ប្រទេសចិនកំពុងតែបញ្ជូនសញ្ញារបស់ខ្លួនអំពីការគាំទ្រការដាក់ទណ្ឌកម្មអន្តរជាតិថ្មីដែលធ្ងន់ធ្ងរដល់ប្រទេសកូរ៉េខាងជើង។
អង្គការសហប្រជាជាតិបានអនុម័តលើការពង្រីកទណ្ឌកម្មកាលពីថ្ងៃទី២ខែមីនា ដើម្បីដាក់ពិន័យដល់រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន ចំពោះការសាកល្បងនុយក្លេអ៊ែរលើកទី៤របស់ខ្លួន និងការបាញ់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយកាលពីដើមឆ្នាំនេះ។
ប្រទេសចិន និងសហរដ្ឋអាមេរិកបានសហការគ្នាក្នុងការរៀបចំដាក់ទណ្ឌកម្មថ្មី ដែលតម្រូវឲ្យធ្វើការត្រួតពិនិត្យជាកំហិតទៅលើរាល់ទំនិញដែលនាំចូលពីប្រទេសកូរ៉េខាងជើង និងហាមឃាត់រាល់ការនាំចេញរ៉ែស្ទើរតែគ្រប់ប្រភេទពីប្រទេសកូរ៉េខាងជើង។
ការអនុវត្តទៅតាមទណ្ឌកម្មអន្តរជាតិទាំងនេះរបស់រដ្ឋាភិបាលក្រុងប៉េកាំងត្រូវបានគេចាត់ទុកថាមានសារៈសំខាន់ ដោយសារ៩០ភាគរយនៃទំនិញរបស់កូរ៉េខាងជើងចូលទៅក្នុងប្រទេសចិន ឬត្រូវឆ្លងកាត់ប្រទេសចិន។
ក្រុមមេដឹកនាំរបស់ចិនបានសន្យាគាំទ្រទណ្ឌកម្មនេះ ប៉ុន្តែនៅមិនទាន់ប្រកាសអំពីវិធានការជាក់លាក់ដើម្បីអនុវត្តវានៅឡើយទេ។
មានសេចក្តីរាយការណ៍ផ្សេងៗគ្នាពីទីក្រុង Dandong អំពីការអនុវត្តនូវកិច្ចខិតខំប្រឹងប្រែងនេះ។ ទីក្រុងនេះគឺជាបណ្តុំពាណិជ្ជកម្មទេ្វភាគីដ៏ធំបំផុតនៅខាងភាគីចិន ដែលមានទន្លេយ៉ាលូ ជាព្រំប្រទល់ខណ្ឌរវាងប្រទេសចិន និងប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មានមួយចំនួន ដែលជារឿយៗដងស្រង់សម្តីរបស់ពាណិជ្ជករនៅក្នុងតំបន់ បានរាយការណ៍ថា មានការថយចុះចំនួនយានជំនិះដែលធ្វើចរាចរណ៍នៅតាមព្រំដែន ការផ្អាកការផ្ទេររូបិយប័ណ្ណទៅធនាគាររបស់កូរ៉េខាងជើង និងមានការហាមឃាត់មិនឲ្យមាននាវាកូរ៉េខាងជើងចូលមកក្នុងកំពង់ផែរបស់ចិននោះទេ៕