ចិន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​១៥០​លាន​ដុល្លារ​ ខណៈ​ជំនួយ​យោធា​អាមេរិកាំង​ត្រូវ​ផ្អាក

ប្រាក់​ដុល្លារ​របស់​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​កម្ពុជា​ បាន​អរគុណ​ប្រទេស​ចិន​​ជាថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​អង្គារ​ ចំពោះ​ជំនួយ​ឥត​សំណង​ ចំនួន​១៥៧ ​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​សាងសង់​ពហុកីឡាដ្ឋាន​​ថ្មី​មួយ​ មាន​ឈ្មោះ​ថា​ “ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ” ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។

ស្រប​ពេល​កម្មវិធី​ជំនួយ​មនុស្សធម៌របស់​កងវរសេនាតូច​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ចល័ត​សម្រាប់​ការ​សាង​សង់​ឈ្មោះថា​ Seabeesកំពុង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ មេ​ដឹក​នាំ​នៃ​ប្រទេស​កម្ពុជា បាន​ប្រកាស​ថ្លែងអំណរគុណ​ប្រទេស​ចិន​ជា​សាធារណៈ​ចំពោះ​ជំនួយ​ឥត​សំណង​ ជាង​១៥០​លាន​ដុល្លារ​ សម្រាប់​ការ​សាង​សង់​ពហុ​កីឡាដ្ឋាន​ថ្មី​មួយ​ស្ថិត​លើ​ផ្ទៃដី​ទំហំ​ ៨៥ហិកតា។ អ្នក​វិភាគ​និយាយ​ថា​ គោលជំហរ​អព្យាក្រឹត្យ​របស់​កម្ពុជាក្នុង​ទំនាក់​ទំនង​ការ​បរទេស នឹង​ត្រូវ​បាន​គេ​ចោទសួរ ប្រសិន​បើ​ប្រទេស​នេះ​ ពឹង​ផ្អែក​ជ្រុល​លើ​ប្រទេស​តែមួយ។

រដ្ឋាភិបាល​កម្ពុជា​ បាន​អរគុណ​ប្រទេស​ចិនជាថ្មី​ម្ដង​ទៀត​កាលពី​ថ្ងៃ​អង្គារ​ ចំពោះ​ជំនួយ​ឥត​សំណង​ ចំនួន​១៥៧ ​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​សាងសង់​ពហុកីឡាដ្ឋានថ្មី​មួយ​ មាន​ឈ្មោះ​ថា​ “ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ” ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​សរសេរ​ថា៖

«ថ្លែង​អំណរ​គុណ​ដល់​លោក​ប្រធានាធិបតី​ ស៊ី ជិនពីង​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ លី គឺឈែង​ និង​ប្រជាជន​ចិន ដែល​បាន​គាំទ្រ និង​ផ្ដល់​នូវ​ជំនួយ​ឥត​សំណង​ដ៏​ធំ​បំផុត​ដល់​កម្ពុជា​ដើម្បី​សាង​សង់ ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ដ៏​ធំ​មួយ​នេះ​ដែល​បាន​បង្ហាញ​នូវ​មិត្តភាព និង​សហ​ប្រតិបត្តិ​ការ​ល្អ​ជិត​ស្និត​រវាង​កម្ពុជា​-ចិន​ជា​បងប្អូន។ ពហុ​កីឡាដ្ឋាន​ជាតិ​នេះ នឹង​ជួយ​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​ទៅមុខ»។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ដោយសារ​កម្ពុជា​ជា​ប្រទេស​ទើប​រួចផុត​ពី​សង្គ្រាម​ ប្រទេស​នេះ​ត្រូវ ប្រើប្រាស់​ថវិកា​លើ​វិស័យ​អាទិភាព​ ដូចជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ និង​ផ្លូវ​ថ្នល់​ ហើយ​ទុក​វិស័យ​កីឡា​មួយ​អន្លើ​សិន។​ លោក​ថា​ ដោយសារ​តម្រូវការ​សាង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ រដ្ឋាភិបាល​កម្ពុជា​ រារែក​ក្នុង​ការ​សុំ​ជំនួយ​ពី​ប្រទេស​ចិន​ ដើម្បី​សាងសង់​ស្តាត​ដ៏​ធំ​មួយ​នេះ។

«ដូច​ដែល​បាន​ដឹង​ហើយ​ថា​ គ្រាន់តែ​ចំណាយ​ ដើម្បី​ទៅ​លើ​ការ​រៀបចំ​ កីឡា​មួយ​ យើង​អាច​ធ្វើ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ បាន​រហូត​ទៅដល់​បី​ បួន​ ឬ​ប្រាំ​ឯណោះ។​ អញ្ចឹង​ទេ​ បាន​ជា​តម្រូវការ​ពេលនោះ​ មិន​ទាន់​ហ៊ាន​សុំ​មិត្ត​ចិន​ ដើម្បី​ជួយ​កសាង​ កសាង​ពហុកីឡាដ្ឋាន​នេះ​ទេ​ ប៉ុន្តែ​សុំ​មិត្ត​ចិន​ឲ្យ​ជួយ​កសាង​ស្ពាន​ កសាង​ផ្លូវ​ឯណោះ​ទៅវិញ»។

ជំនួយ​របស់​ប្រទេស​ចិន​ជាង​១៥០លានដុល្លារ​ ដែល​ផ្តល់​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​កសាង​ពហុកីឡាដ្ឋាន​នេះ ត្រូវ​គេ​ដឹង​ថា​ កើតឡើង​ក្រោយ​ រដ្ឋាភិបាល​កម្ពុជាកាល​ពី​សប្ដាហ៍​មុន​ បាន​ផ្ដល់​ដំណឹង​ទៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ថា​ ខ្លួន​បាន​សម្រេច​ផ្អាក​កម្មវិធី​ជំនួយ​មនុស្សធម៌របស់​កងវរសេនាតូច​កងទ័ព​ជើងទឹកសហរដ្ឋ​អាមេរិក​ចល័ត​សម្រាប់​ការ​សាងសង់​ឈ្មោះថា​ Seabees។

យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ឲ្យដឹង​ថា​ គម្រោង​មនុស្ស​ធម៌​យោធា​ Seabees របស់​សហរដ្ឋ​អាមេរិក​បាន​គ្រោង​នឹង​កសាង​បន្ទប់​ទឹក​ចំនួន​ប្រាំមួយ​កន្លែង​សម្រាប់​សាលា​រៀន​ជាច្រើន​ និង​មន្ទីរ​សម្ភព​ចំនួន​ពីរ​កន្លែង​នៅ​ឆ្នាំ​២០១៧​នេះ​ ដែល​នឹង​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​ ២៦៥ ០០០​ដុល្លារ​ និង​ប្រាក់​បន្ថែម​ចំនួន​ ៥៥០​ ០០០​ ដុល្លារ​សម្រាប់​គម្រោង​នានា​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ ២០១៨​ និង​ឆ្នាំ​ ២០១៩។

លោក ជេ រ៉េមិន (Jay Raman) អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​នៅ​កម្ពុជា​ ប្រាប់​ VOA តាម​រយៈ​សារ​អេឡិចត្រូនិក​ឬ email ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ដំណឹង​អំពី​ការ​ផ្អាក​គម្រោង​មនុស្ស​ធម៌​របស់​យោធា​អាមេរិក​នេះ​ តែ​រដ្ឋាភិបាល​មិនបាន​ផ្ដល់​ពី​មូលហេតុ​នោះ​ឡើយ។

លោក​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«រដ្ឋាភិបាល​កម្ពុជា​បាន​ជូនដំណឹង​ដល់​ស្ថានទូត​សហរដ្ឋ​អាមេរិក​កាលពី​សប្ដាហ៍​មុន​ អំពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដើម្បី​ផ្អាក​បេសកកម្ម​របស់​កង​កងវរសេនាតូច​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ចល័ត​សម្រាប់​ការ​សាងសង់​ ដែល​គេ​ស្គាល់​ថា​ Seabees ដែល​បាន​អនុវត្ត​គម្រោង​ជាច្រើនតាម​សហគមន៍​នៅ​ក្នុង​តំបន់​ដែល​មិន​ទទួល​បាន​សេវា​គ្រប់គ្រាន់​ពី[រដ្ឋ]​ នៅ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៨។ រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​ផ្ដល់​ហេតុផល​នៃ​ការ​សម្រេចចិត្ត​នេះ​ទេ»។

មេបញ្ជាការ​កងទ័ព​ជើង​ទឹក​កម្ពុជា​ លោក​នាយ​ឧត្តម​សេនីយ៍ ទៀ វិញ ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​មួយ​ដកស្រង់​សម្ភី​ដើម​ថា​ ក្រុម​បម្រើ​ការ​ងារ​ក្នុង​កងវរសេនាតូច​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ចល័ត​សម្រាប់​ការ​សាង​សង់​ Seabees នោះ​ គ្រាន់​តែ​ឈប់សម្រាក​ក្នុង​ពេល​វិស្សម​កាល ហើយ​ថា​ ពួកគេ​នឹង​បន្ត​ជួយ​កសាង​ការិយាល័យ​នានា​សម្រាប់​កងទ័ព​ជើង​ទឹក​ និង​សាលារៀន។

​អ្នក​វិភាគ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ និយាយ​ថា​ ការ​បន្ត​ផ្ដល់​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ចិន​មក​កម្ពុជា​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​ចំណង​ទាក់​ទង​ចិន​ និង​កម្ពុជា​ ហើយ​ការណ៍​នេះ​មិនបាន​បញ្ជាក់​ថា កម្ពុជា​មិន​បាន​គិតដល់​ទំនាក់​ទំនង​របស់​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។​

តែ​បញ្ហា​ដែល​ត្រូវ​ចោទ​សួរ​នោះ​ គឺ​គោល​ជំហរ​អព្យាក្រឹត​របស់​ប្រទេស​កម្ពុជា​ ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត។

លោក​ ឈាង វណ្ណារិទ្ធ​ ប្រធានក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្ត្រ បញ្ជាក់​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ តាមរយៈ​សារ​អេឡិចត្រូនិក​ ឬ email ថា​ កម្ពុជា​កំពុង​បន្ត​គោល​នយោបាយ​ការ​បរទេស​ដែល​ផ្តល់​ប្រយោជន៍​តាម​ការ​អនុវត្ត​ដោយ​ប្រុងប្រយ័ត្ន​នៃ​យុទ្ធ​សាស្ត្រ​ចម្រុះ​កម្ម និង​វិធី​ទប់​ទល់​នឹង​ការ​ខាត​ប្រយោជន៍​ ដោយ​កម្ពុជា​បាន​ដឹង​ថា​ផលប្រយោជន៍​សម្រាប់​ប្រទេស​គឺ​បាន​មក​ពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ប្រទេស​កម្ពុជា​ប្រឆាំង​នឹង​អំណាច​ដែល​កាន់កាប់​រដ្ឋ​ផ្សេង​ទៀត​ ឬ​ក៏​ប្រទេស​ដែល​គិត​ថា​ខ្លួន​ជា​អ្នក​ការពារ។ ប្រទេស​កម្ពុជា​ គឺ​គាំទ្រ​កម្ពុជា​ខ្លួនឯង ហើយ​នេះ​គឺ​តែងតែ​ជា​គោលការណ៍​ស្នូល​របស់​គោលនយោបាយ​ការបរទេស​របស់​កម្ពុជា»។

​លោក​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ទោះបីជា​យ៉ាងណាក៏ដោយ​ ការ​ពឹងផ្អែក​ជ្រុល​ហួសហេតុ​ទៅលើ​តែ​ប្រទេស​មួយ​ អាច​នឹង​មាន​ការ​ចោទ​សួរ​ពី​ភាព​អព្យាក្រឹត​ជា​អចិន្ត្រៃយ៍​របស់​កម្ពុជា»។

ទោះ​បី​ចំណង​ទាក់ទង​រវាង​កម្ពុជា និង​ចិន​ ត្រូវ​អ្នកឃ្លាំមើល​សង្គម​កម្ពុជា​មើល​ឃើញ​ថា​កំពុង​កើន​ឡើង​ខ្លាំង​នោះ​ លោក​ ឈាង វណ្ណារិទ្ធ​ ថ្លែង​ថា​ គ្មានកម្លាំង​ណាមួយ​ខ្លាំង​គ្រប់​គ្រាន់​ដើម្បី​គាស់រំលើង​ឫសគល់​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​បាន​ទេ​ ដោយ​ហេតុ​ថា​ សង្គម​នេះ​បាន​ទទួល សម្រប​ និង​ក្រសោប​យក​នូវ​តម្លៃ​ និង​គោលការណ៍​ប្រជាធិបតេយ្យ។

លោក​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​បន្ត​ថា៖​

«លទ្ធិប្រជាធិបតេយ្យ ​នឹង​ឈ្នះ ទោះបី​ជា​វា​កំពុង​ជួប​ព្យុះ និង​ភាព​វឹកវរ​ខាង​នយោបាយ​នា​ពេល​នេះ​យ៉ាង​ណា​ក្តី»។

ក្រៅ​ពី​ការ​ផ្អាក​សកម្មភាព​របស់​ កងវរសេនាតូច​កងទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ចល័ត​សម្រាប់​ការ​សាង​សង់​ ឬ​ហៅ​កាត់​ថា​ Seabees រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ផ្អាក​សម​យុទ្ធ​យោ​ធា​រួម​គ្នា​សំខាន់​ៗ​រវាង​កងទ័ព​អាមេរិក​ និង​កម្ពុជា​ផង​ដែរ។

សម​យុទ្ធ​យោធា​រួមគ្នា​ដែល​ត្រូវ​បាន​ផ្អាក​នោះ​ រួមមានសម​យុទ្ធ ឆ្មាំ​អង្គរ (Angkor Sentinel) និង​ការ​ហ្វឹកហ្វឺន​«ការ៉ាត់» ដែល​ជា​ការ​ហ្វឹកហ្វឺន​ជាមួយ​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក។

លោក​នាយ​ឧត្ដមសេនីយ៍​ ទៀ​ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​បញ្ជាក់​កាលពី​ពេល​កន្លង​មក​ថា​ កង​ទ័ព​កម្ពុជាមាន​កិច្ចការ​ងារ​ច្រើន​ ដែល​ត្រូវ​ធ្វើ​ជំនួស​ការ​ធ្វើ​សម​យុទ្ធ​ជាមួយ​ទាហាន​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​២០១៧​ និង​២០១៨​ ដោយ​ផ្ដោត​លើ​បញ្ហា​ការពារ​សន្តិ​សុខ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ។

​ក៏ប៉ុន្តែ​ ការ​ផ្អាក​សម​យុទ្ធ​យោធា​រួម​គ្នា​រវាង​កងទ័ព​កម្ពុជា​ និង​កងទ័ព​សហរដ្ឋ​អាមេរិក ត្រូវ​ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​ កើតមានឡើង បន្ទាប់​ពី​កម្ពុជា​បាន​បញ្ចប់ សម យុទ្ធ​យោធា​ជាមួយ​ចិន​ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។​

សម​យុទ្ធ​យោធា​រួមគ្នា​រវាង​កម្ពុជា​ ​និងចិន​នោះ​ ត្រូវ​បាន​ធ្វើឡើង​ ​កាល​ពី​ចុង​ឆ្នាំ ២០១៦​ក្នុង​រយៈពេល៩ថ្ងៃ​ ដោយ​មាន​ទាហាន​ខ្មែរ​ និង​ចិន​១.០០០នាក់បាន ចូលរួម។

ថ្វី​ដ្បិត​តែ​រដ្ឋាភិបាល​បាន​ផ្អាក​គម្រោង​ជំនួយ​យោធា​នានា​របស់​អាមេរិក​ក្តី​ លោក​ Jay Raman​ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក​នៅ​កម្ពុជា​ ថ្លែង​ថា​សហរដ្ឋ​អាមេរិក​ នឹង​រិះរក​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​បន្ត​កិច្ច​សហការ​លើ​គម្រោង​ទាំង​នោះ​ ក្នុង​នោះ​រួមមាន​គម្រោង​មនុស្ស​ធម៌​នៅ​តាម​សហគមន៍​នៃ​ប្រទេស​កម្ពុជា៕