ប្រទេស​​ចិន​​រាយការណ៍​អំពី​​មនុស្ស​​ស្លាប់​១២១​នាក់​ថែម​​ទៀត​​ដោយ​សារ​​មេរោគ​កូរ៉ូណា​ ហើយ​ករណីថ្មីៗ​ក៏​កើនឡើង​ច្រើនដែរ

គូ​ស្រករ​មួយ​គូ​ពាក់​ម៉ាស់​នៅ​ពេល​ពួក​គេ​ឱប​ក្រសោប​គ្នា នៅ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ នៅ​ទីក្រុង​ហុង​កុង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ ស្រប​ពេល​ដែល​ជំងឺ​កូរ៉ូណា កំពុង​រីក​រាល​ដាល់។

ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ មាន​មនុស្ស​ស្លាប់​១២១​នាក់​ថែម​ទៀត​ដោយសារ​មេរោគ​វីរុសកូរ៉ូណា​ហើយ​ចំនួនមនុស្ស​បាត់បង់ជីវិត​បាន​កើន​ឡើង​ដល់​ជិត​១៤០០​នាក់​ហើយ។ ម្យ៉ាង​វិញ​ទៀត​មាន​មនុស្ស៥,០៩០​នាក់​បាន​ឆ្លង​មេរោគ​នេះ។

ក្រៅ​ពី​នេះ​ពួក​ពេទ្យ​១,៧១៦​នាក់​ក៏​បានឆ្លង​មេរោគ​នេះដែរ​ ហើយ​៦​នាក់​បាន​ស្លាប់​ទៅ​ហើយ។ រហូត​មក​ដល់យប់​ថ្ងៃព្រហស្បតិ៍​មាន​មនុស្ស​៦៣,៨៥១​នាក់​បាន​ឆ្លង​មេរោគ​នេះ​នៅ​ក្នុង​ប្រទេស​ចិន។

បេសកកម្ម​រួម​គ្នា​មួយ​ជាមួយ​ប្រទេស​ចិន​ដឹក​នាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នឹង​បើក​ធ្វើការ​ស៊ើបអង្កេត​អំពី​មេរោគ​កូរ៉ូណានៅ​ដំណាច់​សប្តាហ៍នេះ។​លោក ​Tedros Adhanom​ Ghebreyesus ​ប្រធានអង្គការ​សុខភាព​ពិភពលោក​ WHO បាននិយាយ​ប្រាប់​ពួកអ្នក​កាសែត​កាលពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ ថា​លោក​រំពឹង​ថា​ ក្រុម​មួយ​នឹង​ធ្វើដំណើរ​ទៅ​ដល់​ប្រទេស​ចិន​នៅ​ដំណាច់​សប្តាហ៍​នេះ​ហើយ​ថា «នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ឱ្យ​យល់​អំពី​ការចម្លង​មេរោគ​នេះ, ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ និងផល​ប៉ះពាល់​ដោយ​វិធានការ​ដែល​កំពុង​មាន​ធ្វើ»។

កាលពី​ថ្ងៃ​សុក្រ​ ប្រធានាធិបតី​ចិន Xi Jinping ​បាន​អំពាវនាវ​ឱ្យ​មានសេចក្តី​ព្រាង​ច្បាប់​ខាង​សាធារណៈ​សុខាភិបាល​ខ្លាំង​ជាង​មុន​នៅ​ពេល​ដែល​ប្រទេស​ចិន​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​រាតត្បាត​នៃ​មេរោគ​នេះ។ បើ​តាម​បណ្តាញ​ទូរទស្សន៍ ​China Global Television ថា​ លោក​ Xi «គូស​បញ្ជាក់​សេចក្តី​ត្រូវការ​ពង្រឹង​ផ្នែក​កម្សោយ​និង​បំបាត់​ចន្លោះ​ប្រហោង​ខាង​ផ្លូវ​ច្បាប់​ដែល​បាន​ត្រូវ​បញ្ចេញ​ឱ្យ​ឃើញដោយ​ការរាតត្បាត​ជំងឺ​នេះ​នៅ​ពេល​នេះ»។

នៅ​ក្នុង​ក្រុង​ប៉េកាំង ​ពួកមន្ត្រី​ក្រុង​នេះ​បាន​តម្រូវ​ដល់​ប្រជារាស្ត្រ​ទាំងអស់ដែល​វិល​ត្រឡប់​មក​កាន់​រដ្ឋធានី​វិញ​ឱ្យ​នៅ​ដាច់​ពីគេ​ដោយ​ខ្លួន​ឯង​ចំនួន​១៤​ថ្ងៃ។

កាសែត ​Beijing Daily ​របស់រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃសុក្រ​ថា ​ពួកជន​ទាំង​ឡាយ​ណា​ដែល​ប្រកែក​មិន​ព្រម​នៅ​ដាច់​ពី​គេ​ឬ​រំលោភ​លើ​បទបញ្ញត្តិ​ឯទៀតៗ​ក្នុង​ការ​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃជំងឺ​នេះ​ «នឹង​ទទួល​ខុស​ត្រូវ​តាមច្បាប់»។

ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការ​ដក​លោក ​Jiang Chaoliang ​ពី​តំណែង​ប្រធានគណបក្ស​កុម្មុយនិស្ត​ក្នុង​ខេត្ត​ Hubei​ ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​មន្ត្រី​ខាង​សុខាភិបាល​ជាន់​ខ្ពស់​ពីរ​នាក់​របស់​ខេត្តនេះ​បាន​ត្រូវ​ដក​ហូត​តំណែង។ ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua ផ្លូវការ​របស់ប្រទេស​ចិន​បាននិយាយ​ថា លោក​ Ying Yong​ អតីត​អភិបាលក្រុង​ Shanghai ​នឹង​កាន់​តំណែង​ជំនួស​លោក Jiang ​ដែល​សាធារណជន​បាន​រិះគន់​ដល់​របៀប​ដោះស្រាយ​បញ្ហា​រាត​ត្បាត​នៃ​មេរោគ​វីរុស ​COVID19​ នេះ៕