ចិនបាននិយាយកាលពីថ្ងៃពុធថា ខ្លួន មិនមានបំណងជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះ ថ្វីបើលោកប្រធានាធិបតីដូណាល់ ត្រាំ បានអះអាងផ្ទុយពីនេះក៏ដោយ។
លោកប្រធានាធិបតីត្រាំ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធថា «ចិន នឹងធ្វើអ្វីៗដែលខ្លួនអាចដើម្បីឲ្យខ្ញុំចាញ់ការបោះឆ្នោតនេះ។ ចិនពេញចិត្តលោក Joe Biden គូប្រជែងខាងគណបក្សប្រជាធិបតេយ្យ។ លោកត្រាំ បាននិយាយទៀតថា ចិន ចង់ឲ្យលោក Biden ឈ្នះដោយចិនជឿថា លោក Biden នឹងបន្ធូរបន្ថយការដាក់សម្ពាធដែលលោកត្រាំ បានធ្វើលើរដ្ឋាភិបាលក្រុងប៉េកាំងតាមរយៈការយកពន្ធគយពាណិជ្ជកម្មនិងមធ្យោបាយផ្សេងៗទៀត។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា «យើងបាននិយាយម្តងហើយម្តងទៀតជាច្រើនលើកហើយថា ការបោះឆ្នោតសហរដ្ឋអាមេរិក ជាកិច្ចការផ្ទៃក្នុងរបស់អាមេរិក។ ចិន មិនបានចាប់អារម្មណ៍យកចិត្តទុកដាក់ជ្រៀតជ្រែកបញ្ហានេះទេ។ គ្រប់ពេលទាំងអស់ យើងសង្ឃឹមថា មនុស្សក្នុងសហរដ្ឋអាមេរិក នឹងមិនទាញចិនឲ្យចូលក្នុងនយោបាយបោះឆ្នោតនោះទេ»។
រដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំ បានស្តីបន្ទោសចិនចំពោះការរាលដាលជាសាកលនូវមេរោគកូរ៉ូណាដែលបានធ្វើឲ្យសហរដ្ឋអាមេរិកធ្លាក់ចូលក្នុងការមិនរីកចម្រើនសេដ្ឋកិច្ចហើយមេរោគនោះបានឆ្លងមនុស្សជាង១លាននាក់នៅក្នុងសហរដ្ឋអាមេរិកដែលមានចំនួនច្រើនជាងប្រទេសណាទាំងអស់រហូតមកទល់ពេលនេះ។
លោកប្រធានាធិបតីត្រាំ បាននិយាយក្នុងអំឡុងនៃការសម្ភាសន៍លោក បានស្វែងរកជម្រើសនានាដើម្បីស្តីបន្ទោសរដ្ឋាភិបាលក្រុងប៉េកាំងអំពីការរាលដាលជាសាកលនៃមេរោគកូរ៉ូណា ថ្វីបើចិនទទូចថា ខ្លួនបានឆ្លើយតបប្រកបដោយប្រសិទ្ធិភាពនៅក្នុងការផ្ទុះឡើងនូវមេរោគនោះក៏ដោយ៕