ប្រទេសចិនបានព្រមព្រៀងធ្វើពាណិជ្ជកម្មលក្ខណៈទ្វេភាគីជាមួយនឹងប្រទេសប៉ាគីស្ថាន ដោយប្រើប្រាស់ប្រាក់យ័ន ជាជាងប្រាក់ដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់វិបត្តិហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ។
ក្រុមមន្ត្រីនិងសេដ្ឋវិទូបាននិយាយថា ដំណើរវិត្តន៍ដែលមិនធ្លាប់មានពីមុនមកនេះ នឹងអាចជួយដោះស្រាយឱនភាពពាណិជ្ជកម្មដ៏ធំសម្បើមរហូតដល់៨៧ភាគរយរបស់រដ្ឋាភិបាលក្រុង អ៊ីស្លាម៉ាបាដ ជាមួយនឹងរដ្ឋាភិបាលក្រុង ប៉េកាំង និងកាត់បន្ថយសម្ពាធទៅលើការខាតបង់រូបិយប័ណ្ណបរទេសក្នុងប្រទេសប៉ាគីស្ថាន។
លោក Fawad Chaudhry រដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថានបាននិយាយថា «កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃជំហានជាក់ស្តែងនានារបស់ចិនក្នុងការគាំទ្រដល់រូបិយប័ណ្ណបរទេសនៅក្នុងប្រទេសរបស់យើង»។
លោកបានថ្លែងប្រាប់អ្នកកាសែតនៅក្នុងទីក្រុង អ៊ីស្លាម៉ាបាដ ថា កិច្ចព្រមព្រៀងលក្ខណៈប្រវត្តិសាស្ត្រនេះត្រូវបានអនុម័តជាមួយនឹងមន្ត្រីដទៃទៀតយ៉ាងហោចណាស់១២នាក់ ក្នុងអំឡុងពេលដែលលោក Imran Khan នាយករដ្ឋមន្ត្រីប៉ាគីស្ថានធ្វើទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃទៅកាន់ទីក្រុង ប៉េកាំង ដែលទស្សនកិច្ចនេះបានបញ្ចប់កាលពីថ្ងៃចន្ទ។
ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងប្រទេសទាំងពីរមានតម្លៃជាទឹកប្រាក់ប្រមាណ១៥ពាន់លានដុល្លារ ហើយការនាំចេញរបស់ចិនទៅកាន់ប៉ាគីស្ថានត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រមាណ១៣ពាន់លានដុល្លារ៕