រដ្ឋាភិបាលចិនកាលពីថ្ងៃព្រហស្បតិ៍បានគំរាមថានឹងឈប់ទទួលស្គាល់លិខិតឆ្លងដែនអង់គ្លេសសម្រាប់ពលរដ្ឋហុងកុងដែលគេហៅកាត់ថា លិខិតឆ្លងដែន BNO ហើយថានេះជាវិធានការតបតនឹងចក្រភពអង់គ្លេសអតីតអាណាព្យាបាលអាណានិគមហុងកុង ដែលបានបន្ធូរបន្ថយមធ្យោបាយឲ្យពលរដ្ឋហុងកុងអាចទទួលសញ្ជាតិអង់គ្លេសបាន។
រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេសអ្នកស្រី Priti Patelបានថ្លែងក្នុងសប្តាហ៍នេះថា ពលរដ្ឋហុងកុងដែលមានលិខិតឆ្លងដែន BNO អាចដាក់ពាក្យសុំទិដ្ឋាការពិសេសទៅរស់នៅអង់គ្លេសដែលបើកផ្លូវឲ្យទទួលបានសញ្ជាតិទៅអនាគត។
ប៉ុន្តែប្រទេសចិនបានចាត់ទុកគោលនយោបាយនេះថាជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ថ្លែងក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា នេះក៏ជាការរំលោភលើច្បាប់អន្តរជាតិហើយចិនមានសិទ្ធិចាត់វិធានការតបតវិញ៕