ប្រទេស​ចិន​វាយ​បក​ទៅ​លើ​សហរដ្ឋ​អាមេរិក​វិញ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស

ប៉ូលិស​ត្បាត​របស់​មហាវិថី​មួយ​ក្នុង​រដ្ឋ California ឃាត់​ខ្លួន​អ្នក​តវ៉ា​ម្នាក់​នៅ​លើ​ស្ពាន San Francisco-Oakland Bay កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។

ចិន​និយាយ​ថា សិទ្ធិ​មនុស្ស​នៅ​សហរដ្ឋ​អាមេរិក​កាន់​តែ​មាន​ស្ថានភាព​អាក្រក់​ ដោយ​សារ​តែ​ភាពសាហាវ​របស់​ប៉ូលិស អំពើ​ហិង្សាដោយសារ​ការ​ប្រើប្រាស់​កាំភ្លើង​ដែល​មិន​អាច​ទប់​ស្កាត់​បាន និង​ឥទ្ធិពល​លុយ​ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​នយោបាយ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​មួយ​ ដែល​បាន​ចេញផ្សាយដោយក្រុមប្រឹក្សា​ការបរទេស​ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹងរបាយការណ៍​ប្រចាំ​ឆ្នាំ​អំពីការ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​របស់​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ។​

បន្ថែម​ទៅ​លើ​ការ​បំពាន​ក្នុង​ប្រទេស​ របាយការណ៍​របស់​ចិន​ក៏​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​បរទេស ដោយ​រួម​មាន​ទាំង​ការស្លាប់​របស់​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី ការ​វាយប្រហារ​ដោយ​ប្រើ​យន្តហោះ​មិន​មាន​មនុស្ស​បើក​ (drone) និង​ការ​លួច​ស្តាប់បទ​សន្ទនា​របស់​ជនបរទេស​ដោយ​រដ្ឋាភិបាល​អាមេរិក​ផង​ដែរ។ ព័ត៌មាន​ជាច្រើន​នៅ​ក្នុង​របាយការណ៍​នេះ​ត្រូវ​បានដកស្រង់​ចេញ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ជាច្រើន​របស់​អាមេរិក។​

របាយការណ៍​នេះ​ក៏​បានសរសេរ​ថា ប្រសិន​បើ​សហរដ្ឋ​អាមេរិក​មិន​ព្រម​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯងពី​បញ្ហា​សិទ្ធិ​មនុស្ស​ទេ​នោះ ប្រទេស​ដទៃ​ទៀត​ត្រូវតែ​ឆ្លុះ​កញ្ចក់​មើលខ្លួន​ឯង។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​ការបរទេស​ចិន​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ថា​បាន​ប្រើប្រាស់​សិទ្ធិ​មនុស្ស​ដើម្បី​ «លូកលាន់​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ»។ ​

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំស្តី​ពី​សិទ្ធិ​មនុស្ស​របស់​អាមេរិក អាមេរិក​បាន​និយាយ​ថា នៅ​ក្នុង​ប្រទេស​ចិន ការ​គាបសង្កត់ ​និង​ការ​បង្ខិតបង្ខំ​ទៅ​លើ​ស្ថាប័ន​ និង​បុគ្គលិក​ពាក់ព័ន្ធ​នឹង​ការ​តស៊ូ​មតិ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​នយោបាយបាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ក្នុង​ឆ្នាំ​២០១៥ ជាពិសេស​ក្នុង​ចំណោម​ស្ថាប័ន​ច្បាប់​នៅ​ក្នុង​ប្រទេស​ចិន៕