ចិន​គំរាម​ដាក់​ទោស​ប្រហារ​ជីវិត​ចំពោះ​ជន​ផ្ដាច់ខ្លួន​ទាមទារ​ឯករាជ្យ​តៃវ៉ាន់

រូបឯកសារ៖ ប្រធានាធិបតីកោះតៃវ៉ាន់​លោក Lai Ching-te ធ្វើ​ទស្សនកិច្ច​នៅ​បណ្ឌិតសភាយោធា​ នៅ​ក្រុង Kaohsiung កោះតៃវ៉ាន់ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

ប្រទេស​ចិន​បាន​ចេញផ្សាយ​គោលការណ៍​ណែនាំ​ថ្មី​សម្រាប់​ការ​ដាក់ទោស​ព្រហ្មទណ្ឌ​ដែល​រួម​ទាំង​ទោស​ប្រហារ​ជីវិត​ផងដែរ​សម្រាប់​ករណី​ជ្រុល​និយម​មួយ​ចំនួន​ដែល​ពាក់ ព័ន្ធ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ចិន​ហៅ​ថា​ជនផ្ដាច់ខ្លួន​ឯករាជ្យ​តៃវ៉ាន់​ដ៏«ងប់ងល់»។

គោលការណ៍​ណែនាំ​ថ្មី​នេះ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ២១ ខែ​មិថុនា​កន្លង​ទៅ​នេះបាន​ធ្វើឡើង​នៅ​ពេល​ដែល​ចិន​បង្កើន​ការ​ដាក់​សម្ពាធ​លើ​តៃវ៉ាន់ បន្ទាប់ពី​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់​លោក Lai Ching-te បាន​ឈ្នះ​ការ​បោះឆ្នោត​កាលពី​ខែ​មករា​និង​ស្បថ​ចូល​កាន់​តំណែង​កាលពី​ខែ​ឧសភា។

ចិន​ហៅ​លោក Lai ថា​ជា «ជន​ផ្ដាច់ខ្លួន​ដ៏​គ្រោះថ្នាក់» ហើយ​បាន​ធ្វើ​សមយុទ្ធ​ភ្លាមៗ បន្ទាប់ពី​លោក Lai បាន​ស្បថ​ចូល​កាន់​តំណែង។ រដ្ឋាភិបាល​ចិន​ក៏​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​និង​បង្កើន​ការ​ល្បាត​របស់​ឆ្មាំ​សមុទ្រ​នៅ​ជុំវិញ​កោះ​នានា​ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់​នៅ​ឯ​សមុទ្រ​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន​ផងដែរ។

នៅ​ក្នុង​ទស្សនៈ​របស់​ចិន តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ហើយ​តៃវ៉ាន់​មាន​ជម្រើស​តែ​មួយ​គត់ ដែល​នោះ​គឺ​ការ​បង្រួបបង្រួម​ជាមួយ​ចិន។

ប៉ុន្តែ ការ​ស្ទង់មតិ​សាធារណៈ​នៅ​តៃវ៉ាន់​បាន​បង្ហាញ​ថាពលរដ្ឋ​តៃវ៉ាន់​ភាគច្រើន​មិន​គាំទ្រការ​បង្រួបបង្រួម​ជាមួយ​ចិន​ឬ​ឯករាជ្យភាព​របស់​តៃវ៉ាន់​ឱ្យ​បាន​ឆាប់​នោះទេ។ ប៉ុន្តែ​ជំនួស​មកវិញ ការ​ស្ទង់មតិ​នោះ​បាន​បង្ហាញ​ថាពួកគេ​ភាគច្រើន​គាំទ្រ​ការរក្សា​ស្ថានភាពបច្ចុប្បន្ន​ឱ្យ​នៅ​ដដែល។

រដ្ឋាភិបាល​ចិន​បាន​បង្ហាញ​ជា​សាធារណៈ​ឱ្យ​ឃើញ​ថា ​ខ្លួន​មិន​ពេញចិត្ត​លោក Lai និង​គណបក្ស Democratic Progressive Party របស់​លោក Lai ដែល​មាន​ទំនោរ​ទៅរក​អធិបតេយ្យភាព។

វិធានការ​ថ្មី​នេះ​មើលទៅ​គឺ​ជា​កិច្ចប្រឹងប្រែង​ថ្មី​ចុងក្រោយ​បង្អស់​របស់​ចិន​នៅក្នុង​ការ​ធ្វើ​ឲ្យមាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​សាធារណជន​តៃវ៉ាន់​និង​រដ្ឋាភិបាល​ថ្មី​របស់​តៃវ៉ាន់។ បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua របស់​ចិន គោលការណ៍​ណែនាំ​ថ្មី​នេះ​មាន​បំណង​សំដៅ​លើ​អ្នកណា​ដែល​បង្កើត«អង្គការ​ផ្ដាច់ខ្លួន»ឬ​ក៏​អ្នកណា​ដែល​ណែនាំ​មនុស្ស​ឱ្យ «ធ្វើ​សកម្មភាព​បំបែក​រដ្ឋ»។

តុលាការ រដ្ឋអាជ្ញា និង​អង្គភាព​សន្តិសុខ​សាធារណៈ​និង​រដ្ឋ​របស់​ប្រទេស​ចិន​នឹង «ដាក់​ទោស​ធ្ងន់ធ្ងរ​ស្រប​តាម​ច្បាប់​ចំពោះ​ជន​ងប់ងល់​ឯករាជ្យ​តៃវ៉ាន់​ណា​ដែល​បាន​បំបែក​ប្រទេស​ចិន​និង​ញុះញង់​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ផ្ដាច់ខ្លួន ហើយ​នឹង​ការពារ​ដោយ​គ្មាន​ញញើត​នូវ​អធិបតេយ្យភាព​ជាតិ ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី»។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua។

នៅក្នុង​គោលការណ៍​ណែនាំ​ថ្មី​នោះ ទោស​ប្រហារ​ជីវិត​គឺ​សំដៅ​ចំពោះ«មេខ្លោង» នៃ​កិច្ច​ប្រឹងប្រែង​ទាមទារ​ឯករាជ្យ​ណា​ដែល«បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាពិសេស​ដល់​រដ្ឋ​និង​ប្រជាជន»។

នៅក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ណែនាំ​ថ្មី​នេះ ក្រុមប្រឹក្សា​តៃវ៉ាន់​ទទួល​បន្ទុក​កិច្ចការ​ចិន​ដីគោក​បាន​ជំរុញ​សាធារណជន​កុំ​ឱ្យ​មាន​អារម្មណ៍​ថា​រង​ការ​គំរាមកំហែង​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន។

ក្រុមប្រឹក្សា​នេះ​បាន​បញ្ជាក់​ថា៖«អាជ្ញាធរ​ចិន​គ្មាន​យុត្តាធិការ​ណាមួយ​លើ​តៃវ៉ាន់​ទេ ហើយ​ច្បាប់​និង​បទដ្ឋាន​របស់​ពួក​កុម្មុយនីស្ត​ចិន​នេះ​គ្មាន​សុពលភាព​ណាមួយ​លើ​ប្រជាជន​តៃវ៉ាន់​ឡើយ»៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា