ចិន​បង្កើន​សកម្មភាព​ល្បាត​នៅ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ

ឧទ្ធមាគចក្រ​ប្រភេទ Z-9 នៃ​កងទ័ព​ជើង​ទឹក​ចិន​ត្រៀម​ចុះ​ចត​លើ​នាវា CNS Huangshan (FFG-570) នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ប្រទេស​វៀតណាម​ និង​ម៉ាឡេស៊ី ដែល​មាន​យោធា​ខ្សោយ​ជាង​ចិន ត្រូវ​គេ​រំពឹង​ថា​នឹង​តវ៉ា​តាម​មធ្យោបាយការទូត​ប្រឆាំង​ការ​បញ្ជូននាវា​ល្បាត​របស់​ចិន ចូល​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​ក្នុង​ខែ​នេះ ដោយ​បង្ក​ឲ្យ​មាន​ភាព​ជាប់គាំង​ដ៏​យូរ​មួយ​ប៉ុន្តែ​គ្មាន​អំពើ​ហិង្សា​ទេ។

ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​ពីរ​នេះ​ កំពុង​តាមដាន​បម្លាស់ទី​របស់​នាវា​ចិន​ឈ្មោះ Haiyang Dizhi 8 ដែល​របាយការណ៍​ព័ត៌មាន​ជាច្រើន​និយាយ​ថា បាន​ឆ្លង​ចូល​គន្លង​ដែល​មាន​ជម្លោះ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​សប្តាហ៍​មុន។

នាវា​ដដែល​នេះ បាន​ចំណាយ​ពេល​៤​ខែ​កាល​ពី​ឆ្នាំ​២០១៩ នៅក្នុង​ដែន​ទឹក​ដែល​សម្បូរ​ប្រេង​ក្នុង​សមុទ្រ​ដែល​ប្រទេស​វៀតណាម​បាន​ទាមទារ​ដែរ ហើយ​កងនាវិក​ចិន បាន​ទប់ស្កាត់​ក្រុម​នាវិក​វៀតណាម មិន​ឲ្យ​រុករក​ប្រេង​ក្រោម​សមុទ្រ​នោះ​ទេ។

ក្រុម​អ្នក​វិភាគ​ជឿ​ថា​លើក​នេះ រដ្ឋ​ទាំង​ពីរ​នេះ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប្រហែល​ជា​នឹង​តវ៉ា​តាម​ផ្លូវ​ការទូត​ទៅ​កាន់​ប្រទេស​ចិន ប៉ុន្តែ ប្រហែល​ជា​មិន​ធ្វើ​អ្វី​លើស​ពី​នេះ​ទេ ដោយ​សារ​ប្រទេស​ទាំង​ពីរ​មាន​យោធា​ខ្សោយ​ជាង​ប្រទេស​ចិន។ នាយករដ្ឋមន្ត្រីថ្មី​នៃ​ម៉ាឡេស៊ី ដែល​ទើប​ចូល​កាន់​តំណែងមិន​ទាន់​បាន​២​ខែ​ផង​នោះ មាន​បទពិសោធន៍​ខាង​នយោបាយ​ការបរទេស​តិចតួច។

ក្រុម​អ្នក​វិភាគ​ជឿ​ថា ចិន​នឹង​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​ដែល​ស្ងាត់ស្ងៀម​នោះ ដោយ​ការ​រក្សា​នាវា​ចុះ​វាស់វែង​ដែន​ទឹក​នោះ នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ​ដដែល​ ហើយ​នឹង​ឃាឃាំង​កិច្ចប្រឹងប្រែង​រុករក​ថាមពល​របស់​ប្រទេស​ម៉ាឡេស៊ី​ និង​វៀតណាម៕