ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលបានថ្លែងនៅឯវេទិកាគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មលើកទី២ ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រសប្តាហ៍មុន បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់លោក បានដឹងពីការរិះគន់យ៉ាងខ្លាំង ដែលបានធ្វើឡើងដោយប្រទេសអភិវឌ្ឍន៍ និងការត្អូញត្អែររបស់ដៃគូអាស៊ី ស្តីពីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មដ៏ធំរបស់ខ្លួន ឬហៅកាត់ថា (BRI)។ វេទិកានេះដំណើរការរហូតដល់ថ្ងៃសៅរ៍។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បាននិយាយថា៖ «អ្វីៗទាំងអស់ ត្រូវតែធ្វើឡើងក្នុងរបៀបតម្លាភាព ហើយយើងមិនត្រូវអត់ឱនឲ្យទាល់តែសោះចំពោះអំពើពុករលួយ»។ រដ្ឋាភិបាលរបស់លោក ឥឡូវនេះ នឹងស្នើផ្តល់គម្រោង «ការងារបំណុលប្រកបដោយចីរភាព» ដើម្បីលើកទឹកចិត្តឲ្យអនុវត្តទៅតាមបទដ្ឋានអន្តរជាតិ ក្នុងការផ្តល់កិច្ចសន្យាហេដ្ឋារចនាសម្ព័ន្ធ។
ខុសពីសុន្ទរកថាមុនៗរបស់លោក នៅឯវេទិកាក្នុងឆ្នាំ ២០១៧ និងក្នុងសន្និសីទអន្តរជាតិជាច្រើន លោកប្រធានាធិបតី ស៊ី មិនបានលាតត្រដាងទស្សនៈសាកលនូវអ្វីដែលគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម អាចធ្វើដើម្បីភ្ជាប់ប្រទេស និងទ្វីបនោះទេ។ តែផ្ទុយទៅវិញ លោកបានផ្តោតលើចម្លើយនៃការរិះគន់អំពីអំពើពុករលួយ និងការត្រួតត្រារបស់ក្រុមហ៊ុនចិន នៅក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មដ៏ធំរបស់ខ្លួន ឬ (BRI) ទាំងនោះ។
លោកប្រធានាធិបតីស៊ីបានអញ្ជើញដៃគូបរទេស និងផ្នែកឯកជនឲ្យរួមវិភាគទានថវិកាដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដោយចិន។ សំណើនេះខុសគ្នាពីសំណើកាលពីដំបូងរបស់លោក ដែលផ្តល់ហិរញ្ញវត្ថុដល់គម្រោងទាំងនេះមកពីធនាគារ និងទីភ្នាក់ងាររបស់ចិន។
លោក Jean-Pierre Cabestan ជាសាស្រ្តាចារ្យនៅឯដេប៉ាតឺម៉ង់ការសិក្សារដ្ឋាភិបាល និងអន្តរជាតិ នៅឯសាកលវិទ្យាល័យ Hong Kong Baptist University បាននិយាយថា៖
«ប្រធានាធិបតី ស៊ី ជីនពីង កំពុងព្យាយាមធ្វើសុន្ទករថាដែលកែតម្រូវគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ដោយផ្តល់ឱកាសកាន់តែច្រើនឡើងសម្រាប់ក្រុមហ៊ុនមិនមែនរបស់ចិនដើម្បីចូលរួម ធ្វើឲ្យគម្រោងទាំងនោះផ្តោតការយកចិត្តទុកដាក់លើបរិស្ថាន និងមានគុណភាពកាន់តែប្រសើរឡើង មានការយកចិត្តទុកដាក់ខ្លាំងឡើងដល់សេដ្ឋកិច្ចមូលដ្ឋាន ដែលរងផលប៉ះពាល់ដល់មនុស្សជាតិ និងដល់បំណុលដែលមានលទ្ធភាពសង»។
គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ (BRI) មិនបម្រើមហច្ឆិតាភូមិសាស្រ្តនយោបាយរបស់ចិនទេ ប្រសិនបើគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ (BRI) នោះ មិនទទួលយកដោយប្រទេសលោកខាងលិចនោះ។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងប៉េកាំង បាននិយាយថា៖ «យើងបន្តមានការព្រួយកង្វល់យ៉ាងខ្លាំងថា សកម្មភាពហេដ្ឋារចនាសម្ព័ន្ធការទូតរបស់ចិន ព្រងើយកន្តោយ ឬធ្វើឲ្យចុះខ្សោយបទដ្ឋានអន្តរជាតិ និងការប្រតិបត្តិដ៏ល្អបំផុតដែលទាក់ទិននឹងការអភិវឌ្ឍ ការការពារការងារ និងបរិស្ថាន»។
នៅឯវេទិកាកាលពីថ្ងៃសុក្រ លោក Philip Hammond រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចក្រភពអង់គ្លេស បាននិយាយថា គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ (BRI) ត្រូវតែធ្វើសម្រាប់ប្រទេសទាំងអស់ដើម្បីឲ្យវាក្លាយទៅជាការពិតប្រកបដោយចីរភាពនោះ។ លោកបានស្នើផ្តល់ជំនាញរបស់ចក្រភពអង់គ្លេស ក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងនោះ។
មន្រ្តីមកពីប្រទេសអាល្លឺម៉ង់ បារាំង អូស្រ្តាលី និងជប៉ុន ក៏បាននិយាយដែរថា ពួកគេចង់ឃើញឱកាសកាន់តែច្រើនឡើងសម្រាប់ក្រុមហ៊ុនបរទេសនៅក្នុងគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម ឬ (BRI) នោះ។
ប្រធានាធិបតីចិនឥឡូវនេះបានថ្លែងយ៉ាងច្បាស់ថា លោកប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីកែតម្រូវគម្រោងទាំងនោះឡើងវិញ ទោះបីចិនបាត់បង់ការត្រួតត្រាកម្មវិធីសំខាន់ជាច្រើនក៏ដោយ។
មានសញ្ញាណថា ចិនបានពិភាក្សាសម្ងាត់ជាមួយស្ថាប័នជាច្រើនមុនពេលប្រធានាធិបតី ស៊ី ពន្យល់យ៉ាងច្បាស់ពីការកែប្រែដែលលោកចង់ធ្វើនៅក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម។
លោកស្រី Christine Lagarde នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅឯវេទិកានោះថា គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ (BRI) អាចទទួលបានអត្ថប្រយោជន៍មកពីការបង្កើនតម្លាភាព ការបើកឲ្យមានការដេញថ្លៃប្រកួតប្រជែងគ្នា និងធ្វើឲ្យប្រសើរឡើងនូវការវាយតម្លៃពីហានិភ័យក្នុងការជ្រើសរើសគម្រោងនោះ។
លោកសាស្រ្តាចារ្យ Cabestan បាននិយាយទៀតថា៖ «ប្រធានាធិបតី ស៊ី នឹងធ្វើឲ្យប្រាកដថា គម្រោងដែលមានការចុះហត្ថលេខារបស់លោក នៅតែបានស្វាគមន៍ និងប្រកបដោយចីរភាព»។
ក្រុមអ្នកគាំទ្រគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម ឬ (BRI) ជារឿយៗចង្អុលបង្ហាញដល់ប្រាក់បម្រុងបរទេសដ៏ធំសម្បើមរបស់ចិន ដែលមានលើសពី ៣ លានលានដុល្លារ ថាជាភស្តុតាងដែលខ្លួនអាចគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំនៅក្នុងប្រទេសចំនួន ៦០ ដែលរួមមាននៅក្នុងផែនទីគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក៏ប៉ុន្តែអ្នកវិភាគចង្អុលបង្ហាញថា កាលពីដំបូងចិន មិនមានផែនការរូបិយបណ្ណបម្រុងបរទេសសម្រាប់គោលបំណងនេះទេ។
លោក John Olin Palmetto សាស្រ្តាចារ្យពាណិជ្ជកម្មនៅឯសាកលវិទ្យាល័យ South Carolina Aiken បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ VOA ផ្សាយជាភាសាចិនថា៖
«ចិនមិនមានបំណងប្រើប្រាក់បម្រុងបរទេសទេ ក៏ប៉ុន្តែចង់ធ្វើការវិនិយោគទុនដោយប្រើប្រាក់យ័ន្ត ដែលនឹងអនុញ្ញាតឲ្យផ្ទេរពីខាងក្រៅនូវសមត្ថភាព ពលកម្ម និងកន្លែងសាងសង់របស់ចិន»។
មុនពេលវេទិកានេះ លោក Liu Kun រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងលោក Yi Gang ប្រធានធនាគារកណ្តាលចិន បានប្រកាសថា ឧបករណ៍ហិរញ្ញវត្ថុវាស់វែងកម្រិតនៃការអត់ឱនរបស់ប្រទេស ដែលទទួលប្រាក់កម្ចីសម្រាប់គម្រោងផ្លូវក្រវាត់ពាណិជ្ជកម្ម ឬ (BRI)។ នេះជាការឆ្លើយតបទៅនឹងការរិះគន់ថា ការផ្តល់ហិរញ្ញវត្ថុរបស់ចិនសម្រាប់គម្រោងស្ថាបនាដោយចិននៅក្នុងបណ្តាប្រទេសក្រីក្របានរុញប្រទេសទាំងនោះឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល។
លោក Yi ប្រធានធនាគារកណ្តាលចិនបាននិយាយថា៖ «បញ្ហាបំណុលក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែចាត់ទុកថា ជាការមិនបំផ្លើស។ ប្រសិនបើការកើនឡើងបំណុលមានទៅជាមួយការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ការធ្វើឲ្យប្រសើរឡើងនូវការរស់នៅរបស់ពលរដ្ឋ និងកាត់បន្ថយភាពភាពក្រីក្រ ការកើនឡើងនូវបំណុលនេះនឹងមានផលប្រយោជន៍សម្រាប់បំណុលដែលអាចសាងបានសម្រាប់រយៈពេលយូរ»។
អ្នកវិភាគខ្លះនិយាយថា ចិនមិនបានបោះបង់ចោលការការពារប្រាក់កម្ចីរយៈពេលយូរដោយធនាគាររបស់ខ្លួនទេ។ អ្នកវិភាគទាំងនោះ និយាយទៀតថា ប្រាក់កម្ចីនោះធ្វើឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ឧបករណ៍នៃវិធានការណ៍នោះ នឹងមិនមានប្រសិទ្ធភាពទេ ប្រសិនបើធនាគារផ្តល់ប្រាក់កម្ចីចិនសម្រេចបន្តប្រាក់កម្ចីដើម្បីគាំទ្រគម្រោងដែលស្ថាបនាដោយចិននោះ។
លោក Gordon Chang ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ការដួលរលំរបស់ចិន» បាននិយាយថា «ឧបករណ៍ដើម្បីវាយតម្លៃចីរភាពខាងហិរញ្ញវត្ថុ ដូចជាបំភាន់សាធារណជន»។ គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ (BRI) ជាទូទៅជាសត្វជញ្ជក់ឈាម។ លោកបានចង្អុលបង្ហាញដល់ការសម្រេចរបស់ប្រទេសស្រីលង្កា ដើម្បីប្រគល់កំពង់ផែដែលស្ថាបនាដោយចិនដោយការជួលរយៈពេលយូរដោយសារប្រាក់កម្ចីមានការប្រាក់ខ្ពស់៕
ប្រែសម្រួលដោយជឹង ប៉ូជីន