កាសែត​ជាតិ​និយម​ចិន​ហៅ​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ថា​ជា​អ្នក​នយោបាយ «កាច​សាហាវ‍»

រូបឯកសារ៖ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មានលើការបន្ទាប​ថ្លៃ​ឱសថ នៅវិមានសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ការ​ហាម​ឃាត់​នេះ​មិន​ត្រឹមតែ​ជះ​ផល​ប៉ះពាល់​បញ្ច្រាស​មក​វិញ​ក្នុង​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ដឹកនាំ​ដ៏​អន់ខ្សោយ​របស់​អ្នកស្រី Carrie Lam នា​ពេល​កន្លង​មក​ផង​ដែរ។

កាសែត​ជាតិ​និយម​ដែល​គាំទ្រ​ដោយ​គណបក្ស​កុម្មុយនិស្ត​នៅ​ក្នុង​ប្រទេស​ចិន​បាន​រិះគន់​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ដោយ​ហៅ​អ្នកស្រី​ថា​ជា​អ្នក​នយោបាយ «កាច​សាហាវ» ដែល​មាន​បំណង​ធ្វើ​ឲ្យ​ភាព​វឹកវរ​នៅ​ក្នុង​ទីក្រុង​ហុងកុង​បន្ត​ទៅ​មុខ​ទៀត។

នៅ​ក្នុង​អត្ថបទ​វិចារណកថា​ដោយ​ប្រើ​ពាក្យ​ខ្លាំងៗ​មួយ​ដែល​មាន​ចំណងជើង​ថា «ក្រុម​អាយ៉ង​បស្ចិម​ប្រទេស​ស្លៀក​សំលៀក​បំពាក់​ខ្មៅ​នៅ​បន្ត​បង្ក​ភាព​វឹកវរ ស្រប​ពេល​ដែល​ទីក្រុង​ហុងកុង​កំពុង​អនុវត្ត​ច្បាប់​ប្រឆាំង​អ្នក​ពាក់​ម៉ាស​មុខ» កាសែត The Global Times កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា បាន​រិះគន់​អ្នក​នយោបាយ​បស្ចិម​ប្រទេស​ដូចជា​អ្នកស្រី Pelosi ជា​ដើម។ កាសែត​នេះ​ហៅ​អ្នកស្រី Pelosi ថា​បាន​ដើរ​តួ​អាក្រក់ និង​បាន​ប្រើ​នូវ​វិធី «ដែល​រៀបចំ​ឡើង​ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា និង​ភាព​ចលាចល​បន្ថែម​ទៀត​នៅ​ទូទាំង​ទីក្រុង​ហុងកុង‍»។

បន្ទាប់​មក​កាសែត​ឃោសនា​របស់​រដ្ឋាភិបាល​ចិន​នេះ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam ដោយ​អះអាង​ថា ការ​សម្រេច​របស់​អ្នកស្រី​នៅ​ក្នុង​ការ​ចេញ​បម្រាម​ហាម​ឃាត់​ការ​ពាក់​ម៉ាស់​មុខ គឺ​មិន​មែន​ជា​ការ​គំរាមកំហែង​ចំពោះ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ឬ​ក៏​សេរីភាព​ក្នុង​ការ​ជួបជុំ​គ្នា​របស់​ប្រជាពលរដ្ឋ​ហុងកុង​នោះ​ទេ។ ប៉ុន្តែ ជំនួស​មក​វិញ កាសែត​នេះ​បន្ថែម​ថា វិធានការ​នេះ «មាន​គោល​បំណង​កាត់​បន្ថយ​កម្រិត​អំពើ​ហិង្សា និង​ស្ដារ​ឡើង​វិញ​នូវ​សណ្ដាប់ធ្នាប់​ទីក្រុង ដោយ​គោរព​តាម​ផល​ប្រយោជន៍​របស់​សាធារណជន»។

ប៉ុន្តែអ្នក​វិភាគ​នានា​បាន​និយាយ​ថា ការ​ហាម​ឃាត់​នេះ​មិន​ត្រឹមតែ​ជះ​ផល​ប៉ះពាល់​បញ្ច្រាស​មក​វិញ​ក្នុង​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​ក៏​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ដឹកនាំ​ដ៏​អន់ខ្សោយ​របស់​អ្នកស្រី Carrie Lam នា​ពេល​កន្លង​មក​ផង​ដែរ។

ការ​ដឹកនាំ​អន់ខ្សោយ

លោក David Zweig សាស្ត្រាចារ្យ​ជាន់​ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ហុងកុង បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា អ្នកស្រី Carrie Lam គឺ​ជា​មេដឹកនាំ​មិន​ល្អ។ នេះ​គឺ​ជា​ការ​ពិត‍»។

លោក​និយាយ​ដូច្នេះ​ថា៖ «រឿង​មួយ​ដែល​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ជា​រឿយៗ​មិន​ពិភាក្សា​គឺ​ការ​ដឹកនាំ​ដ៏​អាក្រក់​បំផុត ឬ​ក៏​ការ​ដឹកនាំ​ដ៏​ទន់​ខ្សោយ​បំផុត [របស់​អ្នកស្រី Carrie Lam]។ ប៉ុន្តែ អ្នកស្រី​ពិតជា​មេដឹកនាំ​ដ៏​ខ្សោយ​បំផុត ហើយ​ខ្ញុំ​ចង់​និយាយ​ថា ការ​ដឹកនាំ​មិន​ល្អ​បែប​នេះ​ហើយ​ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង‍»។

លោក​សាស្ត្រាចារ្យ Zweig បាន​បញ្ជាក់​ថា ដោយ​អ្នកស្រី Carrie Lam ដឹង​ថា​ការ​ដឹកនាំ​របស់​អ្នកស្រី​កំពុង​ជួប​ហានិភ័យ អ្នកស្រី​ត្រូវតែ​បង្កើត​ដំណោះស្រាយ​មួយ​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចប់​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ហុងកុង។

កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​អំឡុង​ពេល​ប្រជុំ​តាម​សហគមន៍ អ្នកស្រី Carrie Lam បាន​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​នឹង​ពលរដ្ឋ និង​បាន​ទទួល​ស្គាល់​ថា រដ្ឋបាល​របស់​អ្នកស្រី​មិន​បាន​តាម​ទាន់​ស្ថានការណ៍​ជាក់​ស្ដែង។

ប៉ុន្តែ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​មនុស្ស​ភាគ​ច្រើន បន្ទាប់ពី​អ្នកស្រី​បាន​ត្រឡប់​មក​ពី​ពិធី​បុណ្យ​ជាតិ​របស់​ប្រទេស​ចិន​វិញ​ភ្លាមៗ ដំណោះស្រាយ​របស់​អ្នកស្រី​ចំពោះ​ភាព​ចលាចល​នៅ​ក្នុង​ទីក្រុង​ហុងកុង​គឺ​ការ​ហាមឃាត់​ការ​ពាក់​ម៉ាស់​មុខ ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​ទី ៥ ខែ​តុលា​កន្លង​ទៅ​នេះ។

អំពើ​ហិង្សា​កើន​ឡើង

កាល​ពី​ពេល​ថ្មីៗ​នេះ កម្រិត​នៃ​អំពើ​ហិង្សា​របស់​ទីក្រុង​ហុងកុង​កាន់តែ​រីក​រាលដាល​បន្ថែម​ទៀត ដោយសារតែ​ក្រុម​អ្នក​តវ៉ា​បាន​ប្រឆាំង​ទៅ​នឹង​បម្រាម​នេះ។

លោក​សាស្ត្រាចារ្យ Zweig បាន​និយាយ​ថា បម្រាម​នេះ​គឺ​មិន​មែន​ជា​គំនិត​អាក្រក់​នោះ​ទេ​នៅ​ក្នុង​សង្គម​ស៊ីវិល​ដែល​ដំណើរការ​បាន​ល្អ​រួច​ហើយ​នោះ ប៉ុន្តែ​គេ​ប្រើ​វា​ខុស​ពេល​វេលា​នៅ​ក្នុង​ទីក្រុង​ហុងកុង​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​វា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​តវ៉ា​កាន់តែ​មាន​កំហឹង​ជាង​មុន និង​មាន​ហិង្សា​ជាង​មុន​តែ​ប៉ុណ្ណោះ។

អ្នកស្រី Carrie Lam ហាក់​ដូចជា​មិន​បាន​ពិចារណា​គ្រប់​ជ្រុងជ្រោយ​ថា បម្រាម​ដូច​នេះ​មិន​អាច​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ទីក្រុង​មួយ ដែល​មនុស្ស​ភាគ​ច្រើន​ពាក់​ម៉ាស់​មុខ​ដើម្បី​ការពារ​ពី​ការ​បំពុល​បរិស្ថាន ឬ​ក៏​ការ​ឆ្លង​ជំងឺ​នោះ​ទេ។ ដូច្នេះ​ហើយ បាន​ជា​មនុស្ស​នៅ​តាម​ដង​ផ្លូវ​បញ្ជាក់​ថា ប៉ូលិស​ត្រូវ​បាន​គេ​ប្រាប់​មិន​ឲ្យ​អនុវត្ត​បម្រាម​នេះ។

ប៉ុន្តែលោក​សាស្ត្រាចារ្យ Zweig មិន​ឯកភាព​ជាមួយ​នឹង​អត្ថបទ​វិចារណកថា​របស់​កាសែត​ចិន​នេះ ដែល​រិះគន់​ថា​បរទេស​ពាក់ព័ន្ធ​នៅ​ក្នុង​ភាព​ចលាចល​នៅ​ក្នុង​ទីក្រុង​ហុងកុង។

គំនិត​ជាតិ​និយម​ក្នុង​ទីក្រុង​ហុងកុង

លោក​សាស្ត្រាចារ្យ Zweig បាន​និយាយ​ថា តាម​រយៈ​បទ​វិចារណកថា​នេះ ប្រទេស​ចិន​កំពុង​ប្រឌិត​រឿង​ដើម្បី​បញ្ឆេះ​ទស្សនៈ​ជាតិ​និយម​នៅ​ក្នុង​ទីក្រុង​ហុងកុង។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ចំណុច​សំខាន់​គឺ​ថា សម្រាប់​អ្នក​អាន​អត្ថបទ​វិចារណកថា​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ផ្ទាល់ ពួក​គេ​អាច​យល់​ថា នេះ​គឺ​ជា​ការ​ជ្រៀតជ្រែក​របស់​បរទេស ដោយសារតែ​អត្ថបទ​នេះ​សំដៅ​ផ្ទាល់​លើ​ទស្សនៈ​ស្នេហា​ជាតិ និង​ទស្សនៈ​ជាតិ​និយម​របស់​ប្រជាជន​ចិន។ ហេតុ​ដូច្នេះ​ហើយ ពួកគេ​មិន​បាន​ព្យាយាម​ស្វែង​យល់​អំពី​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហុងកុង​នោះ​ទេ‍ គឺ​ពួកគេ​ទទួល​យក​ភ្លាមៗ​តែ​ម្ដង​នូវ​អ្វី​ដែល​អត្ថបទ​នេះ​បាន​លើក​ឡើង»។

នៅ​លើ​បណ្ដាញ​សង្គម Weibo តាម​អ៊ីនធឺណិត​របស់​ចិន ដែល​ជា​បណ្ដាញ​សង្គម​ដូច Twitter ដែរ​នោះ គេ​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​បន្ត​នូវ​អត្ថបទ​វិចារណកថា និង​មតិ​យោបល់​ទាំង​នេះ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ។

អ្នក​ប្រើប្រាស់ Weibo ម្នាក់​សរសេរ​ថា «ឥឡូវ​នេះ​បម្រាម​ហាម​ពាក់​ម៉ាស់​មុខ​ត្រូវ​បាន​អនុវត្ត ដូច្នេះ​គ្មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ទៀត​ទេ‍»។ ចំណែក​ឯ​អ្នក​ប្រើប្រាស់​ម្នាក់​ទៀត​លើក​ឡើង​ថា «ខ្ញុំ​ជឿ​ថា ទស្សនៈ​អំពី​គ្រួសារ និង​ប្រទេស​ជាតិ​គឺ​ចាក់​ឫស​ចាក់​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​ចិត្ត​គំនិត​របស់​ពលរដ្ឋ​ទីក្រុង​ហុងកុង​ម្នាក់ៗ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​ជំរុញ​ទឹក​ចិត្ត​ពួកគេ និង​បណ្ដុះ​នូវ​គំនិត​នេះ‍»។

ប៉ុន្តែលោក​សាស្ត្រាចារ្យ Zweig បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​នឹង​ស្ថានការណ៍​លំបាក​នៅ​ក្នុង​ការ​សម្រេច​ចិត្ត។ នៅ​ពេល​ដែល​ច្បាប់​ស្ដី​ពី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ក្រុង​ហុងកុង​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​អនុម័ត នោះ​ច្បាប់​នេះ​នឹង​ក្លាយជា​អ្វី​ដែល​រដ្ឋាភិបាល​ចិន​អះអាង​ថា​ជា​ការ​ជ្រៀតជ្រែក​របស់​បរទេស​នៅ​ក្នុង​ទីក្រុង​ហុងកុង ដែល​ជា​អតីត​ដែនដី​អាណានិគម​របស់​ចក្រភព​អង់គ្លេស។ ប៉ុន្តែ ប្រសិនបើ​គ្មាន​ច្បាប់​នេះ​ទេ នោះ​គឺ​ខ្វះ​កម្លាំង​ពី​ខាង​ក្រៅ​ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ចិន​ឲ្យ​បន្ធូរបន្ថយ​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​ទីក្រុង​ហុងកុង។

ស្ថានការណ៍​ពិបាក​សម្រេច​ចិត្ត

លោក​សាស្ត្រាចារ្យ Zweig និយាយ​ថា យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ទីក្រុង​ហុងកុង​គឺ​ការ​រង់ចាំ​ដោយ​អត់ធ្មត់​ដោយ​មិន​ធ្វើ​អ្វី​ទាំង​អស់ ឬ​ក៏ «ទុក​ឲ្យ​ការ​ធ្វើ​បដិវត្ត​នេះ​បញ្ចប់​ដោយ​ខ្លួន​ឯង‍»។ នេះ​គឺ​ជា​អ្វី​ដែល​ឯកភាព​ដោយ​អ្នក​តាមដាន​ស្ថានការណ៍​លោក Yang Kai Huang ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ទំនាក់ទំនង​កោះ​តៃវ៉ាន់ និង​ចិន​ដី​គោក​នៃ​សាកល​វិទ្យាល័យ Ming Chuan នៅ​កោះ​តៃវ៉ាន់។

លោក Yang បាន​និយាយ​ថា ខុស​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​បស្ចិម​ប្រទេស មតិ​របស់​សាធារណជន​កម្រ​ត្រូវ​គេ​ដាក់​បញ្ចូល​ណាស់​នៅ​ក្នុង​ដំណើរការ​ធ្វើ​គោល​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​កុម្មុយនិស្ត​ចិន។

លោក Yang បញ្ជាក់​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​នៅតែ​ប្រកាន់​ខ្ជាប់​តាម​នីតិវិធី​ចម្បង​របស់​ខ្លួន ឬ​ក៏​ទិសដៅ​ដែល​ខ្លួន​ជឿ​ថា​ត្រឹមត្រូវ។ រដ្ឋាភិបាល​ចិន​នឹង​សម្របសម្រួល​ក្នុង​ចំណោម​អ្នក​ដែល​មាន​ការ​យល់​ខុស ឬ​ក៏​អ្នក​តវ៉ា។ ប៉ុន្តែ​រដ្ឋាភិបាល​ចិន​នឹង​មិន​ដែល​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​នោះ​ទេ ដោយសារតែ​ខ្លួន​យល់​ថា អ្នក​ដទៃ​មាន​ការ​យល់​ខុស​ពី​គោល​នយោបាយ ឬ​ក៏​ទិសដៅ​របស់​ខ្លួន‍»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា