ផែនការដ៏មានសក្ដានុពលរបស់ទស្សនកិច្ចប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosiទៅតៃវ៉ាន់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់តំបន់អាស៊ីក្នុងខែសីហា បានជំរុញឱ្យមានការឆ្លើយតបយ៉ាងប្រទូស្តរាយពីប្រទេសចិន ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនបានព្រមានថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹង «ចាត់វិធានការឆ្លើយតបយ៉ាងចាស់ដៃម៉ឺងម៉ាត់» និង«ចាត់វិធានការប្រឆាំង» ប្រសិនបើលោកស្រី Pelosi បានធ្វើដំណើរទៅកោះនេះ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានបញ្ជាក់របាយការណ៍មួយនៅក្នុងកាសែត Financial Times កាលពីចុងសប្តាហ៍ ដែលបាននិយាយថា ការព្រមានរបស់ចិនគឺ «ខ្លាំងនិងធំធេង» ជាងមុនប្រឆាំងដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានរដ្ឋសភា សហរដ្ឋអាមេរិកនៅពេលប្រទេសចិនមិនសប្បាយចិត្តនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់។
លោកបាននិយាយថា៖ «ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀតប្រាប់ភាគីសហរដ្ឋអាមេរិកអំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់យើងចំពោះដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់ប្រធានរដ្ឋសភាគឺលោកស្រី Pelosi ទៅកាន់តៃវ៉ាន់ និងការប្រឆាំងយ៉ាងមុតមាំរបស់យើងចំពោះដំណើរទស្សនកិច្ចនេះ។ យើងបានត្រៀមពេញលេញសម្រាប់ព្រឹត្ដិការណ៍ជាយថាហេតុណាមួយ។ ប្រសិនបើភាគីអាមេរិកនៅតែទទូចធ្វើទស្សនកិច្ចនេះ ភាគីចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង។ សហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកធ្ងន់ធ្ងរណាមួយដែលកើតឡើងបន្ទាប់នោះ»។
នៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មានផ្សេងៗកាលពីថ្ងៃចន្ទ លោកស្រី Joanne Ou អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ខណៈតៃវ៉ាន់តែងតែទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកនោះ រដ្ឋាភិបាលតៃវ៉ាន់មិនទាន់ទទួលបាន«ព័ត៌មានច្បាស់ការណ៍»ណាមួយអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅឡើយទេ។
តៃវ៉ាន់ជាប្រធានបទនៃភាពតានតឹងក្នុងទំនាក់ទំនងអាមេរិកនិងចិនជាយូរមកហើយ។ ចិនទាមទារដែនកោះដឹកនាំតាមប្រជាធិបតេយ្យនេះជាផ្នែកនៃទឹកដីខ្លួន។
ប៉ុន្តែ ខណៈអាមេរិកមានគោលនយោបាយ«ចិនតែមួយ» ដែលទទួលស្គាល់ទាំងតៃវ៉ាន់ និងចិនថា ជាផ្នែកនៃប្រទេសតែមួយនោះ សហរដ្ឋអាមេរិករក្សា«ជំហរជាយុទ្ធសាស្ត្រមិនដាច់ណាត់» នៅក្នុងទំនាក់ទំនងជាមួយចិននិងតៃវ៉ាន់។
សហរដ្ឋអាមេរិកមានទំនាក់ទំនងការទូតជាផ្លូវការជាមួយចិនដីគោកតែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិករក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយរដ្ឋាភិបាលទីក្រុងតៃប៉ិ ដោយផ្គត់ផ្គង់ជំនួយយោធា និងសព្វាវុធ។
ចាប់តាំងពីចូលកាន់តំណែងមក លោកប្រធានាធិបតី Joe Biden ធ្លាប់បានលើកឡើងជាច្រើនដងថា សហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ដោយយោធា ប្រសិនបើចិនព្យាយាមដណ្តើមយកកោះនេះដោយប្រើកម្លាំង។
ចំណែកប្រទេសចិន បានធ្វើការលុកលុយចូលដែនអាកាស និងដែនទឹករបស់តៃវ៉ាន់ កាន់តែគឃ្លើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្កើនការព្រួយបារម្ភអំពីចេតនារបស់រដ្ឋាភិបាលទីក្រុងប៉េកាំង៕