របាយការណ៍ថ្មីមួយស្តីពីគម្រោងអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិនដែលត្រូវបានផ្តួចផ្តើមនៅចន្លោះឆ្នាំ ២០០០ និងឆ្នាំ ២០១៧ បានបង្ហាញថា ការផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់យ៉ាងច្រើនសន្ធឹកសន្ធាប់របស់ធនាគារដែលគាំទ្រដោយរដ្ឋាភិបាលចិន បានធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនប្រឈមនឹងការជំពាក់បំណុលវ័ណ្ឌក ហើយសូម្បីតែគម្រោងអភិវឌ្ឍន៍មួយចំនួនដែលឧបត្ថម្ភដោយប្រាក់កម្ចីទាំងនេះ ក៏ប្រឈមនឹងបញ្ហាសំខាន់ៗក្នុងការអនុវត្តដែរ។
ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយមន្ទីរស្រាវជ្រាវ AidData នៃមហាវិទ្យាល័យ William & Mary ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក បានបង្ហាញឱ្យឃើញច្បាស់ជាងមុនអំពីកម្រិតដែលប្រទេសចិន បានវិនិយោគទុនបម្រុងរូបិយប័ណ្ណបរទេសដ៏ច្រើនរបស់ខ្លួនក្នុងរូបភាពជាកម្ចីផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍។
លោក Brad Parks នាយកប្រតិបត្តិនៃមន្ទីរស្រាវជ្រាវ AidData បាននិយាយថា មិនដូចមូលនិធិដែលផ្តល់ឱ្យដោយរដ្ឋាភិបាលបស្ចិមប្រទេសជាច្រើននោះទេ ប្រាក់កម្ចីរបស់ចិនទាំងនេះ ត្រូវបានរៀបចំឡើងជាចម្បងដើម្បីផ្តល់ប្រាក់ចំណេញទៅឱ្យចិនខ្លួនឯងវិញ។
គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ប្រទេសចិន គឺជាគម្រោងដ៏សំខាន់មួយនៃផែនការរបស់ប្រធានាធិបតីចិនលោក Xi Jinping ដើម្បីរុញច្រានប្រទេសរបស់លោកឱ្យឈានទៅរកជំហរបែបដឹកនាំមួយនៅចំចំណុចស្នូលនៃសេដ្ឋកិច្ចសាកលលោក។
អ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះបានសន្និដ្ឋានថា គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិននេះត្រូវបានរៀបចំឡើងមិនមែនត្រឹមតែដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មថ្មីៗជាមួយប្រទេសនៅជុំវិញពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យចិនអាចមានលទ្ធភាពទទួលបានធនធានធម្មជាតិនិងវត្ថុធាតុដើមដែលជាទំនិញផ្សេងៗទៀតដែលខ្លួនមិនអាចផលិតនៅក្នុងប្រទេសបានផងដែរ។
ក្នុងរយៈពេល ៤ ឆ្នាំ អ្នកស្រាវជ្រាវ ១៣៥ នាក់នៃមន្ទីរស្រាវជ្រាវ AidData បានស្វែងរកកំណត់ត្រាសាធារណៈនានានៅជុំវិញពិភពលោកដើម្បីច្របាច់បញ្ចូលគ្នាជាឯកសារមួយទាក់ទិននឹងគម្រោងអភិវឌ្ឍន៍របស់ចិនចំនួន ១៣.៤២៧ គម្រោងនៅក្នុងប្រទេសចំនួន ១៦៥។
អ្នកស្រាវជ្រាវបានពិនិត្យមើលលើកម្ចីរបស់រដ្ឋាភិបាលចិនចំនួន ៨៤៣ ពាន់លានដុល្លារអាមេរិក ដែលផ្តល់ទៅឱ្យប្រទេសមានប្រាក់ចំណូលទាបទៅមធ្យម (LMIC)។
ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា ក្នុងចំណោមប្រទេសទាំង ១៦៥ ដែលចិនបានផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ឱ្យតាំងពីឆ្នាំ ២០០០ មក ឥឡូវនេះមានប្រទេសចំនួន ៤២ ដែលជំពាក់បំណុលចិនស្មើ ឬក៏លើស ១០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។
«អ្នកផ្តល់សេវាធនាគារ មិនមែនអ្នកជួយ»
លោក Parks នៃមន្ទីរស្រាវជ្រាវ AidData បាននិយាយថា ព័ត៌មានបានបង្ហាញថា វិធីសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះគម្រោងផ្ដល់មូលនិធិដល់ប្រទេសកំពុងអភិវឌ្ឍន៍ឆ្លុះបញ្ចាំងឱ្យឃើញពី «ទិសដៅផ្សេងយ៉ាងពិតប្រាកដ» ចំពោះដំណើរការនេះ ជាងវិធីសាស្ត្ររបស់បណ្ដាប្រទេសដែលជាសមាជិករបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ (OECD)។
លោក Parks បានពន្យល់ប្រាប់ VOA ថា៖ «ចិនគឺជាអ្នកផ្តល់សេវាធនាគារ មិនមែនជាអ្នកជួយនោះទេ»។
ចាប់តាំងពីឆ្នាំ ២០០០ មក ប្រទេសដែលជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ភាគច្រើនបានផ្តល់ប្រាក់ជំនួយនិងប្រាក់កម្ចីដែលមានការប្រាក់ទាបទៅឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ហើយក្នុងករណីដែលពួកគេផ្តល់ប្រាក់កម្ចី ពួកគេផ្តោតលើការពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសដែលទទួលប្រាក់កម្ចី។ ផ្ទុយទៅវិញ សម្រាប់ប្រទេសចិនវិញ ប្រទេសនេះផ្តល់ប្រាក់កម្ចីដោយសម្លឹងមើលឃើញផលប្រយោជន៍សេដ្ឋកិច្ចត្រឡប់មកវិញ។ នេះបើតាមការបញ្ជាក់របស់លោក Parks។
លោក Parks បានលើកឡើងដូច្នេះថា៖ «ប្រាក់កម្ចីដែលផ្តល់ឱ្យដោយស្ថាប័នផ្ដល់កម្ចីណាមួយនៃប្រទេសដែលជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ជាមធ្យមមានការប្រាក់ ១%។ សម្រាប់ប្រាក់កម្ចីដែលផ្ដល់ឱ្យដោយស្ថាប័នផ្ដល់កម្ចីផ្លូវការណាមួយរបស់ប្រទេសចិនវិញ ជាមធ្យមមានការប្រាក់ជាង ៤%។ ចំពោះការសងបំណុលវិញ ក៏មានលក្ខណៈដូចគ្នានេះដែរ។ រយៈពេលជាមធ្យមនៃការសងបំណុលមានរយៈពេល ២៨ ឆ្នាំ សម្រាប់ប្រាក់កម្ចីរបស់មហាអំណាចបស្ចិមប្រទេស និងតិចជាង ១០ ឆ្នាំសម្រាប់ប្រាក់កម្ចីរបស់ចិន»។
លោកបានបន្ថែមថា៖ «ធនាគារគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន កំពុងដើរតួជំនួសរដ្ឋាភិបាលក្នុងការបង្កើនប្រាក់ចំណេញក្នុងកម្រិតអតិបរមា។ ពួកគេកំពុងប្រមាញ់យកគម្រោងដែលមានប្រាក់ចំណេញនិងរកចំណូលបានច្រើន។ គម្រោងទាំងនេះ អាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ឬផ្ដល់ផលប្រយោជន៍ផ្នែកសុខុមាលភាពសង្គមខ្លះដែរសម្រាប់ប្រទេសដែលទទួលប្រាក់កម្ចី ប៉ុន្តែវាមិនមែនជាគោលបំណងចម្បងរបស់គម្រោងទាំងនេះនោះទេ»។
បំណុលច្រើនហួសកម្រិត
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការស្វែងរកប្រាក់ចំណេញរបស់ចិននេះបានធ្វើឱ្យប្រទេសជាច្រើនដែលចង់ខ្ចីប្រាក់ពីចិនតាំងពីដំបូង កាន់តែជំពាក់បំណុលវ័ណ្ឌកជាងការរំពឹងទុករបស់ប្រទេសទាំងនោះទៅទៀត។
មន្ទីរស្រាវជ្រាវ AidData បានរកឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចាប់តាំងពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិនបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៣ មក វិធីអនុវត្តរបស់ចិនសម្រាប់ការផ្តល់កម្ចីបានផ្លាស់ប្តូរ។ ប្រាក់កម្ចីដែលធ្លាប់តែផ្តល់ដោយផ្ទាល់ទៅឱ្យរដ្ឋាភិបាលបរទេស ឥឡូវនេះត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ ធនាគារគ្រប់គ្រងដោយរដ្ឋ ក្រុមហ៊ុនរួមគ្នា និងស្ថាប័នផ្សេងៗទៀតទៅវិញ។
លទ្ធផលនៃការអនុវត្តបែបនេះគឺថា ជារឿយៗវាមានភាពមិនច្បាស់លាស់ថាតើពួកគេជំពាក់បំណុលរបស់ចិនប៉ុន្មាន ដែលសូម្បីតែរដ្ឋាភិបាលខ្លួនឯងដែលជាអ្នកខ្ចីប្រាក់ក៏មិនដឹងផងដែរ។
ករណីនេះមានន័យថា បន្ទុកបំណុលពិតប្រាកដរបស់ពួកគេមិនត្រូវបានរាយការណ៍ឱ្យបានត្រឹមត្រូវឱ្យស្ថាប័នផ្ដល់កម្ចីផ្សេងទៀតដូចជាធនាគារពិភពលោក (World Bank) ជាដើម ឬឱ្យទីភ្នាក់ងារវាយតម្លៃលើកម្រិតហានិភ័យស្នើសុំឥណទានសាកលលោកផ្សេងៗ។
អ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះ បានប៉ាន់ស្មានថា ជាមធ្យម ប្រទេសដែលមានប្រាក់ចំណូលទាបទៅមធ្យម (LMIC) ដែលចិនបានផ្តល់កម្ចីភាគច្រើនឱ្យ មិនបានរាយការណ៍ឱ្យបានពេញលេញអំពីបំណុលសរុបដែលពួកគេជំពាក់ចិននោះទេ ដែលបំណុលនោះមានចំនួនស្មើនឹង ៥,៨% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ»។
ការផ្តោតលើទ្វីបអាហ្វ្រិក
ទោះបីជាការផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍របស់ចិន ត្រូវបានផ្តល់ឱ្យគ្រប់ទីកន្លែងនៅលើពិភពលោកក៏ដោយ ក៏ការផ្តោតខ្លាំងបំផុតបើគិតតាមចំនួនគម្រោងនានាគឺនៅក្នុងទ្វីបអាហ្វ្រិក។
នៅក្នុងទ្វីបអាហ្វ្រិក គម្រោងអភិវឌ្ឍន៍ដែលផ្តល់ហិរញ្ញប្បទានដោយចិនចំនួន ៤៧% ដែលស្មើនឹងទឹកប្រាក់កម្ចីចំនួន ២០៧ ពាន់លានដុល្លារអាមេរិក កំពុងដំណើរការនៅទីនោះ។ សម្រាប់ទ្វីបអាស៊ីវិញ គឺមានចំនួន ២៦% បើគិតតាមចំនួនគម្រោង ប៉ុន្តែបើគិតតាមចំនួនទឹកប្រាក់កម្ចី គឺមានចំនួនច្រើនរហូតដល់ ២៤៦ ពាន់លានដុល្លារអាមេរិក។
ប្រទេសជាច្រើនកំពុងប្រឈមនឹងបន្ទុកបំណុលដ៏ខ្ពស់ ដែលខ្លួនជំពាក់ប្រទេសចិន។
បើយោងតាមការសិក្សាស្រាវជ្រាវខាងលើនេះ ប្រទេសឡាវ អង់ហ្គោឡា កៀហ្ស៊ីស៊ីស្ថាន ជីប៊ូទី សូរីណាម ម៉ាល់ឌីវ កុងហ្គោ និងហ្គីណេអេក្វាទ័រ សុទ្ធតែជំពាក់បំណុលចិនសរុបជាង ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ។
កាលពីខែកញ្ញាកន្លងទៅនេះ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន The Wall Street Journal ដោយបានលើកឡើងមួយផ្នែកថា៖ «ប្រទេសចិនផ្ដល់សារៈសំខាន់លើបញ្ហាស្ថិរភាពបំណុលរបស់បណ្ដាប្រទេសដែលចូលរួមកសាងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិន»។
ក្រសួងការបរទេសចិនបានហៅគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) នេះថា ជា «វេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅក្នុងពិភពលោកនាពេលសព្វថ្ងៃនេះ»។
ការលាតត្រដាងឲ្យឃើញពី «អន្ទាក់បំណុល»
លោក Parks បានថ្លែងថា ការស្រាវជ្រាវរបស់ក្រុមរបស់លោកនេះបានបង្ហាញឲ្យឃើញថា ប្រទេសចិន ពិតជាមានបំណងរៀបចំ «អន្ទាក់បំណុល» សម្រាប់ប្រទេសក្រីក្រពិតប្រាកដមែន។ សម្មតិកម្មអំពីអន្ទាក់បំណុលបានបង្ហាញថា ចិនកំពុងបង្កើតប្រាក់កម្ចីដែលខ្លួនដឹងថាអ្នកខ្ចីមិនអាចសងវិញបាន ដើម្បីមានឥទ្ធិពលមានប្រៀបផ្នែកការទូតលើរដ្ឋាភិបាលដែលជាកូនបំណុល ឬដើម្បីបានកាន់កាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗណាដែលមិនអាចសងបំណុលបាន។
លោកបានថ្លែងថា ចិនមានបំណងខ្លាំងក្លាចង់យកទ្រព្យសម្បត្តិណាដែលអាចប្តូរជាប្រាក់បានលឿនជាជាងហេដ្ឋរចនាសម្ព័នរូបវន្តសម្រាប់ធ្វើជាទ្រព្យធានាសម្រាប់ប្រាក់កម្ចីរបស់ខ្លួន។
លោក Parks បានបញ្ជាក់ដូច្នេះថា៖ «យើងកម្រនឹងឃើញរដ្ឋាភិបាលចិនផ្ដោតលើទ្រព្យធានាណាដែលមិនអាចប្តូរទៅជាសាច់ប្រាក់បានលឿនណាស់។ ពួកគេឆ្លាតជាងនេះ។ អ្វីដែលពួកគេចង់ធ្វើគឺផ្ដោតលើទ្រព្យសម្បត្តិណាដែលអាចប្ដូរទៅជាសាច់ប្រាក់ពេញលេញបានភ្លាមៗ»។
លោក Parks បាននិយាយថា សម្រាប់វិធីសងបំណុលជាទូទៅមួយដែលចិនរៀបចំឡើងនៅក្នុងកិច្ចសន្យាគឺលទ្ធភាពដែលចិនអាចទទួលបានធនធានធម្មជាតិរបស់ប្រទេសដែលខ្ចីបំណុលខ្លួន។ នៅក្នុងពេលជាមួយគ្នានឹងពេលដែលចិនផ្ដល់កម្ចី រដ្ឋាភិបាលចិននឹងរៀបចំឱ្យមានកិច្ចព្រមព្រៀងដំណាលគ្នាមួយសម្រាប់ការទិញជាបន្តរហូតនូវធនធានដែលផលិតដោយប្រទេសដែលខ្ចីបំណុលខ្លួន។
នៅពេលដែលរដ្ឋាភិបាលចិនទិញធនធានរបស់ប្រទេសដែលខ្ចីបំណុលខ្លួន ខ្លួនបាន «ទូទាត់» តាមរយៈការដាក់ប្រាក់តម្កល់នៅក្នុងគណនីដែលខ្លួនគ្រប់គ្រង និងប្រើប្រាស់មូលនិធិទាំងនោះដើម្បីប្រមូលសំណងប្រាក់កម្ចីដែលដល់កំណត់ត្រូវសង។
«វិប្បដិសារីរបស់ប្រទេសខ្ចីបំណុល» ប៉ះពាល់ដល់គម្រោង BRI
ការផ្លាស់ប្តូរនូវយុទ្ធសាស្ត្រផ្តល់ប្រាក់កម្ចីដែលចិនបានអនុវត្តនៅពេលគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) ត្រូវបានប្រកាសកាលពីឆ្នាំ ២០១៣ ទំនងជាធ្វើឱ្យគម្រោងទាំងនោះមានភាពជោគជ័យតិចជាងគម្រោងផ្សេងទៀតដែលមិនស្ថិតក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) នេះ។
ជាឧទាហរណ៍ បើយោងតាមការសិក្សាស្រាវជ្រាវខាងលើ គម្រោងដែលស្ថិតក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) ចំនួន ៣៥% បានជួបបញ្ហាធ្ងន់ធ្ងរក្នុងការអនុវត្ត ដូចជារឿងអាស្រូវពុករលួយ ការរំលោភបំពានសិទ្ធិការងារ ការប៉ះពាល់ដល់បរិស្ថាន និងការតវ៉ាពីសាធារណជនជាដើម។ បើធ្វើការប្រៀបធៀប គេឃើញថា គម្រោងដែលមិនស្ថិតក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) ចំនួនតែ ២១% ប៉ុណ្ណោះដែលជួបបញ្ហាបែបនេះ។
របាយការណ៍នៃការសិក្សាស្រាវជ្រាវខាងលើបានរកឃើញថា គម្រោងដែលស្ថិតក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) ចំណាយពេលអនុវត្ត ៣៦% យូរជាងគម្រោងដែលមិនស្ថិតក្រោមគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) និងប្រឈមនឹងលទ្ធភាពខ្ពស់ដែលប្រទេសទទួលគម្រោងនេះបិទគម្រោងនេះចោល ដោយសារ «ក្តីបារម្ភពាក់ព័ន្ធនឹងអំពើពុករលួយនិងការចំណាយហួសកម្រិត ព្រមទាំងការផ្លាស់ប្តូរខ្លាំងក្លានៃអារម្មណ៍របស់សាធារណជនផងដែរ ដែលធ្វើឱ្យពិបាកក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសចិន»។
ការប្រកួតប្រជែងកើតមានឡើង
សហរដ្ឋអាមេរិកនិងមហាអំណាចបស្ចិមប្រទេសមួយចំនួនបានប្រើប្រាស់ការមិនពេញរបស់ប្រទេសមួយចំនួនដែលខ្ចីបំណុលចិនក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) នេះ ដើម្បីជំរុញនូវគម្រោងផ្តួចផ្តើមដែលមានលក្ខណៈប្រកួតប្រជែងនានា ដូចជាគម្រោងកសាងពិភពលោកជាថ្មីឱ្យប្រសើរ (B3W) របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden ដែលគាំទ្រដោយក្រុមប្រទេស G-7 ឬកម្មវិធីច្រកផ្លូវសាកលលោក (Global Gateway) របស់សហភាពអឺរុបដែលបានប្រកាសកាលពីពេលថ្មីៗនេះជាដើម។
នៅក្នុងការថ្លែងទៅកាន់អង្គការសហប្រជាជាតិកាលពីដើមខែកញ្ញាកន្លងទៅនេះ លោក Biden ហាក់ដូចជារិះគន់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិន ដោយបានលើកឡើងថា៖ «ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពអន់ ឬដែលបម្រើដល់អំពើពុករលួយ ឬពន្លឿនដល់ការធ្លាក់ចុះនៃបរិស្ថាន នៅទីបំផុតអាចត្រឹមតែបង្កឱ្យមានបញ្ហាប្រឈមកាន់តែច្រើនសម្រាប់ប្រទេសនានាតែប៉ុណ្ណោះ»។
នៅពេលនេះ គេនៅមិនទាន់ច្បាស់នៅឡើយថាតើការមិនពេញចិត្តរបស់ប្រទេសខ្ចីបំណុលចិននាពេលបច្ចុប្បន្នរួមជាមួយនឹងការប្រកួតប្រជែងថ្មីពីបស្ចិមប្រទេសនឹងប៉ះពាល់ដល់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនតាមរបៀបណានោះទេ។ នេះបើតាមការបញ្ជាក់របស់លោក Parks។
លោក Parks បានលើកឡើងដូច្នេះថា៖ «គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើវិប្បដិសារីរបស់បណ្ដាប្រទេសខ្ចីបំណុលចិនប៉ះពាល់ដល់ចីរភាពរយៈពេលវែងនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិននេះឬក៏យ៉ាងណានោះ។ ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលចិនចង់ឱ្យមានការគាំទ្រជាបន្តលើគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) នេះ រដ្ឋាភិបាលនេះចាំបាច់ត្រូវបោះជំហានឲ្យបានលឿននិងម៉ឺងម៉ាត់ក្នុងការដោះស្រាយការកើនឡើងនូវការមិនពេញចិត្តដូចនេះក្នុងចំណោមបណ្ដាប្រទេសដែលចូលរួមក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) នេះ ហើយចាំបាច់ត្រូវតាមដានមើលសកម្មភាពប្រកួតប្រជែងរបស់ខ្លួន ដោយសារតែនៅក្នុងពេលឆាប់ៗខាងមុខនេះនឹងមានជម្រើសប្រសើរជាងនេះនៅក្នុងទីផ្សារហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ»៕