នៅថ្ងៃពុធនេះ ប្រធានាធិបតីចិនលោក Xi Jinping បានថ្លែងសុន្ទរកថាដើម្បីបើកសមាជជាតិរបស់គណបក្សកុម្មុយនិស្តចិន ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្ដងដោយលលោកថ្លែងថា ប្រទេសចិនមានទាំងឱកាសនិងការប្រឈម។
លោក Xi Jinping បានប្រាប់គណៈប្រតិភូជាង ២ពាន់នាក់នៅអាគាររដ្ឋាភិបាលដែលមានឈ្មោះថាសាលដ៏អស្ចារ្យរបស់ប្រជាជន (Great Hall of the People) នៅថ្ងៃពុធនេះថា ប្រទេសចិនឈានចូលដល់ «យុគសម័យថ្មី» មួយនៃ «របបសង្គមនិយមតាមរបៀបរបបចិន»។ លោកបានសន្យាថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងអនុញ្ញាតឲ្យមានការធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលមានទំនោរទៅរកទីផ្សារជាងនេះ ប៉ុន្តែលោកបានបន្ថែមថា រដ្ឋាភិបាលនឹងដើរតួនាទីសំខាន់ជាងមុននៅក្នុងការគ្រប់គ្រងក្រុមហ៊ុនរបស់រដ្ឋ។
លោក Xi Jinping ក៏បានសន្យាថានឹងបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លារបស់លោកទៅមុខទៀត ដែលកិច្ចប្រឹងប្រែងនេះកន្លងមកបានដាក់ទោសមន្ត្រីគណបក្សកុម្មុយនិស្តចិនជាង ១ លាននាក់ មកហើយនៅក្នុងអំឡុងពេលលោកធ្វើជាប្រធានាធិបតីរយៈពេល ៥ ឆ្នាំកន្លងមកនេះ។
លោក Xi Jinping ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ចិន ត្រូវគេរំពឹងថានឹងត្រូវគេជ្រើសរើសឲ្យធ្វើជាមេដឹកនាំគណបក្សនៅអាណត្តិទីពីរដែលមានរយៈពេល ៥ ឆ្នាំបន្តទៅមុខទៀត នៅក្នុងការធ្វើសមាជគណបក្សដែលមានរយៈពេលមួយសប្ដាហ៍នេះ។
ចំណាត់ការមួយទៀតពាក់ព័ន្ធនឹងឥទ្ធិពលរបស់លោក Xi Jinping គឺនឹងផ្ដោតលើថាតើឈ្មោះរបស់លោកនឹងត្រូវតម្កល់នៅក្នុងធម្មនុញ្ញរបស់គណបក្សជាមួយនឹងឈ្មោះរបស់លោក Mao Zedong ដែលជាស្ថាបនិកប្រទេសចិនកុម្មុយនិស្ត និងឈ្មោះរបស់លោក Deng Xiaoping ដែលកំណែទម្រង់សេដ្ឋកិច្ចរបស់លោកបានធ្វើឲ្យប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយនៅលើពិភពលោកដូចពេលបច្ចុប្បន្ននេះ៕