​នៅ​ចន្លោះ​ឆ្នាំ​២០១៣​ និង​ឆ្នាំ​២០១៦ ​បាន​និយាយ​នៅ​ខាង​ក្រៅ​ជំនួប​អង្គការ​នីតិបញ្ញត្តិ​ក្នុង​ក្រុង​ប៉េកាំង​ថា៖ «យុទ្ធ​សាស្រ្ត​នេះ​មិន​ត្រូវ​ធ្វើ​តាម​របៀប​នេះ​ទេ។ ខ្ញុំ​បាន​ប្រឆាំង​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​មក​ម៉្លេះ ​ខ្ញុំ​មិន​យល់​ស្របជាមួយ​យុទ្ធសាស្រ្ត​នេះ​ទេ»។

រូបឯកសារ៖ ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ នៅ​ក្នុង​ការបិទ​អង្គ​ប្រជុំ​នៃ​សន្និសីទ​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ នៅ​មហាសាល​ប្រជាជន​ចិន​ ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១៣ មីនា ២០១៩។

​អ្នក​តាក់​តែ​ង​គោល​នយោបាយ​ផ្សេង​ទៀត​បាន​ប្រាប់​ VOA ​ថា ​រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​កែ​សម្រួល​ស្រប​ទៅ​តាម​មតិ​សាធារណៈ។

លោក​ Tang Nong ​ជា​ប្រតិភូ​សមាជជាតិ​របស់​ប្រជាជន​ឬ ​(NPC) ​មក​ពី​តំបន់​ស្វយ័ត​ Guangxi ​បាន​និយាយ​ថា៖ «ការ​ផ្តោត​កាន់​តែ​តិច​ទៅ​លើ​ផលិតផល​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២៥​ ឬ ​Made in China 2025​ ឆ្លុះ​បញ្ចាំង​ពី​របៀប​ដោះ​ស្រាយ​សម​ហេតុ​ដោយ​រដ្ឋាភិបាល​ដើម្បី​កាត់​បន្ថយ​ឧបសគ្គ​ ការ​តវ៉ា​ប្រឆាំង​ និង​ប្រតិកម្ម​មិន​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​ជឿន​លឿន​ទៅ​មុខ​ក្នុង​ទិស​ដៅ​វិជ្ជមាន»។

លោក​ Sun Xianzhong ​ជា​ប្រតិភូ​សមាជជាតិ​របស់​ប្រជាជន​ឬ ​(NPC)​ និង​ជា​សាស្រ្តាចារ្យ​ច្បាប់​អន្តរជាតិ​នៅ​ឯ​បណ្ឌិត​សភា​វិទ្យាសាស្រ្ត​សង្គម​របស់​ចិន បាន​សួរថា៖ «រដ្ឋាភិបាលកំពុង​ធ្វើ​ឲ្យ​ជឿន​លឿន​ទៅ​តាម​ផែនការ​ ៥ឆ្នាំ​លើក​ទី១៣។ តើ​ផលិតផល​ធ្វើ​នៅ​ក្នុង​ប្រទេស​ចិន​ឆ្នាំ​២០២៥ ​ជា​ផែនការ​ឬ​ជា​គម្រោង​ដ៏ធំ​មួយ?»។

​អ្នក​វិភាគ​ ជឿ​ជាក់​ថា រដ្ឋាភិបាលអាច​កែ​ប្រែ​និង​ធ្វើ​ផែនការ​នោះ​ឡើង​វិញ ​ក៏ប៉ុន្តែ ​ការណ៍​នេះ ​មិន​ទំនង​បង្អន់​ការ​ខំ​ប្រឹង​ប្រែងរបស់​ខ្លួន​ទេ។

លោក ​Duncan Innes-Ker ​នាយក​ទទួល​បន្ទុក​តំបន់​អាស៊ី​នៅ​ឯ​អង្គការ​ស៊ើប​ការណ៍​សេដ្ឋ​កិច្ច ​បាន​និយាយ​ថា៖ «រដ្ឋាភិបាល​នៅ​តែ​តាំង​ចិត្ត​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​របស់​ចិន​រីក​ចម្រើន​ហើយ​នឹង​បន្ត​ប្រើ​គោល​នយោបាយ​ឧស្សាហកម្ម​ផ្សេងៗ​ដើម្បី​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​នេះ»។

លោក​ Harborn ​ជឿ​ជាក់​ថា​ រដ្ឋាភិបាល ​នឹង​ផ្លាស់​ប្តូរ​គំនិត​ពី​ការ​ទទួល​បាន​បច្ចេក​វិទ្យាថ្មី​ទៅ​ស្រូប​យក​បច្ចេក​វិទ្យា​ទាំង​នោះ​នៅ​ក្នុង​ផ្នែក​ឧស្សាហកម្ម។

លោក​និយាយ​ទៀត​ថា៖ «នេះ​ជាព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ។​ ការផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ថ្មី ​គឺ​ការ​បញ្ចូល​បច្ចេក​វិទ្យា​ដ៏​ល្អ​បំផុត​ហើយ​នឹង​បង្កើត​ផលិតផល​ឬ​សេវា​កម្មផ្តាច់​ព្រាត់​ដ៏​ល្អ​បំផុត»។

ក្រុម​ហ៊ុន​ដែល​កាន់​កាប់​ដោយ​រដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន​អាច​មាន​ភាព​ប្រសើរ​ឡើង​ ប្រសិន​បើ ​ផែនការឆ្នាំ​២០២៥ ​បាន​ត្រូវ​កែ​ប្រែ ​ពីព្រោះ​តែ​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួកគេ​កាន់​តែ​ច្រើន​ឡើង​លើ​ប្រាក់​ចំណូល​ជាង​ប្រាក់​ចំណេញ។

លោក​ស្រី ​Casanova​ នាយិកានៅ​ឯ​វិទ្យាស្ថាន​ទីផ្សារ​របស់​ប្រទេស​មាន​សេដ្ឋ​កិច្ច​ងើប​ឡើង​នៃ​សាកល​វិទ្យាល័យ ​Cornell ​បាន​និយាយ​ទៀត​ថា៖ «ចំពោះ​ក្រុមហ៊ុន​ដែល​កាន់​កាប់​ដោយ​រដ្ឋ ​ប្រាក់​ចំណេញ​នឹង​ធ្លាក់​ចុះ​ដោយ​បង្កើន​ប្រាក់​ចំណូល​ឬ​ការងារ ​ដូច្នេះ ​តើ​អ្វី​ជា​បញ្ហា?។ ​ការណ៍​នេះ ​មិន​ជាអ្វី​ទេ។ ប្រាក់​ចំណេញ​បាន​តិច ​ហើយ​វា​មិន​មែន​ជាការ​ពិចារណា​សំខាន់​ទេ»៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន