ប្រទេស​ចិន​ចេញ​ផ្សាយ​គោល​នយោបាយ​សេដ្ឋកិច្ច​ឆ្នាំ២០១៩

លោក​នាយករដមន្ត្រី​ចិន Li Keqiang បង្ហាញ​ពី​របាយការណ៍​ការងារ​នៅ​ក្នុង​ការ​បើក​កិច្ចប្រជុំ​សភា​ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។

ការ​កាត់​បន្ថយ​ពន្ធ និង​ការ​បង្កើន​ការ​ចំណាយ​សម្រាប់​ផ្នែក​យោធា​គឺ​ជា​វិធានការ​មួយ​ចំនួន ដែល​ប្រទេស​ចិន​នឹង​ស្នើ​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​មិន​សូវ​មាន​ភាព​ក្លៀវក្លា​របស់​ខ្លួន។

នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​ប្រកាស​ពី​វិធានការ​ទាំង​នេះ​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ថ្ងៃ​បើក​កិច្ច​ប្រជុំ​រដ្ឋសភា​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

លោក Li Keqiang បាន​ប្រាប់​ក្រុម​អ្នក​តំណាងរាស្ត្រ​ថា អ្នក​ធ្វើ​គោល​នយោបាយ​ចង់​ឲ្យ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​មាន​កម្រិត​ពី ៦ ទៅ ៦,៥ ភាគរយ នៅ​ក្នុង​ឆ្នាំ​នេះ ដែល​នេះ​ជា​ការ​បន្ថយ​បន្តិចបន្តួច​ពី​គោលដៅ​កាល​ពី​ឆ្នាំ​មុន ដែល​ចង់​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​កម្រិត ៦,៥ ភាគរយ។

ការ​រីក​ចម្រើន​សេដ្ឋកិច្ច​ផ្លូវការ​របស់​ប្រទេស​ចិន ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក​នេះ កាល​ពី​ឆ្នាំ ២០១៨ មាន​ចំនួន ៦,៦ ភាគរយ ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈពេល​ជិត ៣ ទសវត្សរ៍​កន្លង​មក​នេះ ដោយសារតែ​មាន​តម្រូវការ​ទំនិញ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស និង​ដោយសារតែ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរចត់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

លោក Li Keqiang បាន​និយាយ​ថា រដ្ឋាភិបាល​ចិន​នឹង​កាត់​បន្ថយ​ពន្ធ​លើ​ផល​ចំណេញ​របស់​ក្រុមហ៊ុន​អាជីវកម្ម​នានា និង​ថវិកា​រួម​ចំណែក​ផ្នែក​ធានារ៉ាប់រង​សង្គម​ចំនួន ២៩៨ ពាន់​លាន​ដុល្លារ​អាមេរិក ក៏ដូចជា​បន្ទាប​ពន្ធ​លើ​តម្លៃ​បន្ថែម​សម្រាប់​ផ្នែក​ផលិតកម្ម​ពី ១៦ មក​នៅ ១៣ ភាគរយ។ ស្រប​ពេល​នោះ​ដែរ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សម្រេច​កញ្ចប់​ថវិកា​ចំនួន ១៧៧ ពាន់​លាន​ដុល្លារ សម្រាប់​វិស័យ​យោធា​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​ជា​ការ​កើន​ឡើង​ចំនួន ៧,៥ ភាគរយ។

រដ្ឋសភា​ចិន​ត្រូវ​គេ​រំពឹង​ថា ​នឹង​អនុម័ត​លើ​ច្បាប់​ថ្មី​មួយ​នៅ​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​លើក​នេះ ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​បរទេស​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​របស់​ពួកគេ​ដល់​រដ្ឋាភិបាល​ចិន ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​លទ្ធភាព​ចូល​ទៅ​ក្នុង​ទីផ្សារ​របស់​ចិន​នោះ​ទេ៕