ចិន​បដិសេធ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​កូរ៉េ​ខាង​ជើង

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្រសួង​ការបរទេស​ នៅ​ក្នុង​ក្រុង​ប៉េកាំង។

រដ្ឋាភិបាល​ចិន​បាន​បដិសេធ​ចំពោះ​ទណ្ឌកម្ម​ថ្មីៗ​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រឆាំង​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​រុស្ស៊ី​មួយ​ចំនួន សម្រាប់​ការណ៍​ដែល​ក្រុមហ៊ុន​ទាំង​នេះ​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying បាន​និយាយ​នៅ​ឯ​សន្និសីទ​ព័ត៌មាន​មួយ​ថា ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​មិន​បាន​ជួយ​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន ក្នុង​ការ​រារាំង​សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ។

លោកស្រី​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​គួរ​តែ​កែប្រែ​កំហុស​របស់​ខ្លួន​ឲ្យ​បាន​ឆាប់ និង​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ចិន​ឲ្យ​មាន​ការ​ដាក់​កំហិត និង​ការ​ចរចា ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​បាន​លើក​ឡើង​ថា ទណ្ឌកម្ម​ទាំង​នេះ​គឺ​ជា​ការ​បំពេញ​បន្ថែម​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​អនុម័ត​កាល​ពី​ដើម​ខែ​នេះ ក្នុង​គោល​បំណង​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង និង​ថ្កោល​ទោស​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​នេះ។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​បញ្ចូល​ក្រុមហ៊ុន​ចំនួន ១០ និង​បុគ្គល​ចំនួន ៦ រូប ចូល​ទៅ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម ដែល​ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​ធ្យូង​ថ្ម ក្រុមហ៊ុន​ដែក​ថែប និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់​ចិន​ផង​ដែរ៕