នៅថ្ងៃចន្ទនេះ ប្រទេសចិនបានបើកដំណើរការមន្ទីរពេទ្យថ្មីមួយដែលមានគ្រែពេទ្យ ១ ពាន់គ្រែ ដែលទើបតែសាងសង់ហើយថ្មីៗ ដើម្បីជួយទប់ទល់នឹងការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ដែលបានធ្វើឲ្យមនុស្សជាង ១ ម៉ឺន ៧ ពាន់ ២ រយនាក់ឆ្លងមេរោគនេះ និងបានសម្លាប់មនុស្សអស់យ៉ាងតិច ៣៦១ នាក់ នៅក្នុងប្រទេសចិន។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ខ្លួនរំពឹងថាតួលេខនៃអ្នកឆ្លងមេរោគនេះអាចនឹងកើនឡើង ស្របពេលដែលមានករណីធ្វើតេស្តរកមេរោគនេះរាប់ពាន់ករណីទៀតកំពុងរង់ចាំលទ្ធផល។
មេរោគនេះភាគច្រើនបំផុតប៉ះពាល់នៅក្នុងប្រទេសចិន ដោយកន្លងមក គេឃើញមានការរាយការណ៍ថាមានករណីឆ្លងមេរោគនេះប្រហែល ១៥០ ករណីប៉ុណ្ណោះនៅក្នុងប្រទេសចំនួន ២៣ ផ្សេងទៀតក្រៅពីចិន។ កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រទេសហ្វីលីពីនបានរាយការណ៍អំពីករណីស្លាប់ដំបូងដោយសារមេរោគនេះ។
អាជ្ញាធរចិនបានព្យាយាមបញ្ឈប់ការឆ្លងរាលដាលនៃមេរោគនេះ ដោយការដាក់បម្រាមលើការធ្វើដំណើរនៅតាមតំបន់មួយចំនួន និងបានពន្យារថ្ងៃឈប់សម្រាកដើម្បីកុំឲ្យមានការជួបជុំទ្រង់ទ្រាយធំនានា។
ប្រទេសផ្សេងទៀតបានដាក់កំហិតលើអ្នកដែលធ្វើដំណើរមកពីប្រទេសចិន។ កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានហាមឃាត់មិនឲ្យជនបរទេសទាំងអស់ ដែលបានធ្វើដំណើរទៅប្រទេសចិន ចូលក្នុងប្រទេសឥណ្ឌូណេស៊ី និងបានហាមឃាត់ពលរដ្ឋឥណ្ឌូណេស៊ីមិនឲ្យធ្វើដំណើរទៅប្រទេសចិន។ ការហាមឃាត់បណ្ដោះអាសន្នរបស់ឥណ្ឌូណេស៊ីលើជើងហោះហើរមកពីប្រទេសចិននឹងចាប់ផ្ដើមនៅថ្ងៃពុធខាងមុខនេះ។
ការផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះបានជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ចិន ដោយទីផ្សារភាគហ៊ុនបានធ្លាក់ចុះជិត ៨ ភាគរយនៅថ្ងៃចន្ទនេះ៕