ចិនបានកោះហៅឯកអគ្គរដ្ឋទូតរបស់ប្រទេសអាល្លឺម៉ង់នៅក្នុងទីក្រុងប៉េកាំងបន្ទាប់ពីជំនួបកាលពីពេលថ្មីៗនេះរវាងលោក Joshua Wong សកម្មជនក្រុងហុងកុងនិងរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ ដោយបានប្រកាសថា ជំនួបនោះនឹងធ្វើឲ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគី។
លោក Ken Wu ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអាល្លឺម៉ង់បានស្តីបន្ទោសជាសាធារណៈដល់បេសកកជនអាល្លឺម៉ង់នៅក្នុងការជំទាស់ប្រឆាំងជំនួបកាលពីថ្ងៃពុធម្ស៉ិលមិញ ២ថ្ងៃ បន្ទាប់ពីលោក Heiko Maas រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានជួបជាមួយលោក Wong នៅក្នុងទីក្រុងប៉េកាំង។
ឯកអគ្គរដ្ឋទូតចិនបានប្រាប់ពួកអ្នកយកព័ត៌មាននៅក្នុងរដ្ឋធានីប៊ែរឡាំងថា ជំនួបនេះនឹងមានផលវិបាកអវិជ្ជមានដល់ទំនាក់ទំនងទ្វេភាគី ហើយភាគីចិនត្រូវតែមានប្រតិកម្ម។
លោក Wong សកម្មជនក្រុងហុងកុងបានទៅដល់ទីក្រុងប៊ែរឡាំងកាលពីយប់ថ្ងៃចន្ទហើយត្រូវបានស្វាគមន៍ដោយរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Maas។ ឯកអគ្គរដ្ឋទូតចិនលោក Wu បាននិយាយថា សមាជិកសភាអាល្លឺម៉ង់ក៏បានជួបជាមួយលោក Wong ដែរ។
ឯកអគ្គរដ្ឋទូតចិនលោក Wu បាននិយាយទៀតថា «យើងមិនបានដឹងពីគោលដៅរបស់អ្នកនយោបាយទាំងអស់នោះទេ។ តើពួកគេប្រាកដជាមានការព្រួយកង្វល់អំពីសេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ក្រុងហុងកុងមែនឬ? ឬមួយពួកគេគ្រាន់តែចង់បញ្ឆេះភ្លើងហើយធ្វើឲ្យរឿងនេះក្លាយជាបញ្ហានយោបាយឬ?។ មិនមានការឆ្លើយតបភ្លាមៗមកពីអាល្លឺម៉ង់ទេ ក៏ប៉ុន្តែជម្លោះនោះបានកើតមានប៉ុន្មានថ្ងៃបន្ទាប់ពីលោក ស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានវិលត្រឡប់មកពីបំពេញទស្សនកិច្ចប្រទេសចិនវិញ។ លោកស្រី Merkel បានមានប្រសាសន៍កាលពីមុនថា លោកស្រីបានប្រាប់ពួកមេដឹកនាំចិនថា ការលើកស្ទួយសិទ្ធិមនុស្សជាការចាំបាច់៕