ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃពុធម្សិលមិញនៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ខ្លួនចង់ឲ្យមាន «ដំណើរការអន្តរកាលបែបប្រជាធិបតេយ្យ» នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែបានច្រានចោលការដាក់ទណ្ឌកម្ម។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ឯកអគ្គរដ្ឋទូតចិនលោក Zhang Jun បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា៖ «រដ្ឋាភិបាលចិនសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងស្ដារសន្តិភាព ស្ថិរភាព និងរបៀបរៀបរយតាមរដ្ឋធម្មនុញ្ញឡើងវិញឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយបន្តធ្វើឲ្យប្រសើរឡើងនូវដំណើរការអន្តរកាលបែបប្រជាធិបតេយ្យ»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយ។
លោកបានបន្ថែមថា៖ «ការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាចំណាប់អារម្មណ៍រួមរបស់សហគមន៍អន្តរជាតិ។ ប្រសិនបើមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងភាពចលាចលរ៉ាំរ៉ៃ វានឹងក្លាយជាមហន្តរាយសម្រាប់មីយ៉ាន់ម៉ាផ្ទាល់ និងតំបន់ទាំងមូល»។
យោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ និងដែលបានបង្ក្រាបដោយហិង្សាលើការតវ៉ាប្រឆាំង ពឹងផ្អែកលើប្រទេសចិនជាសម្ព័ន្ធមិត្តដ៏ចម្បងរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ក៏ចិននៅតែបន្តជំទាស់ទៅនឹងការដាក់គំនាបខាងសេដ្ឋកិច្ចលើមីយ៉ាន់ម៉ា នៅក្រោយកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ ដែលនៅក្នុងកិច្ចប្រជុំនោះ មហាអំណាចបស្ចិមប្រទេសនានាបានលើកឡើងអំពីវិធានការបន្ថែមលើមីយ៉ាន់ម៉ា៕
ចិនចង់ឲ្យមាន «ដំណើរការអន្តរកាលបែបប្រជាធិបតេយ្យ» នៅមីយ៉ាន់ម៉ា ដោយមិនមានការដាក់ទណ្ឌកម្ម
អង្គការសហប្រជាជាតិ —