សំណើថ្មីៗនេះរបស់ចិនក្នុងការបង្កើតក្រុមហ៊ុនសន្តិសុខរួមគ្នាជាមួយរបបយោធាមីយ៉ាន់ម៉ា បានញ៉ាំងឲ្យមានការរិះគន់យ៉ាងខ្លាំងពីអង្គការសង្គមស៊ីវិលនិងអ្នកជំនាញនៅមីយ៉ាន់ម៉ា។ ពួកគេយល់ថាសំណើនេះជាការរំលោភលើអធិបតេយ្យជាតិនិងជាសញ្ញាបង្ហាញថារបបយោធាមីយ៉ាន់ម៉ាគ្មានសមត្ថភាពធានាសន្តិសុខបានក្នុងពេលមានការតស៊ូប្រដាប់អាវុធដ៏ទូលំទូលាយ។
យោងតាមសេចក្តីរាយការណ៍មួយរបស់កាសែត Myanmar Gazette ដែលចេញផ្សាយនៅថ្ងៃទី៨ខែវិច្ឆិកា របបយោធាបានបង្កើតគណៈកម្មាធិការមួយដែលមានសមាជិក១៣នាក់នៅថ្ងៃទី២២ខែតុលា ដើម្បីពិនិត្យសំណើរបស់ចិននិងព្រាងអនុស្សរណៈយោគយល់គ្នាមួយសម្រាប់បង្កើតក្រុមហ៊ុនរួមគ្នា។
គណៈកម្មាធិការនេះ បានវាយតម្លៃផ្នែកលទ្ធកម្មនៃសេចក្ដីព្រាងអនុស្សរណៈយោគយល់គ្នានេះ ដូចជាការនាំចូលអាវុធនិងសម្ភារសន្តិសុខ ខណៈធានាថាផែនការនេះមិនធ្វើឲ្យអន្តរាយដល់អធិបតេយ្យឬសន្តិសុខមីយ៉ាន់ម៉ា។
អ្នកឃ្លាំមើលប្រទេសមីយ៉ាន់ម៉ា ជឿថាសំណើនេះ អាចត្រូវបានជំរុញដោយចិន បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកលើស្ថានកុងស៊ុលរបស់ចិននៅថ្ងៃទី១៨ខែតុលាក្នុងទីក្រុង Mandalay ដោយបង្ហាញពីការបារម្ភកាន់តែខ្លាំងឡើងរបស់ចិនចំពោះវិនិយោគរបស់ខ្លួនក្នុងបរិយាកាសនយោបាយអស្ថិរភាពក្នុងប្រទេសមីយ៉ាន់ម៉ា។
បញ្ញវន្តមីយ៉ាន់ម៉ាពន្យល់ថាដោយសាររដ្ឋធម្មនុញ្ញឆ្នាំ២០០៨របស់មីយ៉ាន់ម៉ា ដែលក្រុមយោធាជាអ្នកព្រាងនោះ ហាមប្រាមការឈរជើងរបស់កងទ័ពបរទេសលើដីមីយ៉ាន់ម៉ា ការនិយាយអំពី«ក្រុមហ៊ុន»ចិនក្នុងសំណើបង្កើតក្រុមហ៊ុនរួមគ្នានោះ គឺជាចំណាត់ការយុទ្ធសាស្ត្រ «ដើម្បីចៀសវាងការចោទប្រកាន់អំពីអន្តរាគមន៍យោធា»។
បញ្ញវន្តដដែលនិយាយថា«តែសាធារណជន មើលឃើញថាវាជាការរំលោភអធិបតេយ្យភាពហើយសូម្បីតែរបបយោធាក៏មានអារម្មណ៍មិនស្រួលចំពោះការពាក់ព័ន្ធដ៏សម្ងាត់របស់ចិនដូច្នេះដែរ»។
សំណើបង្កើតក្រុមហ៊ុនសន្តិសុខរួមគ្នានេះ បង្ហាញពីកង្វះជំនឿទុកចិត្តរបស់រដ្ឋាភិបាលចិនលើសមត្ថភាពរបស់របបយោធាមីយ៉ាន់ម៉ាក្នុងការរក្សាការគ្រប់គ្រងនិងសន្តិសុខ៕