ចិន​ដក​រដ្ឋមន្ត្រី​ការបរទេស​ លោក ​Qin Gang​ដោយ​ដាក់​​អ្នក​កាន់​តំណែង​មុន​គឺ​លោក​ Wang Yi​ វិញ​

រូបឯកសារ៖​ ​រដ្ឋមន្ត្រី​ការបរទេស​ Qin Gang ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ក្នុងទីក្រុងប៉េកាំង​ប្រទេស​ចិនកាលពីថ្ងៃទី​២៣ ឧសភា​ ឆ្នាំ២០២៣។

រដ្ឋាភិបាល​ចិន​បាន​ដក​តំណែង​រដ្ឋមន្ត្រី​ការបរទេស​ដែល​ហ៊ាន​និយាយដោយ​មិន​សំចៃ​មាត់​លោក Qin Gang និង​ដាក់​លោក Wang Yi ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​ ឱ្យ​កាន់​តំណែង​ជំនួស​វិញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

នៅ​ក្នុង​ការ​ប្រកាស​មួយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​មិន​បាន​ផ្ដល់​ហេតុផល​ណា​មួយ​សម្រាប់​ការ​ដក​តំណែង​លោក Qin Gang នេះ​ទេ ប៉ុន្តែ​ការ​ដក​តំណែង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​គេ​មិនបាន​ឃើញ​លោក​លេច​មុខ​ជា​សាធារណៈ​ជិត​មួយ​ខែ​កន្លង​មក នៅ​ចំ​ពេល​មាន​ការ​សង្ស័យ​ទាក់ទិន​នឹង​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​និង​ការ​ប្រជែង​នយោបាយ។

ក្រសួង​ការបរទេស​ចិន​មិន​បាន​ផ្ដល់​ព័ត៌មាន​ណា​មួយ​អំពី​ស្ថានភាព​របស់​លោក Qin Gang នោះ​ទេ​ដោយ​សម្រប​តាម​វិធី​ស្ដង់ដារ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​ចំពោះ​បញ្ហា​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ដ៏​ស្មុគស្មាញ​ខ្លាំង​មួយ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​រឹតត្បិត​យ៉ាង​តឹងតែង។

ក្រសួង​ការបរទេស​ចិន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ។ វិធានការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​មាន​ប្រតិកម្ម​ខ្លាំងក្លា​ពី​បរទេស​ប្រឆាំង​នឹង​គោល​នយោបាយ​ការបរទេស​ដ៏​គឃ្លើន​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន ដែល​គោល​នយោបាយ​នេះ​ត្រូវ​បាន​លោក Qin Gang ​ជា​អ្នកស្នើ​ឡើងជា​ចម្បង៕