ចិន​នឹង​បញ្ចប់​ការសាងសង់លើកោះ​ក្នុង​សមុទ្រចិន​ខាង​ត្បូង

ម៉ាស៊ីន​បូម​ខ្សាច់​ត្រូវ​បាន​ឃើញ​នៅ​ប្រជុំ​កោះ​គ្មាន​មនុស្ស​នៅ​ Spratly ជា​រូបភាព​ដែល​ថត​ចេញ​ពី​វីដេអូ​ថត​ដោយយន្តហោះ​ស៊ើបការណ៍​ P-8A Poseidon ផ្តល់​ដោយ​កងនាវីជើងទឹក​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា។

ប្រទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ខ្លួន​នឹង​បញ្ចប់​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​ចាក់​ដី​ពង្រីក​កោះ​ដ៏​ចម្រូង​ចម្រាស់​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ​ក៏​ប៉ុន្តែ​បាន​សន្យា​បន្ត​ស្ថាបនាប្រជុំ​កោះ​បង្កើត​ដោយ​មនុស្ស​ ដែល​បាន​បង្ក​ឲ្យ​មាន​ការតាន​តឹង​ពី​ប្រទេស​ដែល​ទាម​ទារ​កោះ​នោះ​ដែរ។

ក្រសួង​ការបរទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ ដោយ​ប្រើ​ប្រាស់​ឈ្មោះប្រជុំ​កោះ​ Spratly ជា​ភាសា​ចិន​ថា «​គម្រោង​ចាក់​ដី​ពង្រីក​កោះ​នៅ​លើ​ប្រជុំ​កោះ​ដែល​បាន​បោះ​ទីតាំង​និង​ប្រជុំ​ថ្ម​ប៉ប្រះ​ទឹក​ Nansha ខ្លះ​របស់​ចិន​នឹង​ត្រូវ​បាន​បញ្ចប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត‍»។

សេចក្តី​ថ្លែងការណ៍​ខ្លី​ៗ​របស់​ក្រសួង​ការបរទេស​ចិន​ ដែល​មិន​បាន​ប្រាប់​ពី​កាល​បរិច្ឆេទ​នៃ​ការបញ្ចប់​ការ​សាង​សង់​កោះ​នោះ ​បាន​ការ​ពារ​គម្រោង​ចាក់​ដី​ធ្វើ​កោះ​ថា​ មិន​អាច​បក​ក្រោយ​វិញ​បាន​ ហើយ​ផ្តោត​យ៉ាង​សំខាន់​លើគោល​បំណង​ខាង​ស៊ីវិល​ មិន​មែនគោល​បំណង​ខាង​យោ​ធា​ទេ។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា «​គម្រោង​ចាក់​ដី​ធ្វើ​កោះ​នោះ ​ជា​ការត្រឹម​ត្រូវ ​ហើយ​និង​ស្រប​ច្បាប់ ​ហើយ​វា​មិន​បាន​ប្រឆាំង​ប្រទេស​ណា​មួយ និង​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​សេរីភាពរបស់​នាវាចរណ៍​ និង​ការហោះ​ហើរ​របស់​ប្រទេស​ណា​មួយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ទេ‍»។

សហរដ្ឋ​អាមេរិក​បាន​បង្កើន​ការជំទាស់​ប្រឆាំង​របស់​ខ្លួន​ ដល់​គម្រោង​ស្ថាបនា​កោះ ​ដែល​ឥឡូវ​នេះ​អាមេរិក​បាន​និយាយ​ថា មាន​ទំហំ​២០០០​ហិកតា​នៅ​លើ​ប្រជុំ​ថ្ម​ប៉​ប្រះ​ទឹក ដែល​គ្មាន​មនុស្ស​រស់​នៅ​ ហើយ​ជាផ្លូវ​ទឹក​ដ៏​សំខាន់។

ការស្ថាបនា​កោះ ​បង្ហាញ​ពី​គោល​បំណង​ខាង​យោ​ធា ​រួម​មាន​ប្រព័ន្ធ​រ៉ាដា បន្ទាយ​យោធា ​និង​ផ្លូវ​យន្តហោះ។​ កាល​ពី​ខែ​មុន ​សហរដ្ឋ​អាមេរិក ​ក៏​បាន​និយាយ​ដែរ​ថា ​ចិន ​បាន​យក​រថយន្ត​ដឹក​កាំភ្លើង​ធំ​ទៅកាន់​ប្រជុំ​កោះ​នោះ ឥឡូវ​នេះ​រថយន្ត​ទាំង​នោះ​ត្រូវ​បាន​គេ​យក​ចេញ​៕