ចិន​ស្វះស្វែង​រក​ការគាំទ្រ​មុន​សន្និសីទ​កំពូល​របស់​មេដឹកនាំ​អាស៊ាន

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi (ឆ្វេង) ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ដំណើរ​ទស្សនកិច្ច​រយៈពេល៤ថ្ងៃ​របស់​លោក Wang Yi បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​«ពង្រឹងការទាក់ទង​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​ទាំង៣នេះ»​ គឺប្រទេស​សិង្ហបុរី ម៉ាឡេស៊ី​ និង​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ចិន​មុន​ដំណើរ​ទស្សនកិច្ច​នេះ។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ ពួក​អ្នក​វិភាគបាន​និយាយ​ថា ​លោក Wang ក៏​បាន​ចាប់អារម្មណ៍​បង្កើន​ការបកស្រាយ​ក្រមប្រតិបត្តិ (COC)​ របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ផ្លូវ​បើកបរ​សមុទ្រ​អន្តរជាតិ​ដែល​មាន​ជម្លោះ​ ហើយ​បាន​ផ្តោត​លើ«ប្រទេស​ជា​មិត្ត​នៅ​ក្នុង​អាស៊ាន»។

លោក Hunter Marston ជា​សាស្ត្រាចារ្យ​ផ្នែក​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​បាន​និយាយ​ថា ​ការគាំទ្រ​សុឆន្ទៈរបស់​ចិន​ជាមួយ​ដៃគូ​ដែល​ងាយ​បត់បែន​បាន​នៅ​ប្លុក​ដែល​មាន​ប្រទេស​១០​ជា​ការសំខាន់​ ស្របពេល​ជាមួយ​គ្នា​នោះ​ធ្វើ​ឱ្យ​ឯកោ​ប្រទេស​មួយ​ចំនួន​ដែល​ពឹងផ្អែក​ប្រទេស​លោក​ខាង​លិច​ដូចជា​ប្រទេស​ហ្វីលីពីន​និង​វៀតណាម។

ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. បាន​រំកិល​ប្រទេស​របស់​លោក​ខិត​កាន់តែ​ជិត​សហរដ្ឋ​អាមេរិក ​ហើយ​បាន​ប្រកាន់​គោលនយោបាយ​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​ការវាតទី​និយម​ផ្លូវ​នាវាចរណ៍​របស់​ចិន​ចាប់តាំង​ពី​ការជាប់​ឆ្នោត​របស់​លោក​កាលពី​ឆ្នាំ​ទៅ​មក។

ការចរចា​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និង​រដ្ឋាភិបាល​ក្រុង​ហាណូយ​ក៏​បានចាប់ផ្តើម​សន្ធិសញ្ញា​ផ្លូវ​នាវាចរណ៍​ដើម្បី​ការពារ​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក​របស់​ប្រទេស​ទាំង២ នៅពេល​មាន​ការប្រឈម​តតាំង​ជាមួយ​កប៉ាល់​ចិន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដែល​លោក​ប្រធានាធិបតី Marcos​និយាយ​ថា «នឹងធ្វើ​ឱ្យ​មាន​ស្ថិរភាព​ដល់​បញ្ហា​ដែល​យើង​កំពុង​មើល​ឃើញ​នៅពេល​ឥឡូវ​នេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង»។

លោក Marston​ បាន​និយាយ​ទៀត​ថា​លោក Wang ត្រូវតែ​បញ្ជាក់​ឡើងវិញ​ពីគោល​នយោបាយ​ការបរទេស​ចិន​ទាក់ទិន​នឹង​ផលប្រយោជន៍​របស់​ខ្លួន​ដែល​មាន​ន័យ​ថា ​ជា​ការស្នើ​ផ្តល់​ឱ្យ​ច្រើន​ជាង​ការមិនអើពើ​អំពី​ការសម្រេច​នៅ​ឆ្នាំ២០១៦​ ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​ដែល​បាន​សម្រេច​គាំទ្រប្រទេស​ហ្វីលីពីន ​ហើយបាន​ច្រានចោល​ការទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Marston និយាយ​ថា «តាមវិធី​ខ្លះ លោក Wang Yi ប្រហែល​កំពុង​ធ្វើ​ឱ្យ​ហ្វីលីពីន​មាន​អារម្មណ៍​នៅ​ឯកោដោយ​ខ្លួន​ឯង។ ក្នុង​វិធី​ខ្លះ ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ​និង​សិង្ហបុរីជា​កន្លែង​ដែល​មាន​ភាពកក់ក្តៅ​កាន់តែ​ច្រើន​ឡើង​សម្រាប់​ចិន​បំពេញ​ទស្សនកិច្ច​ដោយ​ការពិចារណា​សេចក្តី​ស្នើ​របស់​លោក Marcos Jr. ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន»។

រូបឯកសារ៖ ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr. ថ្លែង​សុន្ទរកថា​ទីកាន់​ប្រជាជាតិ​ជា​លើក​ទីពីរ​របស់​លោក​នៅ​សភា​ក្នុង​ទីក្រុង Quezon ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

ទំនាក់​ទំនង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​អាស៊ាន​បាន​ត្រូវ​សាកល្បង​ដោយការទាមទារ​ត្រួតត្រា​ដោយ​ខ្លួន​ឯង​ផ្នែក​ភាគច្រើន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​តាមរយៈ​ខ្សែ​បន្ទាត់​ឆ្នូត៩ ថ្វីបើ​ការទាមទារ​ត្រួត​ស៊ីគ្នា​ពី​សមាជិក​ចំនួន​ពាក់​កណ្តាល​របស់​សមាគម​អាស៊ាន​ដែល​មាន​ប្រទេស​ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី​ និង​ព្រុយណេ​ក៏ដោយ។

ប្រហែល​ជាការ​បន្ថែម​ដល់​ការព្រួយ​បារម្ភ​របស់​ចិន ​គឺ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ថា ​លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​«នៅពេល​ឆាប់ៗ​នេះ»​ ហើយ​២ថ្ងៃ​ក្រោយ​មក​លោក​បាន​ថ្លែង​នៅ​ឯយុទ្ធនាការ​ឃោសនាមួយនៅ​ក្នុង​ទីក្រុង Salt Lake City​ ថា ​សម្ព័ន្ធភាព Quad ដែល​មាន​សហរដ្ឋ​អាមេរិក ឥណ្ឌា ​និង​អូស្ត្រាលី​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព។

លោក​ប្រធានាធិបតី Biden បាន​និយាយ​ទៀត​ថា​ សហរដ្ឋ​អាមេរិក​ឥឡូវនេះ​មាន​សញ្ញា​វិជ្ជមាន​ដែល​«ប្រទេស​ហ្វីលីពីន ហើយ​នៅពេល​ឆាប់ៗនេះ វៀតណាម​និង​កម្ពុជា»នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិក។ ពួកគេ​មិន​ចង់​មាន​សម្ព័ន្ធភាព​ខាង​ការពារ​ជាតិ​ទេ ក៏ប៉ុន្តែ ពួកគេ​ចង់​មាន​ទំនាក់​ទំនង​ ពីព្រោះពួកគេ​ចង់​ឱ្យ​ចិន​ដឹង​ថា​ ពួកគេ​មិន​នៅ​ម្នាក់​ឯង​ទេ។

លោក Gavin Greenwood ជា​អ្នក​វិភាគ​ នៅ​អង្គការ A2 Global ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ហុងកុង​បាន​និយាយ​ថា ​ហេតុផល​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងពឹងផ្អែក​លើ​ការគួបផ្សំ​នៃ​ការធានា​អះអាង​ឡើង​វិញ​ដល់​កម្ពុជា​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ប្រាកដប្រជា ភាពច្បាស់​លាស់​កាន់តែ​ខ្លាំង​ឡើង​លើ​គោលនយោបាយ​ការបរទេស​និង​ការពារ​ជាតិ​នៅ​ពេល​អនាគតជាមួយ​ប្រទេស​សិង្ហបុរី​ និង​ធ្វើ​ឱ្យ​ប្រសើឡើង​នូវ​ទំនាក់​ទំនង​ជាមួយ​ម៉ាឡេស៊ី​មុនពេល​សន្និសីទ​កំពូល​របស់​មេដឹកនាំ​អាស៊ាន។

លោក Gavin Greenwood ក៏​បាន​និយាយ​ដែរ​ថា ​លោក Wang បាន​ជ្រើសរើស​ប្រទេស​នានា​ដោយ​ការប្រុងប្រយ័ត្ន​មុនពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច។

លោក​និយាយ​ទៀត​ថា៖ «ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​លោក Wang នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ផាត់​ចោល​សមាជិក​សំខាន់ៗ​អាស៊ាន​មួយ​ចំនួន​ដែល​ជាទីកន្លែង​មាន​បញ្ហា​ចម្រូង​ចម្រាសដ៏​ធ្ងន់ធ្ងរ​ ជា​ពិសេស​គឺ​ប្រទេស​ហ្វីលីពីន​និង​វៀតណាម ​និងប្រទេស​ដែល​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូចជា​ឥណ្ឌូណេស៊ី ថៃ ឡាវ​ និង​មីយ៉ាន់ម៉ា»។

ការតាំងចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដល់​ក្រម​ប្រតិបត្តិ​ដែល​គ្រោង​ទុក​ក៏​ត្រូវ​បាន​ចោទសួរនិង​ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ការពន្យារ​ពេល​ជាច្រើន​លើក ដោយ​ពួក​អ្នក​ការទូត​និយាយ​ថា​ ចិន​ពេញចិត្ត​ជំហរ​នៃ​កម្លាំង​តាមរយៈ​ការចរចា​ទ្វេភាគី​ជាមួយ​រដ្ឋ​នីមួយៗ​របស់​អាស៊ាន​ដែល​ផ្ទុយ​ពី​ការស្វែងរក​ការមូលមតិ​តាម​រយៈ​ក្រម​ប្រតិបត្តិ (COC) ជាមួយ​ប្រទេស​១០ជា​ប្លុក។

ការណ៍​នេះ​បាន​បង្ហាញ​ជា​ភស្តុតាង​តាម​រយៈ​ហេតុការណ៍​កាលពី​សប្តាហ៍​មុន​ក្នុង​អំឡុង​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​នាវា​ចិន​និង​ហ្វីលីពីន​នៅឯ​ខ្ពង់រាប​ក្រោម​សមុទ្រ​ Second Thomas Shoal ក្នុង​ប្រជុំ​កោះ Spratly ជា​ទីកន្លែង​ដែល​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​រក្សា​កប៉ាល់​ខូច​មួយ​គ្រឿង​ជា​មូលដ្ឋាន​ត្រួតត្រា​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ឱ្យ​យកចេញ។

បន្ទាប់ពី​លោក Wang ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី​និង​ម៉ាឡេស៊ី​មក​ ទីភ្នាក់ងារ​សារ​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋ​ចិន​ស៊ីនហួ​បាន​រាយការណ៍​ថា ​លោក Wang បាន​និយាយ​ថា​ ចិន​បាន​សម្តែងឆន្ទៈ​របស់​ខ្លួន​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​ដោះស្រាយ​ការខ្វែង​គំនិត​គ្នា​ជាមួយ​ហ្វីលីពីន​តាមរយៈ​ការសន្ទនា​ទ្វេ​ភាគី។

ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​ក៏​បាន​រាយការណ៍​ដែរ​ថា​ លោក Wang សង្ឃឹម​ដែរ​ថា ​ភាគី​ហ្វីលីពីន​នឹង​ធ្វើ​ទៅតាម​ការមូលមតិ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​អតីតកាល​ហើយ​លោក​បាន​បញ្ជាក់​ថា​ ចិន​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ប្រទេស​នានា​នៅ​សមាគម​អាស៊ាន​ដើម្បី​បង្កើន​ការពិគ្រោះ​អំពី​ក្រម​ប្រតិបត្តិ ​COC ​ស្រប​ទៅតាម​ច្បាប់​អន្តរជាតិ។

លោក Marston បាន​និយាយ​ទៀត​ថា៖ «ចិន​កំពុង​ព្យាយាម​យ៉ាង​ច្បាស់​ក្រឡែត​ដើម្បី​លើក​មុខមាត់​ដោយ​ការបញ្ជូន​លោក Wang ធ្វើ​ដំណើរ​ខាង​ការទូត​ទាក់ទិន​នឹង​ការរំខាន​យាយី​ផ្លូវ​នាវាចរណ៍​ដ៏​ខ្លាំងក្លាដែល​ពួកគេ​បាន​ចាត់ការ​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​ប្រទេស​ហ្វីលីពីន​និង​វៀតណាម​កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗនេះ»។

លោក Marston បាន​បន្ថែម​ទៀត​ថា៖ «​ការណ៍​នេះ​ក៏​ជា​ផលប្រយោជន៍​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផង​ដែរ​ដើម្បី​បញ្ជូន​លោក Wang នៅពេល​ដែល​លោក​ត្រូវ​បាន​តែងតាំង​ឡើង​វិញ​ជា​រដ្ឋមន្ត្រី​ការបរទេស​ដើម្បី​ផ្តល់​សញ្ញា​នៃ​ការបន្ត​និង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​ចិន»។

លោក Marston និយាយ​ថា «ខ្ញុំ​គិត​ថា​អត្ថប្រយោជន៍​ខ្លះ​សំដៅ​ដោយ​ផ្ទាល់​លើ​ប្រទេស​ហ្វីលីពីន​ជា​ពិសេស​ទាក់ទិន​នឹង​ល្បិចកល​នៃ​ការបង្ខិតបង្ខំ​និង​ការបំភិតបំភ័យ​ដ៏​ខ្លាំង​កាលពីពេល​ថ្មីៗនេះ»។

ក៏ប៉ុន្តែ ការនិយាយ​សំដៅ​របស់​លោក Biden ដល់​ប្រទេស​កម្ពុជា​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​ក្នុង​តំបន់​របស់​ចិន​បាន​ជួប​នូវ​ការមិន​ជឿ​ក្នុង​ចំណោម​ពួក​ការិយាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​ពេញចិត្ត​ទំនាក់​ទំនង​ដ៏​កក់ក្តៅជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហើយ​នឹង​ការបើក​ការស្ថាបនា​ឡើង​វិញ​នូវ​មូលដ្ឋាន​នាវា​សមុទ្រ​នៅ​រាម​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​ដែល​ផ្តល់​ថវិកា​ដោយ​ចិន។

ប្រភព​មួយ​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា៖ ​«ចិន​ចង់​បង្កើន​ល្បឿន​នៃ​ក្រម​ប្រតិបត្តិ​ដែល​បាន​កើត​មាន​ឡើង​ទើបតែ​មុន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩បាន​ផ្ទុះ​ឡើង ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​បាន​ក្រមប្រតិបត្តិ​នោះ​បន្ត​ទៀត​ ក្នុងពេល​បច្ចុប្បន្ន​នេះ ​ទម្រង់​នៃ​ក្រម​ប្រតិបត្តិ​នោះធ្វើ​ឱ្យ​រំខាន​ដល់​អាមេរិកាំង»។

នៅ​ក្នុង​ប្រទេស​កម្ពុជា លោក Wang បាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​រឿយៗ​ត្រូវ​បាន​រងការចោទប្រកាន់​ថា​ជា​អ្នក​តំណាង​របស់​ចិន​នៅ​ក្នុង​សមាគម​អាស៊ាន​ហើយ​បាន​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត​ ដែល​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន​ដែល​នឹង​ជំនួស​ឪពុក​របស់​លោក​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី២២ ខែ​សីហា​ ខាង​មុខ​នេះ។

លោក Marston បាន​និយាយ​ទៀត​ថា៖​ «ពេល​វេលា​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កម្ពុជា​នេះ​បាន​កើត​មាន​ឡើង​ទាក់ទិន​នឹង​ការបោះឆ្នោត​កាលពីពេល​ថ្មីៗនេះ​ដែល​ផ្សាភ្ជាប់​ភាព​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ក៏ប៉ុន្តែ ខ្ញុំ​នឹង​មិន​រំពឹង​ថា ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នឹង​ចាកចេញ​ពី​គោលនយោបាយ​ការបរទេស​របស់​លោក ហ៊ុន សែន ​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដែល​ប្រកាន់​នយោបាយ​ទន់ភ្លន់​ចំពោះ​ចិន»។

ទោះ​ជា​យ៉ាង​ណាក៏ដោយ បញ្ហា​ដ៏​ធំបំផុត​ដែល​ប្រឈម​លោក ហ៊ុន សែន ចាប់តាំង​ពី​ការទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការបោះឆ្នោត​ដែល​មានគណបក្ស​តែ​មួយ​កាលពី​ខែ​មុន​នៅតែ​មាន​ការលំបាក​ខាង​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការវិនិយោគទុននិង​ទេសចរណ៍​របស់​ចិន​ដែល​កាលពីពេល​មុន​ជាការសំខាន់​មួយ​ក្នុង​ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង២នោះ​មិន​បាន​វិលត្រឡប់​មកវិញ​ទេ​ចាប់តាំង​ពី​ការរាតត្បាត​ជំងឺ​កូវីដ១៩​បាន​ស្រាកស្រាន​មក។

លោក Bradley Murg ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅឯ​វេទិកា​ប៉ាស៊ីហ្វិក​បាន​និយាយ​ថា៖​«ពួក​មន្ត្រី​កម្ពុជា​បាន​ទទួលស្គាល់​យ៉ាង​ខ្លាំង​និង​បើក​ចំហរ​ថា​ប្រាក់​ចិន​ដែល​ហូរចូល​ដោយ​សេរី​ក្នុង​សម័យ​មុន​ជំងឺ​កូវីដ​បាន​បញ្ចប់​ហើយ»។

លោក Bradley Murg បាន​និយាយ​ថា៖​ «លោកWangនឹង​ត្រូវការ​បញ្ជាក់​អំពី​ការសន្យា​ខាង​ហិរញ្ញវត្ថុ​របស់​ចិន​ដល់​កម្ពុជា​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​បំផុត​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ហើយ​នឹង​ថាតើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​សម្រាល​ការពិត​យ៉ាង​ដូចម្តេច​ដែល​ការវិនិយោគ​ចិន​ដែល​គេ​រង់ចាំ​ជា​យូរយា​មក​ហើយ​ត្រូវ​គេ​រំពឹង​នឹង​ហូរ​ចូល​ក្នុង​ប្រទេស​កម្ពុជា​មិន​បាន​មក​ទីនេះ»។

បញ្ហា​ទាំង​នេះ​ត្រូវ​គេ​រំពឹង​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋធានី​ហ្សាកាតា​នៅពេល​ដែល​ពួក​មេដឹកនាំ​អាស៊ាន​ជួប​គ្នា​នៅ​ខែ​ក្រោយ។

លោក Greenwood បាន​និយាយ​ទៀត​ថា​ការសម្រេចចិត្ត​ប្រកប​ដោយ​ការពិចារណា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Wang គឺ​ដើម្បី​ពង្រឹង​ការទាក់ទង​ខាង​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​ទាំង៣នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទំនង​ស៊ីគ្នា​ទៅនឹង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​លោក។

លោក​បាន​និយាយ​ទៀត​ថា៖​ «និយាយ​រួម ដំណើរ​ទស្សនកិច្ច​របស់​លោក Wang អាច​ត្រូវ​គេ​រំពឹង​នឹង​ត្រូវ​បាន​ចាត់ទុក​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ថា​ជា​ការធម្មតា​ដោយ​មាន​ការចង្អុល​បង្ហាញ​តិចតួច​ថា​ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្លាស់ប្តូរ​ស្ថានភាព​នៅពេល​បច្ចុប្បន្ន​ចំពោះ​គោលនយោបាយ​ការបរទេសនិង​សន្តិសុខ​ឬ​អាទិភាព​របស់​ប្រទេស​ទាំង៣»៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន