ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បញ្ជាក់​ថា វិធានការ​របស់​លោក Trump ចំពោះ​ទីក្រុង Jerusalem នឹង​ទទួល​រង​ប្រតិកម្ម​ប្រឆាំង​ខ្លាំងៗ

ប្រធានាធិបតី​ត្រាំ​ លើក​បង្ហាញបទបញ្ជាបន្ទាប់ពី​ប្រកាស​ថា​សហរដ្ឋអាមេរិក​នឹង​ទទួល​ស្គាល់ទីក្រុង​ Jerusalem ជារដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​សេតវិមាន​កាលពី​ថ្ងៃទី០៦ ធ្នូ ២០១៧។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ទស្សន៍ទាយ​ថា នឹង​មាន​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក្នុង​ការ​ទទួល​ស្គាល់​ទីក្រុង Jerusalem ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល ដែល​ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​ទុក​ថា​ជា​វិធានការ​គ្រោះថ្នាក់ និង​ល្ងីល្ងើ។

អត្ថបទ​បញ្ចេញ​មតិ​មួយ​ចំនួន​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​ព្រមាន​ថា ការ​សម្រេច​ចិត្ត​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​បន្ថែម​ទៀត​កើត​ឡើង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​តំបន់​មជ្ឈិម​បូព៌ា​មាន​ភាព​ប្រេះស្រាំ។

ប្រធាន​បទ​នេះ​ត្រូវ​បាន​ផ្ដោត​ជា​ចម្បង​បំផុត​នៅ​លើ​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍ CCTV របស់​ចិន ដោយ​ក្នុង​នោះ​សេចក្ដី​រាយការណ៍​វែងៗ​នានា​បាន​លើក​ឡើង​ពី​ការ​ប្រឆាំង​របស់​ប៉ាឡេស្ទីន​ចំពោះ​វិធានការ​នេះ និង​ការ​គាំទ្រ​បន្តិចបន្តួច​ជាពិសេស​ពី​សំណាក់​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ទ្វីប​អឺរ៉ុប​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ។

សេចក្ដី​រាយការណ៍​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ពី​អស្ថិរភាព និង​ភាព​ស្រពិចស្រពិល​ដែល​អាច​កើត​ឡើង​នៅ​តំបន់​មជ្ឈិម​បូព៌ា​ដោយសារ​វិធានការ​នេះ៕