អ្នកការទូតកំពូលចិនកាលពីថ្ងៃពុធបានទៅបំពេញទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ាហើយបានជួបជាមួយមេដឹកនាំរដ្ឋាភិបាលយោធានៅពេលដែលអស្ថិរភាពកាន់តែរីកធំឡើងមកពីសង្គ្រាមស៊ីវិលរបស់ប្រទេសជិតខាងដែលបណ្តាលឱ្យមានការព្រួយកង្វល់នៅក្នុងទីក្រុងប៉េកាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានកើតមានឡើងបន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានចាញ់នៅសមរភូមិដែលមិនធ្លាប់មានកាលពីពេលមុនដោយសារកងជីវពលជនជាតិភាគតិចដ៏មានអំណាច ជាពិសេសនៅក្នុងតំបន់ភាគឥសាន្តតាមបណ្តោយព្រំដែនជាមួយប្រទេសចិន។
ដំណើរទស្សនកិច្ចនេះក៏បានកើតមានឡើងមួយសប្តាហ៍បន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់លោក Min Aung Hlaingប្រធានក្រុមប្រឹក្សាយោធាកាន់អំណាចរបស់មីយ៉ាន់ម៉ាបានចោទប្រកាន់ថាពួកប្រទេសក្រៅកំពុងគាំទ្រពួកកងជីវពលនូវជំនួយអាវុធ បច្ចេកទេសនិងជំនួយផ្សេងៗទៀត។
លោកមិនបានប្រាប់ឈ្មោះប្រទេសទាំងនោះទេ ក៏ប៉ុន្តែ ត្រូវគេយល់ថាសំដៅលើប្រទេសចិនដែលមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយកងជីវ ពលជនជាតិភាគតិចដែលកំពុងធ្វើប្រតិបត្តិការនៅតាមបណ្តោយព្រំដែន។
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTVបានរាយការណ៍ថាលោក Wangបានប្រាប់លោក Min Aung Hlaingថាចិនកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ដើម្បីស្ថិរភាពនិងសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយថាខ្លួនជំទាស់ប្រឆាំងនឹងការវាយប្រហារដោយពួកកងជីវពលជនជាតិភាគតិចលើតំបន់នានាដែលត្រួតត្រាដោយយោធានៅក្នុងរដ្ឋShanភាគខាងជើង។
ទូរទស្សន៍នោះបានរាយការណ៍ទៀតថាលោក Wang និងពួកមន្ត្រីកំពូលៗបានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងទ្វេភាគី ស្ថិរភាពតំបន់ព្រំដែននិងកិច្ចសហប្រតិបត្តិការនៅក្នុងការលប់បំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធInternet ហើយនឹងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។
បណ្តាញព័ត៌មានរដ្ឋចិនបានដកស្រង់សម្តីរបស់លោក Wang មកចុះផ្សាយថាចិន «ជំទាស់ប្រឆាំងភាពចលាចលនិងសង្គ្រាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាដោយកម្លាំងពីខាងក្រៅហើយនិងការប៉ុនប៉ងណាមួយដើម្បីជំរុញឱ្យមានការបែកបាក់រវាងចិននិងមីយ៉ាន់ម៉ាហើយនឹងបង្ខូចឈ្មោះចិន។
បណ្តាញព័ត៌មាននោះបាននិយាយទៀតថាលោក Wang ក៏បានសម្តែងនូវក្តីសង្ឃឹមថាមីយ៉ាន់ម៉ា«នឹងការពារប្រកបដោយប្រសិទ្ធភាពដល់សុវត្ថិភាពរបស់បុគ្គលិកនិងគម្រោងរបស់ចិននៅទីនោះ៕