រដ្ឋាភិបាលចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសបានគាំទ្រគម្រោងរបស់ខ្លួនក្នុងការដោះស្រាយវិបត្តិមួយ ដែលបណ្ដាលឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ៦ សែននាក់ គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែស។
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានបង្ហាញនូវ «ដំណោះស្រាយ ៣ ដំណាក់កាល» នៅក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសបង់ក្លាដែសកាលពីសប្ដាហ៍មុន និងទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅចុងសប្ដាហ៍នេះ។
រដ្ឋាភិបាលក្រុងប៉េកាំង ដែលគាំទ្ររដ្ឋាភិបាលយោធាដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាអស់រាប់ទសវត្សរ៍កាលពីអតីតកាល បានគាំទ្ររដ្ឋាភិបាលមីយ៉ាន់ម៉ាបច្ចុប្បន្នក្នុងអំឡុងពេលមានវិបត្តិនេះកើតឡើង។
គម្រោងដំណោះស្រាយរបស់ចិន គឺចាប់ផ្ដើមពីការឈប់វាយប្រយុទ្ធគ្នានៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ដូច្នេះ ប្រជាពលរដ្ឋនៅក្នុងរដ្ឋ Rakhine នេះ នឹងមិនចាំបាច់គេចចេញពីផ្ទះសម្បែងរបស់ខ្លួននោះទេ។
បន្ទាប់មក គឺការអំពាវនាវឲ្យសហគមន៍អន្តរជាតិលើកទឹកចិត្តរដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែស ឲ្យបន្តរក្សាការពិភាក្សាគ្នាដើម្បីស្វែងរក «ដំណោះស្រាយដែលអាចធ្វើបាន» មួយ បន្ទាប់ពីប្រទេសទាំងពីរបានឈានទៅដល់ការសម្រេចលើការព្រមព្រៀងគ្នាជាលើកដំបូងលើការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ពីបង់ក្លាដែសមកកាន់មីយ៉ាន់ម៉ាវិញ។
ដំណាក់កាលចុងក្រោយ គឺពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយរយៈពេលវែង ផ្ដោតលើការកាត់បន្ថយភាពក្រីក្រ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា៖ «យើងសង្ឃឹមថា សំណើរបស់លោករដ្ឋមន្ត្រីការបរទេស Wang Yi នឹងមិនត្រឹមតែជួយដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាសព្វថ្ងៃនេះទេ ប៉ុន្តែពិសេសជាងនេះទៅទៀត គឺនឹងរួមចំណែកនៅក្នុងការដោះស្រាយជាគោលការណ៍មូលដ្ឋានសម្រាប់បញ្ហានេះទាំងមូលទៀតផង»៕