ក្រុមអាជ្ញាធរនៅក្នុងខេត្ត Hubei ប្រទេសចិនបាននិយាយថា មនុស្ស២៥៤នាក់ផ្សេងទៀតបានស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ដែលតួលេខសរុបមកទល់នឹងពេលនេះកើនដល់ជាង១៣៦៧នាក់ហើយ ចាប់តាំងពីមេរោគនេះបានចាប់ផ្តើមរាតត្បាតចាប់តាំងពីខែធ្នូមក។
ការប្រកាសពីចំនួនអ្នកស្លាប់ថ្មីនេះបានកើតឡើង បន្ទាប់ពីអាជ្ញាធរចិនបានប្រកាសកាលពីថ្ងៃពុធថា ចំនួនករណីឆ្លងថ្មីៗបានធ្លាក់ចុះពីរថ្ងៃជាប់គ្នា។ ក្រុមមន្រ្តីសុខាភិបាលនៅក្នុងខេត្ត Hubei ជាកន្លែងផ្ទុះមេរោគនេះឡើងបាននិយាយថា ពួកគេបានប្តូរវិធីសាស្ត្រស្វែងរកមេរោគដែលបានមកពីការធ្វើតេស្តនៅក្នុងមន្ទីពិសោធន៍ដើម្បីស្កេនតួខ្លួនមនុស្សដោយកុំព្យូទ័រ។ ការផ្លាស់ប្តូរវិធីសាស្រ្តនេះក៏បានធ្វើឲ្យពួកគេរកឃើញករណីឆ្លងសរុបនៅទូទាំងប្រទេសចិនកើនឡើងប្រហែល៦០០០០ករណី។
នាយកអង្គការសុខភាពពិភពលោក WHO លោកវេជ្ជបណ្ឌិត Tedros Ghebreyesus កាលពីថ្ងៃពុធបានសាទរយ៉ាងប្រុងប្រយ័ត្នចំពោះដំណឹងនៃធ្លាក់ចុះករណីឆ្លងមេរោគនេះ និងបាននិយាយថា ការឆ្លងរាតត្បាតនេះអាចតែអាចកើតឡើងបានតាមវិធីផ្សេងៗ។ ការឆ្លងរាតត្បាតមេរោគកូរ៉ណាវីរុសនេះបានបណ្តាលឲ្យមានការបណ្តេញលោក Jiang Chaoliang ប្រធានបក្សកុម្មុយនិស្តប្រចាំខេត្ត Hubei ចេញតំណែង គឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីមន្រ្តីសុខាភិបាលកំពូលពីរនាក់ប្រចាំក្នុងខេត្តហ៊ូពៃត្រូវបានដកចេញពីតំណែង។ ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបានរាយការណ៍ថាអតីតចៅហ្វាយក្រុងសៀងហៃលោក Ying Yong នឹងចូលកាន់តំណែងជំនួសលោក Jiang។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មនុស្ស ៤៤នាក់ទៀតនៅលើនាវាកម្សាន្ត Diamond Princess ដែលបានចតនៅកំពង់ផែក្នុងប្រទេសជប៉ុនត្រូវបានរកឃើញថា បានឆ្លងមេរោគកូរ៉ូណាវីរុស។ តួលេខសរុបនៃចំនួនមនុស្សដែលបានឆ្លងមេរោគកូរ៉ូណានៅក្នុងនាវាកំសាន្តនេះបានកើតឡើងដល់២១៨នាក់។
ស្របពេលជាមួយគ្នានេះ នាវាកម្សាន្តមួយទៀតដែលមានឈ្មោះថា Westerdam ត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្នុងប្រទេសកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីនាវានេះបានបើកនៅលើសមុទ្រជិតពីរសប្តាហ៍។ នាវាកំសាន្តនេះត្រូវបានបដិសេធមិនឲ្យចូលចតដោយអាជ្ញាធរជប៉ុន ថៃ កោះតៃវ៉ាន់ និងហ្វីលីពីន ព្រមទំាងកោះ Guam ផងដែរ៕