ចិន​នឹង​ប្រគល់​ Drone​ មុជ​ទឹក​​ឲ្យ​អាមេរិក​វិញ ទោះ​បី​ជា​លោក ត្រាំ ឲ្យ​ចិន​រក្សា​ទុក​ក៏​ដោយ

រូបឯកសារ៖ Drone មុជ​ទឹក​របស់​ទាហាន​ជើង​ទឹក​អាមេរិកដែល​ប្រើ​ប្រាស់​ដើម្បី​ស្រាវជ្រាវ​អាកាស​ធាតុ។

ប្រទេស​ចិន​និយាយ​ថា​ ខ្លួន​នឹង​ប្រគល់​ Drone ​មុជ​ទឹក​ដែល​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​ដែល​ខ្លួន​ចាប់​បាន​នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ទៅ​ឲ្យ​អាមេរិក​វិញ។ លោក​ប្រធានាធិបតី​ជាប់​ឆ្នោត ដូណាល់ ត្រាំ​ បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ​ថា សហរដ្ឋ​អាមេរិក​គួរ​តែ​ប្រាប់​ឲ្យ​ចិន​ទុក​ឧបករណ៍​នោះ។​

លោក ត្រាំ​ មិន​ទាន់​កាន់​អំណាច​ទេ​រហូត​ដល់​ខែ​មករា ប៉ុន្តែ​លោក​បាន​ជ្រៀតជ្រែក​ទៅ​ក្នុង​កិច្ចការ​កងទ័ព​ជើង​ទឹក នៅ​ក្នុង​ហេតុការណ៍​ដែល​ចិន​បាន​រឹបអូស​យក​ឧបករណ៍​មុជទឹក​ដែល​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​អាមេរិក​ខណៈ​ដែល​ឧបករណ៍​នោះ​កំពុង​តែ​ប្រមូល​យក​ទិន្នន័យ​វិទ្យាសាស្រ្ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ អាជ្ញាធរ​អាមេរិក​បាន​ថ្លែង​ការពារ​ថា ការរឹប​អូស​នោះ​គឺ​ធ្វើ​ឡើង​ដោយ​មិន​គោរព​ច្បាប់ និង​បាន​ទាមទារ​ឲ្យ​ប្រគល់​ឧបករណ៍​នោះ​មក​វិញ​ជា​បន្ទាន់ ហើយ​អាជ្ញាធរ​ចិន​បាន​ឯកភាព​នឹង​ប្រគល់​ឲ្យ​វិញ​ហើយ។​

នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​មួយ​លើ​បណ្តាញ​សង្គម Twitter ​អំពី​ការរឹប​អូស​នោះ លោក ត្រាំ បាន​ប្រកាស​ថា ​ចិន​លួច​យក​ឧបករណ៍​ច្រមុជ​ទឹក​សម្រាប់​ស្រាវជ្រាវ​របស់​អាមេរិក​នៅ​ក្នុង​ដែនទឹក​អន្តរជាតិ ដោយ​បាន​ស្រង់​យក​ឧបករណ៍​នោះ​ចេញ​ពី​ទឹក​និង​យក​វា​ទៅ​កាន់​ប្រទេស​ចិន។ ក្រោយ​ពី​ចិន​បាន​សន្យា​ថា​នឹង​ប្រគល់​ឧបករណ៍​នោះ​ឲ្យ​អាមេរិក​វិញ លោក ត្រាំ ក៏​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Twitter ​ថា សហរដ្ឋ​អាមេរិក​គួរ​តែ​ប្រាប់​ដល់​ប្រទេស​ចិន​ថា​ «អាមេរិក​មិន​ចង់​បាន​ឧបករណ៍ដែល​គេ​បាន​លួច​នោះ​មក​វិញ​ទេ។ ឲ្យ​ពួក​គេ​រក្សា​វា​ទុក​ទៅ»៕