ប្រទេសចិនកំពុងព្យាយាមទប់ស្កាត់ឥទ្ធិពលដ៏ខ្លាំងក្លានៃតារាតាមបណ្តាញសង្គមរបស់ខ្លួន ដែលអ្នកខ្លះមានអ្នកគាំទ្រឬតាមដាន (Followers) រហូតដល់រាប់សិបលាននាក់ ដែលធ្វើឲ្យចំនួនអ្នកគាំទ្រនាង Oprah Winfrey នៅលើបណ្តាញសង្គមបស្ចិមប្រទេសហាក់ដូចជាមានចំនួនតិចជាងខ្លាំង។ ជាឧទាហរណ៍ តារាល្បីៗជាងគេតាមបណ្តាញអ៊ីនធឺណិតចិនចំនួន១០នាក់មានអ្នកតាមដាន (Followers) ចន្លោះពី៦៧លានទៅ៩០លាននាក់។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ គេឃើញមានការបិទគណនីបណ្ដាញសង្គមរបស់តារាល្បីៗមួយចំនួន នៅខណៈពេលដែលរដ្ឋបាលបណ្តាញអ៊ីនធឺណិតក្រុងប៉េកាំង (BCA) បានបិទគណនីទស្សនាវដ្ដីនិយាយពីតារាចំនួន៦០គណនី។ រដ្ឋបាលនេះក៏បានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិតដែលដំណើរការគណនីទាំងនេះឲ្យ«ចាត់វិធានការដ៏មានប្រសិទ្ធភាព ដើម្បីបន្តពិនិត្យមើលបញ្ហាការលើកតម្កើងរឿងអាស្រូវផ្លូវភេទរបស់ក្រុមតារាល្បីៗ ការបង្អួតការចំណាយហឺហានិងការកម្សាន្តរបស់តារាដើម្បីទាក់ទាញហួសកម្រិត និងការផ្តល់នូវខ្លឹមសារព័ត៌មានមិនល្អសម្រាប់សាធារណជន។
ក្រុមអ្នកវិភាគនិយាយថា គណបក្សកុម្មុយនិស្តចិន (CCP) មានហេតុផលដែលត្រូវព្រួយបារម្ភអំពីឥទ្ធិពលដ៏ធំធេងរបស់តារាលេចធ្លោនៅលើបណ្តាញអ៊ីនធឺណិតទាំងនោះ។ នេះបើយោងតាមលោក Bill Bishop ដែលបោះពុម្ពផ្សាយព្រឹត្តិប័ត្រ The Sinocism China Newsletter ដែលជាព្រឹត្តិបត្រមានអ្នកអានយ៉ាងច្រើន។
ទឹកប្រាក់និងគុណតម្លៃ
លោក Bill Bishop និយាយថា៖ «គណបក្សនេះបានយកចិត្តទុកដាក់ខ្លាំង ជំរុញគុណតម្លៃរួមនៃសង្គមនិយម ហើយមានតារាលេចធ្លោនៅលើបណ្តាញអ៊ីនធឺណិតតិចតួចណាស់អាចធ្វើជាឧទាហរណ៍ល្អឥតខ្ចោះសម្រាប់គុណតម្លៃទាំងនោះ។ អ្នកដែលបង្កើតបណ្ដាញព័ត៌មានដោយខ្លួនឯង រឹតតែពិបាកគ្រប់គ្រងថែមទៀត ហើយក្នុងចំណោមសសរស្តម្ភមួយរបស់គណបក្សកុម្មុយនិស្តចិន គឺការឃោសនានិងការគ្រប់គ្រងលើផ្នែកមនោគមវិជ្ជា»។
តារាលេចធ្លោនៅលើបណ្តាញអ៊ីនធឺណិតគឺជាមធ្យោបាយដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយទីផ្សារ និងការផ្សាយពាណិជ្ជកម្ម ហើយមានក្រុមហ៊ុនរាប់ពាន់បានពឹងអាស្រ័យលើពួកគេដើម្បីផ្សព្វផ្សាយផលិតផល។ ទំហំទីផ្សារនៅលើបណ្តាញអ៊ីនធឺណិតដែលផ្សព្វផ្សាយដោយតារាសង្គមលេចធ្លោចិនត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៥៨ពាន់លានដុល្លារនៅឆ្នាំ២០១៦ ហើយគេរំពឹងថា ចំនួននេះនឹងកើនដល់១០០ពាន់លានដុល្លារនៅឆ្នាំ២០១៨ នេះបើយោងតាមទីភ្នាក់ងារស្រាវជ្រាវមួយមានមូលដ្ឋាននៅទីក្រុងប៉េកាំងឈ្មោះថា Analysus។
តារាលេចធ្លោនៅលើបណ្តាញអ៊ីនធឺណិតជាច្រើនមានប្រភពចេញពីវិស័យភាពយន្ត ទូរទស្សន៍ និងកីឡា។ ក៏ប៉ុន្តែក៏មានអ្នកដែលល្បីភ្លាមៗដោយមិនដឹងប្រភព ជាច្រើននាក់ដែរ។
កិត្តិនាមរបស់ពួកគេកើនឡើងតាមរយៈលទ្ធភាពរបស់ពួកគេក្នុងការលើកឡើងអំពីប្រធានបទក្នុងសង្គមដែលមានភាពក្តៅគគុក ដូចជាការធ្វេសប្រហែសរបស់ស្ត្រីមួយចំនួនដែលគេហៅថា «ស្ត្រីសំណល់» ដែលមិនទាន់អាចរកស្វាមីបាន។ តារាលេចធ្លោនៅលើបណ្តាញអ៊ីនធឺណិតម្នាក់ក្នុងក្រុមនេះគឺគ្រូ Xu (Teacher Xu) ដែលជាតារាលេចល្បីល្បាញតាមអ៊ីនធឺណិតម្នាក់ដែលមានគណនីដ៏មានប្រជាប្រិយនៅលើបណ្ដាញសង្គម WeChat។
តារាលេចធ្លោនៅលើបណ្តាញអ៊ីនធឺណិតទាំងនោះស្ទើរតែទាំងអស់ធានាថា ពួកគេមិនបំពានគោលនយោបាយរបស់រដ្ឋាភិបាល ចំពោះការបង្ហោះសារជាអក្សរនិងជាវីដេអូ នេះបើយោងតាមលោក Mark Tanner នាយកគ្រប់គ្រងនៃក្រុមហ៊ុន China Skinny ដែលជាក្រុមហ៊ុនទីផ្សារតាមបណ្តាញអ៊ីនធឺណិត។
លោក Tanner និយាយថា៖ «មនុស្សរាល់គ្នានៅក្នុងប្រទេសចិនបានដឹងហើយថា បើសិនជាពួកគេចង់ធ្វើជាសំឡេងដ៏ជោគជ័យនិងមានប្រសិទ្ធភាព ពួកគេត្រូវតែដើរតាមបន្ទាត់ដែលគណបក្សកុម្មុយនិស្តចិនបានគូសឲ្យដើរ។ ដូច្នេះរាប់ចាប់ពី Pappi Chang រហូតដល់ក្មេងតូចៗនៅតាមដងផ្លូវ ពួកគេដឹងហើយថា ត្រូវនិយាយអ្វីនិងមិនត្រូវនិយាយអ្វីហើយ»។
ក្រុមអ្នកវិភាគនិយាយថា គ្រាន់តែប្រជាប្រិយភាពនៃបុគ្គលដែលល្បីៗទាំងនេះតាមពិតទៅត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមសម្រាប់អាជ្ញាធររួចទៅហើយ បើទោះបីជាពួកគេមិននិយាយប៉ះពាល់ដល់បញ្ហានយោបាយក៏ដោយ។ រឿងភាគច្រើនដែលពួកគេនិយាយ គឺពាក់ព័ន្ធដោយប្រយោលទៅលើបញ្ហារបស់រដ្ឋាភិបាល ដូចជាបញ្ហាបរិស្ថាន ហើយរឿងទាំងនេះធ្វើឲ្យមន្ត្រីកំពូលៗឈឺក្បាល។
បញ្ហាក្នុងការរឹតត្បិត
លោក Christopher Cairns អ្នកស្រាវជ្រាវម្នាក់នៅសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិកថ្លែងថា៖ «តារាលេចធ្លោនៅលើបណ្តាញអ៊ីនធឺណិតទាំងនោះកំពុងកាន់ក្បាលមេក្រូដែលមានឥទ្ធិពលខ្លាំងមួយដើម្បីនិយាយទៅកាន់មនុស្សក្នុងសង្គម ហើយនៅក្នុងក្រសែភ្នែករបស់មេដឹកនាំបក្សកុម្មុយនិស្តចិន ទង្វើទាំងនេះគឺជាការគំរាមកំហែង បើទោះបីជាអ្វីដែលពួកគេនិយាយនោះគ្មានពាក់ព័ន្ធនយោបាយយ៉ាងណាក៏ដោយ»។
រដ្ឋាភិបាលក៏មានរឿងដែលត្រូវព្រួយបារម្ភផងដែរនៅផ្នែកបច្ចេកវិជ្ជា ដែលប្រជាប្រិយភាពនិងការផលិតសាររបស់តារាលេចធ្លោនៅលើបណ្តាញអ៊ីនធឺណិតទាំងនោះហាក់ដូចជាបានវ៉ាផុតឆ្ងាយពីសមត្ថភាពបច្ចេកទេសរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងពួកគេ»។
លោក Jacob Cooke នាយកប្រតិបត្តិនៃក្រុមហ៊ុន Web Presence ក្នុងប្រទេសចិនបានថ្លែងថា៖ «ភាគច្រើនវាទាក់ទងនឹងកង្វះការគ្រប់គ្រង។ វាពិតជាពិបាកណាស់សម្រាប់រដ្ឋាភិបាលក្នុងការពិនិត្យនិងគ្រប់គ្រងវីដេអូដែលផ្សាយផ្ទាល់។ កម្មវិធីកុំព្យូទ័រនិងម៉ាស៊ីនសម្រាប់ថតសំឡេងនិងវីដេអូ មិនទាន់មានទេ។ ហើយមួយទៀត ប្រព័ន្ធភាគច្រើនពឹងអាស្រ័យលើការត្រួតពិនិត្យនៅពេលផ្សាយផ្ទាល់។ ដូច្នេះ មានក្បួនខ្នាតមិនច្បាស់លាស់ជាច្រើន ទាក់ទងនឹងការរឹតត្បិត រួមមានទាំងអារម្មណ៍ទុក្ខសោករបស់ប្រជាជនចិនជាដើម»។
មន្រ្តីត្រួតពិនិត្យទាំងនេះកំពុងប្រើប្រាស់ហេតុផលផ្សេងៗដើម្បីបង្ក្រាបលើតារាលេចធ្លោណាម្នាក់ដែលពួកគេមិនចូលចិត្ត។ រដ្ឋបាលបណ្តាញអ៊ីនធឺណិតក្រុងប៉េកាំង (BCA) បានរាយការណ៍ទៅនាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ីនធឺណិតទាំងឡាយនូវច្បាប់សន្តិសុខអ៊ីនធឺណិតថ្មីមួយ ដែលតម្រូវឲ្យគេហទំព័រទាំងអស់មិនត្រូវធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ឬឯកជនភាពរបស់បុគ្គលណាមួយឡើយ»។
រដ្ឋាភិបាលបាននិយាយថា ច្បាប់ថ្មីនេះមានភាពចាំបាច់ដោយសារហេតុផលសន្តិសុខ ប៉ុន្តែអ្នកវិភាគភាគច្រើនមានការបារម្ភថា ច្បាប់នេះអាចត្រូវបានគេប្រើដើម្បីគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិតាមបណ្តាញអ៊ីនធឺណិត៕
ប្រែសម្រួលដោយ នៀម ឆេង