ប្រទេសចិនបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានត្រូវបង្ខំឱ្យធ្វើការសងសឹកជាចាំបាច់មួយប្រឆាំងនឹងស.រ.អា.នៅក្រោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកពន្ធគយលើទំនិញចិនមានតម្លៃរាប់ពាន់លានដុល្លារ។
លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានដាក់កំហិតពន្ធគយ២៥ភាគរយលើផលិតកម្មចិនជាង៨០០មុខ។ ពន្ធគយនេះនឹងចូលជាធរមាននៅថ្ងៃសុក្រនៅមួយនាទីក្រោយពេលពាក់កណ្តាលអធ្រាត្រតាមពេលវេលាក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដែលត្រូវនឹងម៉ោង៤និង១នាទីព្រឹកម៉ោងសាកល។
ប្រទេសចិនបានរិះគន់ដល់ការសម្លុតខាងពាណិជ្ជកម្មដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយបានព្រមានថាការដកពន្ធគយបែបនេះអាចបណ្តាលឱ្យមាន«ចលាចលក្នុងផ្សារសាកល»។
រដ្ឋាភិបាលក្រុងប៉េកាំងបានព្រមានថា ខ្លួននឹងសងសឹកយ៉ាងខ្លាំងនិងជាបន្ទាន់ដល់ការដកពន្ធគយថ្មីៗលើទំនិញផលិតក្នុងប្រទេសចិនមានទឹកប្រាក់៣៤ពាន់លានដុល្លារ។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃសុក្រនេះថា ភាគីចិនបានសន្យាថានឹងមិនចាត់វិធានការដកពន្ធបន្ថែមមុនគេទេ ក៏ប៉ុន្តែដើម្បីការពារអត្ថប្រយោជន៍សំខាន់បំផុតរបស់ប្រទេសនិងប្រជារាស្ត្រចិនបានត្រូវបង្ខំឱ្យធ្វើការសងសឹកជាចាំបាច់៕