ក្រុមហ៊ុន Huawei ត្រូវបានគេស្គាល់តិចតួចប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ក្រៅតែពីដឹងថាជាក្រុមហ៊ុនដែលស្ថិតក្រោមការឃ្លាំមើលរបស់ទីភ្នាក់សន្តិសុខអាមេរិកនានាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែនាពេលថ្មីៗនេះក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះបានវ៉ាក្រុមហ៊ុន Apple មកឈរនៅលំដាប់លេខរៀងទី២ជាក្រុមហ៊ុនលក់ទូរស័ព្ទស្មាតហ្វូននៅទូទាំងពិភពលោក បន្ទាប់ពីក្រុមហ៊ុន Samsung និងកំពុងប្រណាំងប្រជែងជាមួយនឹងក្រុមហ៊ុនទូរគមនាគមន៍ផ្សេងៗទៀតដើម្បីបង្កើតបណ្តាញអ៊ិនធឺណិតឥតខ្សែថ្មីចុងក្រោយដែលគេស្គាល់ថា 5G។
តើ Huawei ជាក្រុមហ៊ុនជាអ្វី?
ក្រុមហ៊ុន Huawei មានទីតាំងនៅក្នុងខេត្ត Shenzhen គឺជាក្រុមហ៊ុនលក់សម្ភារៈទូរគមនាគមន៍ និងជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈអ៊ិនធឺណិតធំជាងគេបំផុតដល់ក្រុមហ៊ុនទូរស័ព្ទនិងក្រុមហ៊ុនចែកចាយអ៊ិនធឺណិតនានា។ ក្រុមហ៊ុន Huawei មានបុគ្គលិកជាង១សែន៥ម៉ឺននាក់ និងបានយកឈ្នះក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងៗទៀត ដោយសារក្រុមហ៊ុននេះមានសាខាធំៗជាច្រើននៅក្រៅប្រទេស។
ក្រៅពីលក់កុំព្យូទ័រយួរដៃ និងទូរទស្សន៍ ក្រុមហ៊ុននេះកំពុងនាំមុខគេខាងផលិតទូរស័ព្ទស្មានហ្វូនសម្រាប់លក់នៅទីផ្សារក្នុងស្រុក និងកំពុងផលិតទូរស័ព្ទទំនើបដែលមានតម្លៃពី៦០០ដុល្លារទៅ៨០០ដុល្លារសម្រាប់លក់នៅប្រទេសនានានៅទូទាំងអាហ្វ្រិក និងអាស៊ី។ ប៉ុន្តែក្រុមហ៊ុននេះពិបាកជ្រៀតចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
តើអ្វីជាក្តីបារម្ភរបស់រដ្ឋាភិបាលអាមេរិក?
ចាប់តាំងពីឆ្នាំ២០១២មក រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញពីការសង្ស័យនានាថាសម្ភារៈរបស់ក្រុមហ៊ុន Huawei ប្រហែលជាមានការបញ្ជូលបច្ចេកវិទ្យាដែលជួយដល់រដ្ឋាភិបាលចិនអាចប្រមូលបាននូវព័ត៌មានសម្ងាត់នានា។ ក្តីបារម្ភនេះបានកើនឡើងខណៈប្រទេសទាំងពីរប្រកួតប្រជែងគ្នាដើម្បីបង្កើតប្រព័ន្ធ5G ដែលជាបច្ចេកវិទ្យាអ៊ិនធឺណិតលឿនបំផុត។
ក្រុមហ៊ុន Huawei បានច្រានចោលព័ត៌មានដែលថាសម្ភារៈបច្ចេកវិទ្យារបស់ខ្លួនគំរាមកំហែងដល់សន្តិសុខ និងថា Huawei គឺគ្រាន់តែជាក្រុមហ៊ុនឯកជនមួយប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះក្រុមអាជ្ញាធរប្រទេសកាណាដាបានចាប់ខ្លួននាយិកាហរិញ្ញវត្ថុក្រុមហ៊ុន Huawei តាមសំណើរបស់សហរដ្ឋអាមេរិក ជុំវិញការប្រចោទប្រកាន់ថា ក្រុមហ៊ុនបានធ្វើអាជីវកម្មជាមួយប្រទេសអ៊ីរ៉ង់ ដែលជាការរំលោភបំពានលើទណ្ឌកម្មពាណិជ្ជកម្មដែលអាមេរិកបានដាក់លើអ៊ីរ៉ង់។
តើអាមេរិកបានធ្វើអ្វីខ្លះដើម្បីរារាំងក្រុមហ៊ុន Huawei?
នៅឆ្នាំនេះ ការិយាល័យសហព័ន្ធខាងការស៊ើបអង្កេត FBI និងទីភ្នាក់ងារ ស៊ើបការសម្ងាត់ CIA គឺជាទីភ្នាក់ងារសហព័ន្ធក្នុងចំណោមទីភ្នាក់ងារសន្តិសុខសហព័ន្ធនានាដែលបានព្រមានដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកមិនឲ្យទិញទូរស័ព្ទដែលផលិតដោយក្រុមហ៊ុន Huawei ឬដោយក្រុមហ៊ុនជាដៃគូនានា ដែលមានលក់នៅតាមហាងលក់ទំនិញដូចជា Best Buy ឬក្រុមហ៊ុន Amazonជាដើម។
បន្ថែមពីនេះសហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូលដល់ប្រទេសនានាកុំឲ្យទិញផលិតផលរបស់ក្រុមហ៊ុន Huawei។ ប្រទេសនូវែលសេឡង់ និងអូស្ត្រាលីបានប្រកាសថាពួកគេបានបិទមិនឲ្យអ្នកដែលប្រើឧបករណ៍ក្រុមហ៊ុន Huawei អាចប្រើសេវាអ៊ិនធឺណិតគ្មានខ្សែបាន។ ក្រុមហ៊ុន BT ដែលជាក្រុមហ៊ុនទូរគមនាគមន៍របស់ចក្រភពអង់គ្លេសបានប្រកាសថានឹងមិនទិញសម្ភារៈពីក្រុមហ៊ុន Huawei ដើម្បីបង្កើតបណ្តាញអ៊ិនធឺណិតរបស់ខ្លួនជាប្រព័ន្ធ5G នោះទេ។ ចំណែកឯក្រុមហ៊ុន AT&T វិញមិនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្មាតហ្វូនចិនដើម្បីលក់ទូរស័ព្ទឲ្យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកទេ។
តើមានអ្វីអាចកើតឡើងនៅពេលខាងមុខ?
គេមិននៅទាន់ដឹងច្បាស់ទេថាតើក្រុមហ៊ុន Huawei អាចនៅតែរីកចម្រើនបន្តទៅមុខទៀតបានឬយ៉ាងណានោះ ខណៈក្រុមហ៊ុននេះមិនអាចឈានជើងចូលក្នុងទីផ្សារសហរដ្ឋអាមេរិកនោះ។ នៅស្របពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិកប្រណាំងប្រជែងគ្នាបង្កើតប្រព័ន្ធ5G នោះនឹងមានការពិនិត្យពិច្ច័យកាន់តែខ្លាំងទៅលើក្រុមហ៊ុនទូរគមនាគមន៍ចិន។ ក៏ប៉ុន្តែអ្នកអង្កេតស្ថានការណ៍ម្នាក់បាននិយាយថាភាពតានតឹងរវាងប្រទេសទាំងពីរគឺមានសភាពធ្ងន់ធ្ងរជាងការប្រជែងបង្កើតបណ្តាញ 5G នេះទៅទៀត។
អ្នកស្រី Rebecca Fannin ជាស្ថាបនិកនិងជានិពន្ធនាយកនៃក្រុមហ៊ុន Silicon Dragon ដែលជាក្រុមហ៊ុនផ្សព្វផ្សាយអំពីឧស្សាហកម្មបច្ចេកវិទ្យានៅទូទាំងពិភពលោកបាននិយាយថា «ក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗទាំងនេះកំពុងតែរួបរួមគ្នា និងចូលក្នុងគ្រប់វិស័យ។ ពួកគេមានភាពជឿនលឿនក្នុងការច្នៃប្រឌិត ហើយពេលខ្លះបានលឿនជាងក្រុមហ៊ុនអាមេរិកទៅទៀត។ ក្រុមហ៊ុនទាំងនេះកំពុងបង្កើនភាពតានតឹងជុំវិញបញ្ហានានាកាន់តែខ្លាំងឡើង ខណៈពួកគេកំពុងបោះជំហានទៅមុខ»៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា