ប្រធានាធិបតីចិនលោក Xi Jinping បានប្រារព្ធខួបលើកទី ៩០ នៃការបង្កើតកងកម្លាំងយោធារបស់គណបក្សកុម្មុយនិស្តចិន ដោយការប្រកាសថា ប្រទេសចិននឹងមិនបណ្ដោយឲ្យកម្លាំងពីខាងក្រៅណាមួយដណ្ដើមយកដែនដីរបស់ខ្លួននោះទេ។
លោក Xi Jinping បានសន្យានៅក្នុងការថ្លែងសុន្ទរកថាមួយ នៅថ្ងៃអង្គារនេះ ទៅកាន់មន្ត្រីគណបក្សកុម្មុយនិស្តចិន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់យោធាសេរីភាពប្រជាជន ដែលជាកងយោធារបស់គណបក្សកុម្មុយនិស្តចិន នៅឯវិមាន Great Hall of the People ស្ថិតនៅបរិវេណទីលាន Tiananmen ក្នុងរដ្ឋធានីប៉េកាំងថា៖ «យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ អង្គការណាមួយ ឬគណបក្សនយោបាយណាមួយ មកបំបែកចេញនូវផ្នែកណាមួយនៃដែនដីរបស់ប្រទេសចិន នៅពេលណាមួយ និងតាមវិធីណាមួយនោះទេ»។
ប្រទេសចិនជាប់ពាក់ព័ន្ធនឹងជម្លោះដែនដីជាច្រើន ដែលមិនស្ថិតនៅជាប់នឹងព្រំដែនដីគោករបស់ខ្លួន ជាពិសេសគឺជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដែលនៅទីនោះ ខ្លួនបានប្រែក្លាយកោះសិប្បនិមិត្តជាច្រើនទៅជាមូលដ្ឋានយោធា ដោយមិនខ្វល់ពីការអះអាងទាមទារកាន់កាប់ដីកោះទាំងនោះរបស់បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឡើយ។
ជាងនេះទៅទៀត ប្រទេសចិនក៏មានជម្លោះដែនដីមួយចំនួនទៀត ដូចជាជម្លោះជាមួយនឹងកោះតៃវ៉ាន់ និងជម្លោះជាមួយនឹងប្រទេសឥណ្ឌាពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវនៅក្នុងតំបន់ភាគខាងកើតនៃជួរភ្នំហិមាល័យជាដើម៕