ការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ប្រទេសចិនកំពុងបង្កើនឥទ្ធិពលយោធានៅក្នុងសមុទ្រចិនខាងត្បូង គឺជាការអះអាង «មិនសមហេតុផល»។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលចិននៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋាភិបាលបានបញ្ជាក់ដូច្នេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Jim Mattis បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចនឹងតតាំងជាមួយនឹងសកម្មភាពរបស់ចិននៅក្នុងដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។
លោក Mattis បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកអាចប្រឆាំងនឹងអ្វីដែលខ្លួនយល់ឃើញថាជាការបង្កើនឥទ្ធិពលយោធារបស់ចិននៅលើកោះនានានៅក្នុងសមុទ្រចិនខាងត្បូង ទោះបីជាចិនបានថ្កោលទោសចំពោះការធ្វើនាវាចរណ៍របស់នាវាទាហានជើងទឹកសហរដ្ឋអាមេរិកពីរគ្រឿងនៅក្នុងសមុទ្រចិនខាងត្បូងកាលពីចុងសប្ដាហ៍កន្លងទៅនេះក៏ដោយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «វត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូងគឺច្រើនជាងវត្តមានយោធារបស់ចិន និងយោធារបស់បណ្ដាប្រទេសផ្សេងទៀតនៅជុំវិញសមុទ្រចិនខាងត្បូងបញ្ចូលគ្នាទៅទៀត»។
លោកស្រីក៏បានចោទជាសំណួរផងដែរថាតើប្រតិបត្តិការ «សេរីភាពនៃការធ្វើនាវាចរណ៍» របស់ទាហានជើងទឹកសហរដ្ឋអាមេរិក គឺពិតជាធ្វើឡើងដើម្បីរក្សាសិទ្ធិធ្វើដំណើររបស់នាវានានាកាត់តាមសមុទ្រចិនខាងត្បូង ឬក៏គ្រាន់តែធ្វើឡើងដើម្បីជាការប៉ុនប៉ងនៅក្នុងការរក្សាឥទ្ធិពលគ្របដណ្ដប់របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ឬក៏យ៉ាងណានោះ៕