ប្រធានាធិបតីចិនលោក Xi Jinping បានពង្រឹងការគាំទ្ររបស់លោកចំពោះមេដឹកនាំមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi កាលពីថ្ងៃសៅរ៍ ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៣៣ ពាក់ព័ន្ធនឹងគម្រោងជាច្រើនដូចជាគម្រោងផ្លូវដែក និងកំពង់ផែជាដើម ដែលគម្រោងនេះអនុញ្ញាតឲ្យចិនអាចមានលទ្ធភាពចូលទៅកាន់មហាសមុទ្រឥណ្ឌាបាន និងអាចធ្វើឲ្យការដឹកជញ្ជូនប្រេង និងឧស្ម័ននាំចូលពីតំបន់ឈូងសមុទ្រពែកកាន់តែលឿនជាងមុន។
កិច្ចព្រមព្រៀងទាំងនេះត្រូវបានចុះហត្ថលេខានៅក្នុងរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃរបស់លោក Xi Jingping។ នេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ប្រមុខរដ្ឋចិនទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ។
ដំណើរទស្សនកិច្ចរបស់លោក Xi Jinping នេះបានធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រឈមនឹងការរិះគន់ខ្លាំងក្លានៅលើពិភពលោកទាក់ទិននឹងយុទ្ធនាការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៧ លើជាតិសាសន៍ Rohingya កាន់សាសនាឥស្លាម ដោយធ្វើឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងជិត ៧ សែន ៥ ម៉ឺននាក់រត់ភៀសខ្លួន។
ក្រុមអ្នកស៊ើបអង្កេតនៃអង្គការសហប្រជាជាតិបានហៅយុទ្ធនាការបង្ក្រាបនេះថាជាអំពើប្រល័យពូជសាសន៍ ដែលនេះជាការចោទប្រកាន់មួយដែលប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនៅឯតុលាការយុត្តិធម៌អន្តរជាតិ។
មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាផងដែរលើកិច្ចព្រមព្រៀងអំពីការតាំងទីលំនៅថ្មីរបស់ជនផ្លាស់ទីនៅក្នុងរដ្ឋ Kachin នៃប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនប្រទេសចិន និងកិច្ចព្រមព្រៀងផ្សេងទៀតទាក់ទងនឹងរឿងសន្តិសុខ កសិកម្ម និងព័ត៌មាន។
ប្រទេសចិនបានគាំទ្រប្រទេសមីយ៉ាន់ម៉ារឿងវិបត្តិ Rohingya រហូតមក ហើយឥឡូវនេះកំពុងបង្កើនការប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយនឹងមីយ៉ាន់ម៉ា ដែលជាប្រទេសមានទីតាំងយុទ្ធសាស្ត្រល្អនៅក្នុងតំបន់។
កិច្ចព្រមព្រៀងទាំងនេះគឺជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន ដែលជាគម្រោងអភិវឌ្ឍ និងវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅលើពិភពលោកដ៏មានមហិច្ឆតាមួយដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មពីតំបន់អាស៊ីខាងកើតទៅកាន់ទ្វីបអឺរ៉ុប៕