រដ្ឋាភិបាលចិនបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួននឹងកាត់ផ្ដាច់ការនាំចូលធ្យូងថ្ម រ៉ែដែក និងទំនិញផ្សេងៗទៀតពីប្រទេសកូរ៉េខាងជើង នៅក្នុងរយៈពេល ៣ សប្ដាហ៍ខាងមុខ ស្របទៅតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
កន្លងមក រដ្ឋាភិបាលចិន ដែលជាដៃគូពាណិជ្ជកម្មចម្បងបំផុតរបស់កូរ៉េខាងជើង មានការស្ទាក់ស្ទើរក្នុងការជំរុញរបបដឹកនាំរបស់លោក Kim Jong Un ខ្លាំងក្លាពេក ដោយសារខ្លួនខ្លាចថារបបនោះអាចដួលរលំ។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលក្រុងប៉េកាំងមានការខកចិត្តកាន់តែកើនឡើងជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងគាំទ្រចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចុះថ្ងៃទី ៥ ខែសីហា ក្នុងការហាមឃាត់ការនាំចូលធ្យូងថ្ម និងទំនិញសំខាន់ៗផ្សេងទៀត។
ទីភ្នាក់ងារគយរបស់ប្រទេសចិន បានឲ្យដឹងថា ខ្លួននឹងឈប់អនុញ្ញាតឲ្យមានការនាំចូលធ្យូងថ្ម រ៉ែដែក រ៉ែសំណ និងត្រី ចាប់ពីថ្ងៃទី ៥ ខែកញ្ញាខាងមុខនេះ។
ការប្រកាសដូចនេះបានធ្វើឡើង បន្ទាប់ពីការផ្ដោះផ្ដងពាក្យសម្ដីពោរពេញដោយកំហឹងមានការកើនឡើងរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងរដ្ឋាភិបាលកូរ៉េខាងជើង។
ការដាក់ទណ្ឌកម្មថ្មីៗបំផុតចុងក្រោយនេះរបស់អង្គការសហប្រជាជាតិ មានគោលបំណងរារាំងការនាំចេញរបស់កូរ៉េខាងជើងក្នុងទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក នៃការនាំចេញសរុបរបស់កូរ៉េខាងជើងក្នុងទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន៕