ពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីកើនឡើងច្រើននៅឆ្នាំ២០២៣ ប៉ុន្តែពាណិជ្ជកម្មចិនជាមួយសហរដ្ឋអាមេរិកថយចុះ

រូបឯកសារ៖ ទិដ្ឋភាព​នៃ​កំពង់ផែ​ពាណិជ្ជកម្ម នៅក្រុង Vladivostok នៃ​ប្រទេស​រុស្ស៊ី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ទិន្នន័យផ្លូវការពី​ក្រុង​ប៉េកាំង​បង្ហាញ​កាលពី​ថ្ងៃសុក្រ ទី១២ ខែមករាថា ពាពិជ្ជកម្ម​រវាងប្រទេសចិននិង​ប្រទេសរុស្ស៊ីបាន​កើន​ឡើង​ដល់​កម្រិតខ្ពស់មិនធ្លាប់មាន​ពីមុន​ នៅឆ្នាំ ២០២៣ នៅពេល​ដែល​ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក​បានចុះថយជា​លើក​ដំបូងក្នុងរយៈពេល​បួនឆ្នាំ​ ដោយសារ​មានភាពតានតឹងខាងភូមិសាស្ត្រ​នយោបាយ។

តួលេខគយបង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេសចិននិង​ប្រទេស​រុស្ស៊ីបាន​កើន​ដល់ជាង​ ២៤០ពាន់លានដុល្លារ​ ដោយ​មានលើស​ពី​គោលដៅ​ចំនួន ២០០ពាន់លានដុល្លារ ដែល​ត្រូវ​បានកំណត់​ក្នុង​ការប្រជុំ​ទ្វេភាគី​កាលពី​ឆ្នាំទៅ។​

តួលេខ​នេះ​មាន​ច្រើនបំផុត​ក្នុង​កំណត់ត្រាសម្រាប់ប្រទេសទាំង​ពីរដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាងមុនខាង​នយោបាយនិង​ខាងសេដ្ឋកិច្ចតាំងពីរដ្ឋាភិបាល​ក្រុង​ម៉ូស្គូបានលុកលុយប្រទេស​អ៊ុយក្រែន ​កាលពីឆ្នាំ ២០២២ មក។​

បណ្តាប្រទេសលោក​ខាងលិច​បានរិះគន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​គោលជំហរចិន​ស្តីពីសង្គ្រាម​អ៊ុយក្រែន ប៉ុន្តែចិន​បាន​និយាយទទូចថា ​ខ្លួនអព្យាក្រឹត។

ចិនបាន​ប្រកែក​មិន​ព្រមរិះគន់ការ​លុកលុយរបស់​រដ្ឋាភិបាលក្រុង​ម៉ូស្គូទេ។

បើ​តាមទិន្នន័យ​នេះ តួ​លេខពាណិជ្ជកម្ម​ទាំង​នេះជា​កំណើនពី​មួយ​ឆ្នាំទៅមួយឆ្នាំចំនួន ២៦,៣ភាគរយ។ ផ្ទុយពី​នេះ ពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិកនិង​ចិន​បានចុះថយ​ជា​លើក​ដំបូង​តាំង​ពីឆ្នាំ ២០១៩។

ពាណិជ្ជកម្មជាមួយ​សហរដ្ឋអាមេរិកមាន​ទឹកប្រាក់ ៦៦៤ពាន់​លានដុល្លារ កាលពី​ឆ្នាំទៅ គឺចុះថយ ១១,៦ភាគរយ ​កាលពី​ឆ្នាំ ២០២២។

លោក Wang Lingjun អនុរដ្ឋមន្ត្រីរដ្ឋបាលទូទៅខាង​គយបាននិយាយ​ប្រាប់សន្និសីទ​កាសែត​ថា ​ពាណិជ្ជកម្មរបស់ប្រទេស​ប្រឈមនឹងបញ្ហាច្រើន​ជាង​មុននៅឆ្នាំ ២០២៤នេះ។

លោក​បានថ្លែងថា៖ «ភាពសាំញ៉ាំ ភាព​ធ្ងន់ធ្ងរ​និង​ភាពមិនទៀងទាត់នៃ​បរិដ្ឋាន​ខាងក្រៅ​មាន​ច្រើន​ជា​ងមុន ហើយ​យើងត្រូវការពុះពារការពិបាក​ទាំងនេះនិង​ប្រឹងប្រែង​ខ្លាំងជាងមុន​ដើម្បី​ធ្វើឱ្យមាន​ការលូតលាស់​ពាណិជ្ជកម្មក្រៅប្រទេស»។

តួលេខទាំងនេះក៏បង្ហាញ​ថា ​ការ​ដឹកទំនិញទៅលក់​ឯប្រទេសក្រៅរបស់ចិនបាន​ថយចុះ ៤,៦ភាគរយ​ កាលពីឆ្នាំទៅ ដែល​ជា​ការចុះថយ​លើកទីមួយ​តាំង​ពីឆ្នាំ ២០១៦ ចំណែក​ឯការ​ដឹកទំនិញ​ចូលក្នុងប្រទេស​បានចុះថយ ៥,៥ភាគរយ។

កាល​ពីថ្ងៃ​សុក្រ គេក៏​ឃើញតួលេខ​សេដ្ឋកិច្ចយ៉ាប់យ៉ឺន​នៅ​ក្នុង​ស្រុក ដោយ​ទិន្នន័យ​ការិយាល័យស្ថិតិជាតិ​បង្ហាញបរិត្តផរណា​នៅ​ក្នុង​ប្រទេសចិន​បន្តមាន​បីខែជាប់ខែ​កាលពីខែធ្នូ។

សន្ទស្សន៍​តម្លៃគ្រឿង​ឧបភោគ​បរិភោគ​បានចុះថយ ​០,៣ភាគរយ​។

ចិនធ្លាក់​ក្នុង​បរិត្តថរណា​ក្នុង​ខែ​កក្កដាជា​លើកដំបូង​តាំងពី​ឆ្នាំ ២០២១ មក ​ហើយក៏មាន​ការរើបឡើងវិញមួយ​រយៈពេលខ្លី​នៅ​ខែសីហា។ តម្លៃ​គ្រឿង​ឧបភោគ​បរិភោគ​បានចុះថយ​តាំង​ពី​ខែកញ្ញាមក។​

ក្រុម​អ្នកវិភាគ​ស្ទង់មតិ​ដោយ Bloomberg រំពឹង​ថា​ មានការចុះតម្លៃទំនិញ​ ០,៤ភាគរយ ​កាលពី​ខែមុន ក្រោយ​មាន​តម្លៃចុះថយ ០,៤ភាគរយ ​ក្នុង​ខែវិច្ឆិកា។

ទោះជា​បរិត្តផរណា​នាំឱ្យទំនិញថោក​ជាងមុនក៏ដោយ ក៏វា​ដាក់ឱ្យមាន​ការគំរាមកំហែង​ដល់​សេដ្ឋកិច្ចទាំង​មូល​ ​ពីព្រោះ​ពួកអ្នកប្រើប្រាស់គ្រឿង​ឧបភោគ​បរិភាគ​ចង់ពន្យារពេល​ការទិញ​ទំនិញ ដោយ​សង្ឃឹម​ថា​មានការ​បញ្ចុះតម្លៃថែមទៀត។​

កង្វះ​តម្រូវការ​អាចបង្ខំ​ក្រុមហ៊ុននានា​ឱ្យកាត់បន្ថយ​ផលិតកម្ម បង្កកការជួល​បុគ្គលិកឬ​បញ្ឈប់​ការងារ​បុគ្គលិក។ ក្រុមហ៊ុនទាំង​នេះក៏​ត្រូវតែ​លក់ទំនិញ​ស្តុកទុក​ដោយចុះតម្ល ដែល​បណ្តាលឱ្យ​គ្មាន​កម្រៃ​ទោះជា​សោហ៊ុយ​នៅ​តែ​ដដែល​ក៏ដោយ។

បើ​ប្រៀបធៀបគ្នា អតិផរណា​នៅអាមេរិកមាន ៣,៤​ភាគរយ ក្នុង​ខែធ្នូ។

អតិផរណានៅ​ប្រទេស​ចិនក្នុង​ឆ្នាំ ២០២៣​ បាន​កើនឡើង​ជា​មធ្យមភាគ​ចំនួន ០,២ភាគរយ ដែល​ផ្ទុយពីពួក​ប្រទេសមានសេដ្ឋកិច្ចធំៗឯទៀតៗ​ដែលគេឃើញទំនិញ​ឡើងថ្លៃ​ម្តង​ទៀត។

ការិយាល័យ​ស្ថិតិ​ជាតិ​ក៏បាននិយាយដែរថា ​តម្លៃ​ផលិត​បាន​ថយចុះ ២,៧ភាគរយ​ ដោយ​ថយចុះ​ក្នុង​ខែទី ១៥ បន្តបន្ទាប់គ្នា។

សន្ទស្សន៍​តម្លៃគ្រឿង​ឧបភោគ​បរិភោគដែល​វាស់វែង​តម្លៃទំនិញ​ចេញពី​រោងចក្រ​និង​ផ្តល់​ការយល់​ជ្រៅជ្រះ​អំពី​ស្ថានភាពសេដ្ឋកិច្ចបាន​ចុះថយ ៣ភាគរយ ក្នុងខែ​វិច្ឆិកា៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ